នៅថ្ងៃពុធនេះ លោក Tomas Ojea Quintana ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង បានជួបប្រជុំជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Yun Byung-se នៅក្នុងទីក្រុងសេអ៊ូល ដើម្បីប្រឹក្សាយោបល់គ្នាអំពីគម្រោងដើម្បីឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ជូនសេចក្ដីសម្រេចមួយអំពីបញ្ហាកូរ៉េខាងជើង នាខែក្រោយនេះ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ សម្រាប់ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
សេចក្ដីសម្រេចនេះ ដំបូងត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ២០១៤ ប៉ុន្តែត្រូវបានជាប់គាំងនៅត្រឹមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កាលពីដើមឆ្នាំ ២០១៤ គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានចេញនូវរបាយការណ៍មួយ ដោយធ្វើការប្រៀបធៀបអំពើឃោរឃៅនៅក្នុងប្រទេសកូរ៉េខាងជើង ទៅនឹងអំពើឃោរឃៅដែលបានធ្វើឡើងដោយពួកណាស៊ី (Nazi) នៅក្នុងប្រទេសអាល្លឺម៉ង់។
របាយការណ៍នេះក៏បានកត់ត្រាអំពីបណ្ដាញគុកនយោបាយនៅក្នុងប្រទេសកូរ៉េខាងជើង ដែលបានដាក់ឃុំឃាំងមនុស្សចំនួនជិត ១ សែន ២ ម៉ឺននាក់ ដែលក្នុងនោះមានទាំងស្ត្រី និងកុមារផងដែរ។ របាយការណ៍នេះក៏បានរាយការណ៍អំពីការធ្វើបាបជាប្រព័ន្ធ ដែលក្នុងនោះមានទាំងការធ្វើទារុណកម្ម ទាសភាព ការចាប់រំលោភ និងការសម្លាប់ផងដែរ៕