លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងជំនួយការរបស់លោក កាលពីថ្ងៃ អាទិត្យ បានបដិសេធយ៉ាងដាច់អហង្ការចំពោះសៀវភៅថ្មីមួយ ដែលបរិយាយលម្អិតអំពីភាពចលាចលក្នុងឆ្នាំទីមួយនៃការកាន់តំណែងក្នុងសេតវិមានរបស់លោក ត្រាំ ហើយសៀវភៅនោះក៏បានលើកឡើងថា លោក ត្រាំ មិនមានសតិបញ្ញាគ្រប់គ្រាន់ដើម្បីធ្វើជាមេដឹកនាំសហរដ្ឋអាមេរិកនោះទេ។
លោក ត្រាំ បាននិយាយនៅក្នុងប្រអប់បញ្ចេញមតិមួយលើបណ្តាញសង្គម Twitter ថា «ខ្ញុំត្រូវប្រឆាំងនឹងព័ត៌មានប្រឌិតតាំងពីថ្ងៃទីមួយដែលខ្ញុំប្រកាសថា ខ្ញុំនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ ហើយឥឡូវនេះ ខ្ញុំត្រូវប្រឆាំងនឹងសៀវភៅប្រឌិតមួយក្បាល ដែលសរសេរឡើងដោយអ្នកនិពន្ធម្នាក់ដែលមិនមានគុណសម្បត្តិទាល់តែសោះ»។
លោក ត្រាំ គឺចង់ថាឲ្យលោក Michael Wolff ដែលជាអ្នកកាសែតម្នាក់ ដែលបានសរសេរសៀវភៅ Fire and Fury: Inside the Trump White House ដោយផ្អែកទៅលើការសម្ភាសន៍ចំនួន២០០ទៅលើលោក ត្រាំ និងជំនួយការរបស់លោកជាច្រើននាក់ទៀត។ សៀវភៅដែលបានចេញលក់កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ បានពណ៌នាពីប្រតិបត្តិការមិនប្រក្រតីនៅក្នុងសេតវិមាន។
លោក ត្រាំ បានមានប្រសាសន៍ថា កាលពី៣០ឆ្នាំមុន ប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋម្នាក់គឺលោក Ronald Reagan ក៏បានប្រឈមមុខនឹងការចោទសួរអំពីបញ្ហាសុខភាពផ្លូវចិត្តរបស់លោកដែរ ប៉ុន្តែលោកអាចដោះស្រាយបញ្ហានោះបាន ដូច្នេះលោក ត្រាំ ថ្លែងថា លោកក៏អាចដោះស្រាយបញ្ហានេះបានដូចគ្នាដែរ។
លោក Stephen Miller ទីប្រឹក្សាគោលនយោបាយកំពូលរបស់លោក ត្រាំ បាននិយាយវាយប្រហារទៅលើអត្ថាធិប្បាយរបស់លោកStephen Bannon ដែលជាអតីតប្រធានយុទ្ធសាស្ត្ររបស់លោក ត្រាំ នៅក្នុងសៀវភៅនោះ ដែលចោទប្រកាន់លោក Donald Trump Jr. ដែលជាកូនប្រុសច្បងរបស់លោក ត្រាំ លោក Jared Kushner ដែលជាកូនប្រសាររបស់លោក ហើយបច្ចុប្បន្ននេះជាទីប្រឹក្សាសេតវិមានដ៏សំខាន់មួយរូប ហើយនិងលោក Paul Manafort ដែលជាអតីតប្រធានយុទ្ធនាការ ថាក្បត់ជាតិចំពោះជំនួបកាលពីក្នុងអំឡុងពេលធ្វើយុទ្ធនាការប្រធានាធិបតីឆ្នាំ២០១៦ ជាមួយនឹងរុស្ស៊ី ដោយអះអាងថា មានព័ត៌មានចោទប្រកាន់ទៅលើលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យដែលជាគូប្រជែងរបស់លោក ត្រាំ៕