រថយន្តដឹកទំនិញមួយគ្រឿងបានបើកបោះពួយសំដៅទៅផ្សារលក់ឧបករណ៍សម្រាប់តុបតែងថ្ងៃបុណ្យណូអែលមួយដែលមានមនុស្សច្រើនកុះករ ដែលស្ថិតនៅកណ្តាលក្រុងប៊ែកឡាំង និងបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន៩នាក់ស្លាប់ និង៥០នាក់ផ្សេងទៀតរងរបួស។
ប៉ូលិសនិយាយថា រថយន្តដឹកទំនិញនោះបានបើកសំដៅទៅកាន់ផ្សារដែលស្ថិតនៅខាងក្រៅវិហាររំឭកវិញ្ញាណក្ខន្ធអធិរាជ Kaiser Wilhelm ដែលជាវិហារប្រវត្តិសាស្រ្តកាលពីថ្ងៃល្ងាចថ្ងៃចន្ទ។ សាក្សីបានពណ៌នាហេតុការណ៍នោះថា ធ្វើឡើងដោយមានចេតនា។
កាសែត Bild របស់អាល្លឺម៉ង់បានចេញផ្សាយថា អ្នកបើករថយន្តដឹកទំនិញនោះបានរត់គេចខ្លួនពីកន្លែងកើតហេតុ។ ប៉ុន្តែអាជ្ញាធរមិនបានបកស្រាយបំភ្លឺទេចំពោះសេចក្តីរាយការណ៍នានាដែលចេញផ្សាយថា អ្នកបើកបររថយន្តដែលជាជនសង្ស័យបានគេចខ្លួន និងខ្លះទៀតថា ជនសង្ស័យត្រូវបានចាប់ខ្លួននោះ។
រូបថតពីកន្លែងកើតហេតុបង្ហាញពីបំណែករថយន្តបាចសាចនៅកន្លែងកើតហេតុ។ សាក្សីត្រូវបានគេស្រង់សម្តីថា រថយន្តនោះបើកក្នុងល្បឿនលើសពី៦០គីឡូម៉ែត្រក្នុងមួយម៉ោងខណៈពេលកើតហេតុ៕