នៅព្រឹកថ្ងៃអង្គារនេះ តុលាការក្រុងភ្នំពេញនឹងបើកសវនាការសារជាថ្មីលើសំណុំរឿងមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់ ដែលជាប់ចោទពីបទធ្វើកុប្បកម្មប្រឆាំងរដ្ឋាភិបាល កាលពីខែកក្កដា ឆ្នាំមុននោះ ដែលធ្វើឲ្យកម្លាំងសន្តិសុខដែលជួលដោយសាលាក្រុងភ្នំពេញរងរបួស។
លោក ជូង ជូងី មេធាវីមួយរូបក្នុងចំណោមមេធាវីការពារក្តីឲ្យមន្ត្រី និងសកម្មជនទាំង១១រូបរបស់គណបក្សសង្គ្រោះជាតិ បានប្រាប់វីអូអេខេមរភាសាថា បន្ទាប់ពីការពន្យារពេលជាច្រើនលើករួចមក តុលាការក្រុងភ្នំពេញនឹងចាប់ផ្តើមសវនាការសារជាថ្មី តែលោកមិនរំពឹងថា តុលាការនឹងអាចធ្វើការនេះចប់នាពេលឆាប់នោះទេ។
«តាមការព្យាករណ៍គឺជនជាប់ចោទទាំងអស់គ្នា១១រូបត្រូវចូលរួម។ វាពិបាកក្នុងការឆាប់ចប់ណាស់ ពីព្រោះជនរងគ្រោះច្រើននាក់។ វាទៅដល់ជាង៣០នាក់ឯណោះទាំងអស់។ វាជារឿងល្អដែលតុលាការគាត់បើកសវនាការនេះ ព្រោះវានឹងឆាប់ចប់ ហើយកូនក្តីរបស់ខ្ញុំក៏ចង់ឲ្យឆាប់ចប់ដែរ។ វាយូរហើយរឿងហ្នឹង»។
ទោះជាយ៉ាងនេះក៏ដោយ មេធាវីរូបនេះក៏នៅតែស្នើឲ្យតុលាការពន្លឿនការកាត់សេចក្តីឲ្យចប់ក្នុងពេលឆាប់ៗ។
ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១រូប រួមទាំងលោក មាជ សុវណ្ណារ៉ា ប្រធានក្រុមព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទពីបទចូលរួម និងដឹកនាំកុប្បកម្មប្រឆាំងនឹងរដ្ឋាភិបាល បន្ទាប់ពីមានអំពើហិង្សាមួយនៅក្បែរទីលានប្រជាធិបតេយ្យនាថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៤។ តុលាការសំអាងថា កងសន្តិសុខយ៉ាងហោចណាស់៣០នាក់ ដែលជួលដោយសាលាក្រុងភ្នំពេញ បានរងរបួសក្នុងអំពើហិង្សានោះ។
មន្ត្រី និងសកម្មជននយោបាយទាំង១១នាក់ត្រូវបានដាក់ឲ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នជាបន្តបន្ទាប់រួមទាំងលោក មាជ សុវណ្ណារ៉ា ដែលជាប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិផងដែរ។ ការដោះលែងសកម្មជនទាំងនោះគឺធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលគណបក្សនយោបាយធំៗទាំងពីរបានឯកភាពខាងនយោបាយ និងយល់ព្រមបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីមួយកាលពីដើមខែមុននេះ។
លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា រូបលោក និងសកម្មជននយោបាយ១០រូបផ្សេងទៀតនឹងចូលរួមសវនាការនៅព្រឹកថ្ងៃអង្គារនេះ ដោយរំពឹងថា តុលាការនឹងធ្វើការសម្រេចឲ្យបានចប់រួចរាល់ក្នុងពេលឆាប់ៗ បន្ទាប់ពីគណបក្សនយោបាយទាំងពីរបានត្រូវរ៉ូវគ្នារួចហើយ។ ហើយរឿងរបស់លោកគឺជារឿងនយោបាយក្នុងអំឡុងពេល ដែលគណបក្សទាំងពីរនេះមានអរិភាពនឹងគ្នា។
«អញ្ចឹងខ្ញុំសង្ឃឹមថា បើពិតជាតុលាការឯករាជ្យគឺខ្ញុំមិនមានកំហុសទេ ព្រោះថារឿងនេះជារឿងនយោបាយ ហើយត្រូវបញ្ចប់ដោយនយោបាយ។ ហើយនយោបាយជាប់គាំងមិនជាប់គាំងដោយសារថ្នាក់ដឹកនាំទាំងពីរបានបញ្ចប់ដោយវប្បធម៌សន្ទនារួចហើយ»។
លោកបានបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ដែលជាថ្នាក់ដឹកនាំគណបក្សនយោបាយធំៗទាំងពីរបានឯកភាពនយោបាយ និងបន្តវប្បធម៌សន្ទនា ដោយមិនធ្វើការគំរាមកំហែង ឬដាក់ទោសទណ្ឌចំពោះគ្នានឹងគ្នានោះទេ។ ហើយការចោទប្រកាន់ និងការកាត់ទោសសកម្មជននយោបាយដូចរូបលោក និង១០នាក់ផ្សេងទៀតគួរតែបញ្ចប់ផងដែរ៕