ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​លោក Trump រងការ​រិះគន់​ជាថ្មី​ម្តង​ទៀត​ពី​ក្រុម​អ្នក​ការពារ​បរិស្ថាន


រូបឯកសារ៖ មេអំបៅ Monarch កំពុងទុំលើផ្កាមួយ។
រូបឯកសារ៖ មេអំបៅ Monarch កំពុងទុំលើផ្កាមួយ។

មូលនិធិ​ការពារ​បរិស្ថាន​បាន​ដឹកនាំ​ក្រុម​អ្នក​ការពារ​បរិស្ថាន​និង​សុខាភិបាល​ក្នុង​ការ​ដាក់​ពាក្យ​ប្តឹង​ស្រដៀង​គ្នា​នេះ​លើ​រដ្ឋបាល​លោក​ Trump។

មេអំបៅ Monarch គឺ​ជា ​ប្រភេទ​សត្វ​មួយ​ក្នុង​ចំណោម​ប្រភេទ​សត្វ​មួយ​លាន​ផ្សេង​ទៀត​ដែល​កំពុង​តស៊ូ​កុំ​ឲ្យ​ផុតពូជ​ពី​ពិភពលោក។

លោកស្រី Pam Moe ដែល​ជា​អ្នកស្ម័គ្រចិត្ត​សម្រាប់​គម្រោង​តាមដាន​ដង្កូវ​មេអំបៅ Monarch បាន​និយាយ​ថា៖

«ខ្ញុំ​ចាំ​នៅ​ពេល​ដែល​ខ្ញុំ​ធំឡើង​និង​ឃើញ​មេអំបៅ​នេះ​នៅ​គ្រប់​ទីកន្លែង​ហើយ​ឥឡូវ​យើង​មិន​ឃើញ​ពួកវា​នៅ​គ្រប់​កន្លែង​ដូច​មុន​ទៀត​នោះ​ទេ។ វាសនា​របស់​មេអំបៅ Monarch ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​»។

កាលពីដើម​សប្តាហ៍​នេះ​ រដ្ឋបាល​លោក Trump បាន​ប្រកាស​បទ​បញ្ញតិ្ត​ថ្មី​ដែល​នឹង​ធ្វើឲ្យ​ដំណើរ​ការអនុវត្ត​ច្បាប់​ស្តី​ពី​ប្រភេទ​សត្វ​ជិត​ផុតពូជ​ចុះខ្សោយ​ ដែល​អាច​នឹង​បន្ធូរបន្ថយ​ច្បាប់​រឹត​បន្តឹង​ដែល​ឧស្សាហកម្ម​ជីក​រក​រ៉ែ ប្រេង​ និង​ឧស្ម័ន​បាន​អះអាង​ថា​ រារាំង​ការ​វិនិយោគទុន។​

នៅ​សប្តាហ៍​នេះ​ផង​ដែរ មាន​រដ្ឋ​និង​ក្រុង​ចំនួន​ ២៩​បាន​ប្តឹង​ដើម្បី​ហាមឃាត់​រដ្ឋបាល​លោក Trump កុំឲ្យ​បន្ធូរបន្ថយ​ច្បាប់រឹតបន្តឹង​ទៅលើ​រោងចក្រ​ផលិត​ថាមពល​ធ្យូងថ្ម​ដែល​ជា​ប្រភព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ការណ៍​នេះ​គឺ​ជា​ ដំណើរ​ចុងក្រោយ​បង្អស់​នៃ​សង្រ្គាម​ថាមពល​ធ្យូងថ្ម។

មូលនិធិ​ការពារ​បរិស្ថាន​បាន​ដឹកនាំ​ក្រុម​អ្នក​ការពារ​បរិស្ថាន​និង​សុខាភិបាល​ក្នុង​ការ​ដាក់​ពាក្យ​ប្តឹង​ស្រដៀង​គ្នា​នេះ​លើ​រដ្ឋបាល​លោក​ Trump។

លោក Tomas Carbonell ដែល​ជា​មេធាវី​នៃ​មូលនិធិ​ការពារ​បរិស្ថាន​បាន​មាន​ប្រសាសន៍​ថា៖

«​ច្បាប់​ស្តីពី​រោងចក្រ​ផលិត​ថាមពល​ស្អាត​គឺ​ជា​ ផ្នែក​មួយ​នៃ​ការវាយប្រហារ​ជា​ប្រវត្តិសាស្ត្រ​និង​មិនដែល​មាន​ពី​មុន​មក​ទៅ​លើ​ការ​ការពារ​បរិយាកាស​និង​ខ្យល់​ស្អាត​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋបាល​លោក Trump។​

ពាក្យ​បណ្តឹង​ទាំងនេះ​ខិតខំ​ការពារ​ច្បាប់​ស្តីពី​រោងចក្រ​ផលិត​ថាមពល​ស្អាត​ដែល​បាន​ណែនាំ​ដោយ​លោក​ប្រធានាធិបតី Obama នៅ​ក្នុង​ឆ្នាំ​២០១៥។ ច្បាប់​នេះ​ដាក់កំហិត​ទៅ​លើ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ពី​រោងចក្រ​ផលិត​ថាមពល​នៅ​ទូទាំង​ប្រទេស។​

លោក Obama បាន​ថ្លែង​នា​ពេលនោះ​ថា៖

«​ត្រឹម​ឆ្នាំ​២០៣០ ផ្សែង​បំពុល​កាបូន​ដែល​ចេញ​ពី​រោងចក្រ​ផលិត​ថាមពល​របស់​យើង​នឹង​ធ្លាក់​មក​ត្រឹម​៣២​ភាគរយ​ទាប​ជាង​តួលេខ​កាល​ពី​មួយ​ទសវត្សរ៍​មុន»។

កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី Trump បាន​ជំនួស​ច្បាប់​ស្តី​ពី​រោងចក្រ​ផលិត​ថាមពល​ស្អាត​ដោយ​ច្បាប់​ស្តី​ពី​ថាមពល​ស្អាត​និង​ចំណាយ​ទាប។ ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​រដ្ឋ​ទាំងអស់​កម្រិត​ឧស្ម័ន​កាបូន​របស់​ពួកគេ​ដើម្បី​ជំរុញ​បង្កើន​ឧស្សាហកម្ម​ធ្យូងថ្ម។ អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា​ច្បាប់​ថ្មី​នេះ​មិន​អើពើ​នឹង​ការទទួលខុសត្រូវ​ផ្នែក​ច្បាប់​របស់​រដ្ឋាភិបាល​ក្នុង​ការ​កម្រិត​ឧស្ម័ន​ផ្ទះកញ្ចក់​នោះទេ។

លោក​ប្រធានាធិបតី Trump បាន​ឈរ​ឈ្មោះ​ម្តងទៀត​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​ដែល​លោក​ជាញឹកញយ​ចាត់ទុក​បញ្ហា​បរិស្ថាន​ថា​កំពុង​ធ្វើឲ្យ​សេដ្ឋកិច្ច​ពិបាក។

លោក​ប្រធានាធិបតី Trump បាន​ថ្លែង​ថា៖

«រាល់​មេដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ស្បថ​ថា​នឹង​លុបបំបាត់​ថាមពល​ផូស៊ីល​ដែល​នាំឲ្យ​បាត់បង់​ការងារ​រាប់​លាន​សម្រាប់​ពលរដ្ឋ​អាមេរិកាំង បំផ្លិចបំផ្លាញ​សហគមន៍​និង​ធ្វើឲ្យ​រោងចក្រ គ្រួសារ​និង​ពលរដ្ឋ​ចំណាស់​ជាច្រើន​មាន​ការ​លំបាកនៅ​ទូទាំង​តំបន់​»។​

ប៉ុន្តែ​ការស្ទង់មតិ​របស់​កាសែត Washington Post និង​ABC News កាល​ពី​ពេលថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ៦២​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិកាំង​មិន​គាំទ្រ​គោលនយោបាយ​របស់​លោក​ Trump ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នោះ​ទេ។

លោក Tomas Carbonell នៃ​មូលនិធិ​ការពារ​បរិស្ថាន​បាន​មាន​ប្រសាសន៍​ថា៖

«តាមពិតទៅ ពលរដ្ឋ​អាមេរិកាំង​ពិតជា​ចង់បាន​ខ្យល់​ស្អាត ទឹក​ស្អាត​និង​បរិយាកាស​សុវត្ថិភាព​មួយ ហើយ​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​មិន​ចង់​ឲ្យ​មាន​ការ​ដើរថយក្រោយ​ទាំង​អស់​នោះ​កើតឡើង​នោះ​ទេ។ ដូច្នេះ រដ្ឋបាល​លោក Trump ​កំពុង​ព្រងើយកន្តើយ​នឹង​បំណង​ប្រាថ្នា​របស់​សាធារណជន​ក្នុង​ការ​បន្ត​ទៅមុខ​ជាមួយ​នឹង​ការ​ដើរថយក្រោយ​ទាំងអស់​នេះ​។ នៅ​ក្នុង​ករណី​ជាច្រើន​ ពួកគេ​បា្រកដ​ណាស់​កំពុង​ព្រងើយកន្តើយ​នឹង​បំណង​ប្រាថ្នា​របស់​ឧស្សាហកម្ម​ដែល​បាន​ចុះ​បទ​បញ្ញតិ្ត​ត្រឹមត្រូវ​»។

ប៉ុន្តែ​នៅ​ក្នុង​រដ្ឋ​ដែល​ផលិត​ថាមពល​ធ្យូងថ្ម​ដូចជា West Virginia ​និង Wyoming គោលជំហរ​របស់​លោក Trump ចំពោះ​បញ្ហា​បរិស្ថាន​ធ្វើឲ្យ​លោក​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន។ សំឡេង​គាំទ្រ​លោក Trump នៅ​ក្នុង​រដ្ឋ​ទាំង​ពីរ​នេះ​គឺ​ខ្ពស់​ជាង​តួលេខ​មធ្យម​ជាតិ​៕

ប្រែសម្រួល​ដោយ​កញ្ញា លី វួចនា

XS
SM
MD
LG