ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងលោក Joe Biden ដែលគេសន្មតថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក បានប្រារព្ធព្រឹត្តិការណ៍ផ្សេងគ្នាក្នុងពេលដំណាលគ្នា កាលពីថ្ងៃអង្គារម្សិលមិញ ដោយផ្ដោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
នៅឯសេតវិមាន លោក Trump បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយ ដើម្បីធានាថា ពលរដ្ឋអាមេរិកាំងនឹងទទួលបាន «អាទិភាពទីមួយ» នៅក្នុងការបានចាក់វ៉ាក់សំាងកូវីដ១៩។
ដោយមិនបញ្ជាក់លម្អិត សេតវិមានបានឲ្យដឹងថា៖ «ក្រោមបទបញ្ជានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលទទួលបទបញ្ជាធ្វើយ៉ាងណាឲ្យពលរដ្ឋអាមេរិកាំងទទួលបានអាទិភាពក្នុងការបានចាក់វ៉ាក់សំាងកូវីដ១៩»។
មុនពេលចុះហត្ថលេខាលើបទបញ្ជានេះ លោក Trump បានថ្លែងទៅកាន់ក្រុមចែកចាយវ៉ាក់សាំងនៃគម្រោងសម្របសម្រួលនិងពន្លឿនការផលិតនិងចែកចាយវ៉ាក់សាំងកូវីដ១៩ (The Operation Warp Speed) និងក្រុមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់លោក អំពីគម្រោងចាក់វ៉ាក់សំាងទ្រង់ទ្រាយធំ។
លោក Trump បាននិយាយថា៖ «នៅប៉ុន្មានខែខាងមុខ តួលេខនៃករណីឆ្លងជំងឺកូវីដ១៩ នឹងធ្លាក់ចុះខ្លាំង។ នេះគឺភាពអស្ចារ្យបំផុតមួយនៃឱសថសម័យទំនើប»។
ចំណែកឯលោក Biden វិញ នៅឯទីក្រុង Wilmington រដ្ឋ Delaware ហាក់មិនសូវមានសុទិដ្ឋិនិយមប៉ុន្មានទេ នៅពេលដែលចំនួននៃករណីឆ្លងជំងឺកូវីដ១៩ និងករណីអ្នកជំងឺចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ បានកើនឡើងខ្លាំងជាងពេលណាៗទំាងអស់នៅក្នុងសហរដ្ឋអាមេរិក។
ដោយសន្យាថានឹងផ្ដល់ការចាក់វ៉ាក់សំាងឲ្យបាន ១០០ លានដូសក្នុងរយៈពេល ១០០ ថ្ងៃដំបូងបន្ទាប់ពីលោកចូលកាន់តំណែង លោក Biden បាននិយាយថា ការចាក់នេះនឹងមិនគ្រប់គ្រាន់សម្រាប់លុបបំបាត់ជំងឺកូវីដ១៩ ទេ ប៉ុន្តែ «យើងអាចកែប្រែស្ថានការណ៍នៃជំងឺនេះបាន»។
លោក Biden បានបញ្ជាក់ថា៖ «ក្នុងនាមជាប្រធានាធិបតីថ្មី ខ្ញុំនឹងថ្លែងដោយផ្ទាល់ទៅកាន់ប្រជាពលរដ្ឋអាមេរិកាំង ឲ្យពាក់ម៉ាស់ឲ្យបាន ១០០ ថ្ងៃ ដើម្បីជួយខ្លួនឯង ក្រុមគ្រួសាររបស់ខ្លួន និងសហគមន៍របស់ខ្លួន»៕