គេរំពឹងថាប្រធានាធិបតីស.រ.អា. Donald Trump និងលោកប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំងជាវរជនសំខាន់នៅក្នុងការជួបជុំគ្នាប្រចាំឆ្នាំនៃពួកមេដឹកនាំពិភពលោកនៅឯអ.ស.ប។ ក៏ប៉ុន្តែការគំរាមកំហែងខាងបរមាណូដោយប្រទេសកូរ៉េខាងជើង ស្ថានភាពពួកជនអំបូរភាគតិចកាន់សាសនាឥស្លាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ការរាលដាលនៃភេរវកម្ម និងផលប៉ះពាល់នៃការប្រែប្រួលធាតុអាកាសនឹងក្លាយជាបញ្ហាសំខាន់ៗនៅក្នុងការពិភាក្សាគ្នា។
មហាសន្និបាតអ.ស.ប.បើកការប្រជុំនៅព្រឹកថ្ងៃអង្គារនេះជាមួយសុន្ទរកថារបស់លោកអគ្គលេខាធិការអំពីស្ថានភាពពិភពលោក។ លោកបានចាប់ផ្តើមចូលរួមក្នុងការប្រជុំពួករដ្ឋមន្ត្រីនៃក្រុមប្រទេសជាសមាជិកអ.ស.ប.ជាមួយពួកមេដឹកនាំអាមេរិកាំង និងបារាំង។
លោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំងបាននិយាយយ៉ាងស្រងូតស្រងាត់អំពីការប្រជុំនេះដោយលោកបានថ្លែងប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃចន្ទថាការខ្វែងគំនិតគ្នា និងជម្លោះមានកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមត្រជាក់មកហើយថាកិច្ចសហប្រតិបត្តិការរវាងប្រទេសជាតិនានាមានការពិបាកជាងមុននៅក្នុងពិភពលោកមួយដែលមានការពឹងផ្អែកគ្នាទៅវិញទៅមកជាងពេលណាៗទាំងអស់។
មេដឹកនាំពិភពលោកច្រើននាក់ដែលខ្វល់ខ្វាយអំពីអាទិភាព និងមុខនាទីរបស់សហរដ្ឋអាមេរិកក្នុងពិភពលោកនឹងមានឱកាសដំបូងដើម្បីស្តាប់ និងជួបលោកប្រធានាធិបតី Trump។ ប្រធានាធិបតីអាមេរិកាំងរូបនេះនឹងថ្លែងសុន្ទរកថាក្រោយលោក Guterres និងប្រធានាធិបតីនៃប្រទេសប្រេស៊ីលដែលក្នុងរយៈពេលជាង៣៥ឆ្នាំជាមេដឹកនាំទីមួយដែលថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអ.ស.ប.មានសមាជិក១៩៣។
អ្នកថ្លែងសុន្ទរកថាសំខាន់ៗនៅថ្ងៃអង្គារនេះមានព្រះអង្គ Sheikh Tamim bin Hamad Al Thani នៃប្រទេសកាតា ដែលប្រទេសរបស់លោកបានត្រូវចោទ ប្រកាន់ដោយពួកប្រទេសអារ៉ាប់មួយក្រុមរួមមានប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាតអារ៉ាប់រួមថា គាំទ្រពួកភេរវជន ដែលជាការចោទប្រកាន់មួយប្រទេសកាតាបានបដិសេធ។ លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក៏នឹងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអ.ស.ប.ដែរ៕