ចៅក្រមសហព័ន្ធបានថ្លែងកាលពីថ្ងៃអង្គារម្សិលមិញថា កាលបរិច្ឆេទដែលត្រូវបានស្នើឡើងដោយក្រុមរដ្ឋអាជ្ញាដើម្បីបើកសវនាការកាត់ក្តី លោក Paul Manafort អតីតប្រធានយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Trump និងដៃគូអាជីវកម្មរបស់លោក នៅពាក់កណ្តាលខែឧសភានេះ គឺមានរយៈពេលឆាប់ពេក ហើយថាដំណើរការសវនាការអាចពន្យារពេលរហូតដល់ចុងឆ្នាំនេះ។
លោក Robert Muller រដ្ឋអាជ្ញាពិសេស ដែលកំពុងដឹកនាំការស៊ើបអង្កេតលើករណីជ្រៀតជ្រែករបស់រុស្ស៊ី បានបញ្ជាក់នៅក្នុងឯកសារបណ្តឹងកាលពីសប្តាហ៍មុនថា ពួកគេស្នើឲ្យបើកសវនាការកាត់ក្តីលោក Manafort និងអតីតដៃគូអាជីវកម្មរបស់លោក គឺលោក Rick Gates នៅថ្ងៃទី១៤ ខែឧសភា។ លោកស្រី Amy Jackson ចៅក្រមតុលាការសហព័ន្ធ កាលពីថ្ងៃអង្គារថ្លែងថា ពួកគេត្រូវការពេលប្រហែល៣សប្តាហ៍ ដើម្បីធ្វើការកាត់ទោសលើករណីនេះ។
ប៉ុន្តែមេធាវីការពារក្តីលោក Manafort និងលោក Gates បានតវ៉ាប្រឆាំង ថាការិយាល័យរបស់លោក Muller មិនបានបង្ហាញភស្តុតាងគ្រប់គ្រាន់ដើម្បីប្តឹងកូនក្តីរបស់ខ្លួនទេ ហើយថាកាលបរិច្ឆេទដែលស្នើឡើងដោយរដ្ឋអាជ្ញាពិសេសនោះ នឹងមិនផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ពួកគេ ដើម្បីពិនិត្យមើលអ្វីៗគ្រប់យ៉ាងបាននោះទេ។
លោកស្រីចៅក្រម Jacksonបានយល់ស្របទៅនឹងការពន្យារពេលនេះ រហូតដល់ចុងខែកញ្ញា ឬដល់ចុងខែតុលា៕