ក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់ការរឹតត្បិតថ្មីលើអ្នកការទូតចិនដែលធ្វើការនៅក្នុងសហរដ្ឋអាមេរិក។
នៅក្រោមវិធានការថ្មីដែលបានប្រកាសកាលពីថ្ងៃពុធដោយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ពួកអ្នកការទូតជាន់ខ្ពស់ចិន ត្រូវតែទទួលការអនុញ្ញាតជាមុនដើម្បីទៅបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលសាកលវិទ្យាល័យឬជួបជាមួយពួកមន្រ្តីរដ្ឋាភិបាលមូលដ្ឋាន និងដើម្បីរៀបចំពិធីវប្បធម៌ណាមួយនៅខាងក្រៅស្ថានទូតឬស្ថានកុងស៊ុលចិន ប្រសិនបើមានអ្នកចូលរួមលើសពី៥០នាក់ឡើងទៅ។
លោក Pompeo ក៏បាននិយាយដែរថា រដ្ឋបាលរបស់លោក Donald Trump នឹងតម្រូវឲ្យរដ្ឋាភិបាលចិនបង្ហាញអត្តសញ្ញាណខ្ទង់គណនីយបណ្តាញព័ត៌មានសង្គមទាំងអស់ដែលរៀបចំចាត់ចែងដោយរដ្ឋាភិបាល។
លោករដ្ឋមន្រ្តីការបរទេស Pompeo បានមានប្រសាសន៍ទៀតថា ការដាក់ការរឹតត្បិតស្រដៀងគ្នាលើអ្នកការទូតអាមេរិកាំងដែលកំពុងធ្វើការងារក្នុងប្រទេសចិនជាហេតុផលសម្រាប់ដាក់ការរឹតត្បិតលើពួកអ្នកការទូតចិននៅក្នុងសហរដ្ឋអាមេរិក។
លោករដ្ឋមន្រ្តីនិយាយទៀតថា «យើងគ្រាន់តែទាមទារតបតវិញប៉ុណ្ណោះ»។
ស្ថានទូតចិននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ដោយបានហៅចំណាត់ការនេះថាជា«ការរឹតត្បិតនិងឧសគ្គមិនសមហេតុផលមួយទៀតលើបុគ្គលិកការទូតនិងស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក»។
ការរឹតត្បឹតថ្មីលើអ្នកការទូតចិននៅក្នុងសហរដ្ឋអាមេរិកជាសញ្ញាថ្មីបំផុតនៃទំនាក់ទំនងកាន់តែអាក្រក់ឡើងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត២របស់ពិភពលោក។ ភាគីទាំង២បានប៉ះទង្គិចគ្នាលើបញ្ហាជាច្រើន រួមមានពាណិជ្ជកម្ម បច្ចេកវិទ្យា ច្បាប់សន្តិសុខជាតិថ្មីដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងប៉េកាំងលើទីក្រុងហុងកុង និថអាកប្បកិរិយាគឃ្លើនកាន់តែខ្លាំងឡើងរបស់ចិនចំពោះកោះតៃវ៉ាន់៕