ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​វាយឆ្មក់​ជំរំ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​


ទាហានរុះរើ​​បដា​ប្រឆាំង​រដ្ឋាភិបាល​ដែល​មាន​ដាក់​នៅ​ជំរំ​បាតុករ​មួយ​កន្លែង​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី​ស្រីលង្កា នៅ​រដ្ឋធានី​កូឡុំបូ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២២។
ទាហានរុះរើ​​បដា​ប្រឆាំង​រដ្ឋាភិបាល​ដែល​មាន​ដាក់​នៅ​ជំរំ​បាតុករ​មួយ​កន្លែង​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី​ស្រីលង្កា នៅ​រដ្ឋធានី​កូឡុំបូ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២២។

កងទ័ព​ស្រីលង្កា​បាន​រុះរើ​ទីកន្លែង​ការ​តវ៉ា​ប្រឆាំង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​រដ្ឋធានី​កូឡុំបូ ​និង​ជា​ទីស្នាក់​ការ​ធំ​របស់​ពួក​បាតុករ​ដែល​បាន​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​រដ្ឋាភិបាល​អស់​រយៈពេល​មួយ​ខែ។​

ចំណាត់ការ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ជា​សញ្ញា​ថា​ ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​លោក​ Ranil Wickremesinghe ​នឹង​បង្ក្រាប​លើ​ពួក​អ្នក​ធ្វើ​យុទ្ធនាការ​ដែល​បាន​បង្ខំ​ឱ្យ​មាន​ការ​បណ្តេញ​អ្នក​កាន់​តំណែង​មុន​លោក។

កងទ័ព​ និង​កង​កុំម៉្មង់ដូ​ប៉ូលិស​រាប់​រយ​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​ និង​ដំបង​ បាន​ប្រមូល​ផ្តុំនៅ​ខាង​ក្រៅ​ការិយាល័យ​ប្រធានាធិបតី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ដើម្បី​បណ្តេញ​ពួក​បាតុករ ​ហើយ​បាន​កម្ទេច​តង់​របស់​ពួក​បាតុករ​ និង​បាន​ដក​បដា​ចេញ​នៅ​ខាង​ក្រៅ​ច្រក​ទ្វារដ៏​សំខាន់​មួយ​របស់ការិយាល័យ​ប្រធានាធិបតី។​

សកម្មភាព​របស់​ប៉ូលិស​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​លោក​ Wickremesinghe​ ដែល​ពួក​បាតុករ​បាន​ប្រឆាំង​ផង​ដែរ​នោះ ​បាន​ស្បថ​ចូល​កាន់​តំណែង។​

លោក​ Shabeer Mohamed​ ដែល​ជា​អ្នក​កាសែត​បាន​ប្រាប់​ VOA​ ថា ​នៅពេល​ដែល​គាត់​បាន​ទៅ​ទីកន្លែង​បាតុកម្ម​នោះ​នៅ​ប្រហែល​ម៉ោង​១:៣០​នាទី​ព្រឹក ​លោក​ត្រូវ​បាន​គេ​រារាំង​មិន​ឱ្យ​ចូល។​
លោក​បាន​និយាយ​ថា ​ផ្លូវ​ចេញ​ចូល​ទាំង​អស់​បាន​ត្រូវ​គេ​បិទ។ ​ទាហាន​ម្នាក់​បាន​វាយលោក​ចំខ្នង​

ហើយ​បាន​យក​ទូរស័ព្ទ​របស់​លោក​បោះ​ចោល។​ ពួកគេ​បាន​រើ​តង់​ស្នាក់​នោះចេញ។ ​
មនុស្ស​ជា​ច្រើន​បាន​ត្រូវ​គេ​រាយ​ការណ៍​ថា ​បាន​ត្រូវ​ចាប់​ខ្លួន​ក្នុង​អំឡុង​នៃ​ការ​វាយ​ឆ្មក់​ រីឯ​មនុស្ស​ជាច្រើន​បាន​រង​របួស។​

ក្នុង​ការ​ថ្កោលទោស​ចំពោះ​ចំណាត់ការ​នេះ ​ សមាគម​មេធាវី​របស់​ស្រីលង្កា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​ ការ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​បង្ក្រាប​លើ​ការ​តវ៉ា​របស់​ជន​ស៊ីវិល​នៅ​ថ្ងៃ​កាន់​តំណែង​ទី១​របស់​ប្រធានាធិបតី​នឹង​មាន​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​លើ​ស្ថិរភាព​សង្គម ​សេដ្ឋកិច្ច​ និង​នយោបាយ។ ​សមាគម​មេធាវី​នោះ​បាន​និយាយ​ថា ​មេធាវី​២នាក់​ដែល​បាន​ទៅកាន់​ទីកន្លែង​នោះ​ត្រូវ​បាន​គេបំពាន៕

XS
SM
MD
LG