សភាស្រីលង្កាកាលពីថ្ងៃពុធ បានជ្រើសរើសនាយករដ្ឋមន្ត្រីប្រាំមួយលើក គឺលោកRanil Wickremesinghe ឱ្យធ្វើជាប្រធានាធិបតីថ្មីរបស់ប្រទេសដែនកោះដែលមានបញ្ហានេះ។ លោក Wickremesinghe អាយុ៧៣ឆ្នាំទទួលបានសម្លេង១៣៤នៅក្នុងសភាដែលមានសមាជិកចំនួន២២៥នាក់នៅក្នុងការបោះឆ្នោតសម្ងាត់នៅថ្ងៃពុធនេះដោយមានសម្លេងចំនួន៨១បោះឱ្យលោក Dullas Alahapperuma ដែលជាអតីតអ្នកកាសែតដែលបានដឹកនាំក្រសួងជាច្រើនរបស់រដ្ឋាភិបាលក្នុងនាមជាសមាជិកនៃគណបក្សកំពុងកាន់អំណាច។ លោក Anura Dissanayakeមេដឹកនាំគណបក្សឆ្វេងនិយម ទទួលបានតែបីសំឡេងប៉ុណ្ណោះ។
ការបោះឆ្នោតនេះធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីលោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កា ចំពេលមានការបះបោររបស់ប្រជាជនដែលមានអំពើហិង្សាជាញឹកញាប់ដោយសារវិបត្តិសេដ្ឋកិច្ចរយៈពេលជាច្រើនខែ ដែលបានធ្វើឱ្យប្រទេសនេះមិនអាចនាំចូលស្បៀងអាហារ ប្រេងឥន្ធនៈ ឬថ្នាំពេទ្យ ដោយសារតែទុនបំរុងជារូបិយបណ្ណបរទេសធ្លាក់ចុះខ្លាំង។
ការចាកចេញរបស់លោក Rajapaksa និងការលាលែងពីតំណែងជាបន្តបន្ទាប់ បានបញ្ចប់ការកាន់កាប់របស់គ្រួសារលោករយៈពេលពីរទសវត្សរ៍នៅប្រទេសស្រីលង្កា។ បងប្អូនប្រុសរបស់លោកគឺលោក Mahinda និង Basil បានលាឈប់ពីមុខតំណែងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ កាលពីប៉ុន្មានសប្តាហ៍មុន ចំពេលមានការកើនឡើងនៃបាតុកម្មប្រឆាំងរដ្ឋាភិបាល។
លោក Wickremesinghe នឹងបន្តបញ្ចប់អាណត្តិរបស់លោក Rajapaksa ដែលនៅសេសសល់រហូតដល់ខែវិច្ឆិកាឆ្នាំ២០២៤។ លោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីក្នុងខែឧសភា បន្ទាប់ពីការលាលែងពីតំណែងរបស់ លោក Mahinda Rajapaksa ហើយលោកកំពុងចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិរកកញ្ចប់ថវិកាសង្គ្រោះរាប់ពាន់លានដុល្លារ។
ប៉ុន្តែក្រុមបាតុករបានចោទប្រកាន់លោក Wickremesinghe ថា ស្និទ្ធនឹងគ្រួសារលោក Rajapaksa ខ្លាំងពេក ហើយបានទាមទារឱ្យលោកលាលែងពីតំណែងផងដែរ។ ការបោះឆ្នោតនៅថ្ងៃពុធនេះគឺជាលើកទីមួយហើយដែលសភារបស់ប្រទេសស្រីលង្កាបានជ្រើសរើសប្រធានាធិបតីថ្មីចាប់តាំងពីឆ្នាំ១៩៩៣នៅពេលដែលលោកនាយករដ្ឋមន្រ្តី D.B. Wijetunga ត្រូវបានជ្រើសរើសជាឯកច្ឆ័ន្ទឱ្យបន្តតំណែងលោកប្រធានាធិបតី Ranasinghe Premadasa ដែលត្រូវបានធ្វើឃាត៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press និង Reuters)