ក្រុមបាតុករប្រឆាំងរបបយោធាមីយ៉ាន់ម៉ា បានប្រមូលផ្តុំគ្នាថែមទៀតនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា យោធាបានបាញ់សម្លាប់មនុស្ស៩នាក់ មួយថ្ងៃមុន ហើយធនាគារពិភពលោក បានព្រមានថា សេដ្ឋកិច្ចប្រទេសនេះ អាចធ្លាក់ចុះ១០% នៅឆ្នាំនេះ ដោយសារភាពវឹកវរតាំងពីមានរដ្ឋប្រហារកាលពីខែមុន។
ដើម្បីបង្កើនសម្ពាធលើរបបយោធាដែលធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ សហរដ្ឋអាមេរិកនិងអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនធំៗគ្រប់គ្រងដោយយោធាដោយក្រុងវ៉ាស៊ីនតោន ការហៅការដាក់ទណ្ឌកម្មថា ជាការឆ្លើយតបទៅនឹង«ការបង្ក្រាបឃោរឃៅ»របស់យោធា។
បណ្តាញព័ត៌មានរាយការណ៍ថា ការតវ៉ាដោយដុតភ្លើងទៀនបំភ្លឺ បានកើតឡើងនៅទូទាំងប្រទេសពេញមួយយប់នៅតំបន់ Mandalay និង Sagaing ហើយនឹងនៅរដ្ឋការ៉ែន និងរដ្ឋឈិន។
សាក្សីបាននិយាយថា ក្រុមមនុស្សប្រមាណ១០០នាក់ បានវាយស្គរតវ៉ានៅទីប្រជុំជនSule នៃទីក្រុងរ៉ង់ហ្គូន មុនពេលកម្លាំងសន្តិសុខដេញ។ បាតុករម្នាក់ឈ្មោះ Phone Naing ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «សង្រ្គាមនេះមិនចប់ទេ លុះត្រាយើងឈ្នះ។ ខ្ញុំនឹងប្រឆាំងនឹងពួកគេតាមដែលយើងអាចធ្វើបាន»។
បណ្តាញព័ត៌មាន Mizzima បានរាយការណ៍ថា នៅMandalay ដែលជាទីក្រុងធំទី២របស់មីយ៉ាន់ម៉ា ក្រុមអ្នកតវ៉ាបានដើរក្បួននៅព្រឹកថ្ងៃសុក្រ នៅមុខបដាដែលសរសេរថា «ចលនាស៊ីវិលប្រឆាំង»។
ក្រុមអ្នករៀបចំបាតុកម្ម បានអំពាវនាវឱ្យមានការតវ៉ាយ៉ាងទូលំទូលាយនៅថ្ងៃសៅរ៍ ដែលជាទិវាកងកម្លាំងប្រដាប់អាវុធរំឭកការចាប់ផ្តើមតស៊ូប្រឆាំងការកាន់កាប់របស់ជប៉ុននៅឆ្នាំ១៩៤៥។
នៅមីយ៉ាន់ម៉ា មានការតវ៉ាស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីពេលកងទ័ពបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី និងបង្កើតរបបយោធា។
យ៉ាងហោចណាស់មនុស្ស៣២០នាក់ ត្រូវបានសម្លាប់បន្ទាប់ពីការបង្ក្រាប។ នេះបើយោងតាមតួលេខរបស់ក្រុមសកម្មជនសមាគមជួយអ្នកទោសនយោបាយ។ យ៉ាងហោចណាស់២៥ភាគរយនៃអ្នកទាំងនោះ ស្លាប់ដោយការបាញ់ចំក្បាល៕