ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​តម្លាភាព​កម្ពុជា​ប្រកាស​មិន​ចូលរួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ខែ​កក្កដា


រូប​ថត​ ថត​ពី​គេហទំព័រ Transparency International Cambodia ឬ​អង្គការ​តម្លាភាព​កម្ពុជា បង្ហាញ​ពី​សេចក្តី​ប្រកាស​ព័ត៌មាន​មិនចូលរួម​សង្កេត​ការណ៍​ការ​បោះឆ្នោត​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០១៨។ (រូបថត៖ ថត​ពី​គេហទំព័រ Transparency International Cambodia)
រូប​ថត​ ថត​ពី​គេហទំព័រ Transparency International Cambodia ឬ​អង្គការ​តម្លាភាព​កម្ពុជា បង្ហាញ​ពី​សេចក្តី​ប្រកាស​ព័ត៌មាន​មិនចូលរួម​សង្កេត​ការណ៍​ការ​បោះឆ្នោត​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០១៨។ (រូបថត៖ ថត​ពី​គេហទំព័រ Transparency International Cambodia)

អង្គការ​តម្លាភាព​កម្ពុជា​ដែល​ធ្លាប់ចូល​រួម​ឃ្លាំ​មើល​ការ​បោះឆ្នោត​យ៉ាង​សកម្ម​នោះ​បាន​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា​ខាង​មុខ។​ នេះ​ជា​អង្គការ​សង្គម​ស៊ីវិល​ទី៣​​​បន្ទាប់​ពី​អង្គការ​ ​Comfrel ​ និង​Nicfec​​ បាន​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ដោយ​សំអាង​​ថា​ ​រង​សម្ពាធ​ពី​រដ្ឋា​ភិបាល​កម្ពុជា។

អង្គការ​តម្លាភាព​កម្ពុជា​ប្រកាស​នៅ​ថ្ងៃពុធ​នេះ​ថា​ ខ្លួនមិន​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ជាតិ​នា​ចុង​ខែ​កក្កដា​នេះ​ទេ​ ដោយ​អះអាង​ថា​ ​ស្ថាន​ភាព​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោតធ្វើ​ឲ្យ​ខ្លួន​មិន​អាច​ប្រមូល​ធនធាន​គ្រប់​គ្រាន់​ដើម្បីរួម​ចំណែក​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ខាង​មុខ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​តម្លាភាព​កម្ពុជា​ ចេញ​នៅ​ថ្ងៃ​ទី២០ខែ​មិថុនា​នេះ​ បញ្ជាក់​ថា​ ​កន្លង​មក​អង្គការ​តម្លាភាព​ធ្លាប់​បាន​ចូល​រួម​ក្នុង​ការ​ងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ​និង​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ចំនួន​ពីរ​លើក​ ​កាលពី​ឆ្នាំ​២០១៣ ​និង​ឆ្នាំ​២០១៧ ​ក្នុង​គោល​បំណងលើក​កម្ពស់​សុចរិត​ភាព​ ​និង​តម្លាភាព​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។​ ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ថែម​ថា​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ខែ​កក្កដា​ឆ្នាំ​២០១៨​នេះ​ ​អង្គការ​តម្លាភាព​កម្ពុជា​នឹង​មិន​ចូល​រួម​សង្កេត​ការណ៍​នោះ​ទេ។​

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«បរិយាកាស​និង​លក្ខខណ្ឌ​នយោបាយ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​បាន​ធ្វើ​ឲ្យ​អង្គការ​តម្លាភាព​កម្ពុជា​ពុំអាច​ប្រមូល​ធនធាន​គ្រប់​គ្រាន់ ដើម្បីធ្វើ​ការ​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ ​ហើយ​មិន​អាចរួម​ចំណែក​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ ​ប្រកប​ដោយ​អត្ថន័យ​នោះ​ឡើយ»។​

VOA​ ​មិន​អាច​ទាក់​ទង​លោក ​ព្រាប កុល​ ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ ​ដើម្បីសុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។

អង្គការ​តម្លាភាព​កម្ពុជាគឺ​ជា​តំណាង​ប្រចាំ​ប្រទេស​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ​និង​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១០​ ​ដោយ​សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​ ​និង​អ្នក​ជំនាញ​ដែល​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើត​ឲ្យ​មាន​តម្លាភាព​ ​និង​គណនេយ្យភាព​នៅ​កម្ពុជា។​ ​ អង្គការ​តម្លាភាព​កម្ពុជា​ ​បាន​ក្លាយ​ជា​ស្ថាប័ន​ដែល​ឈាន​មុខ​គេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​និង​លើក​តម្កើង​សុចរិតភាព ​តម្លាភាព​ និង​គណនេយ្យ​ភាព​នៅ​ក្នុង​ប្រទេស។ ​នេះ​បើ​តាម​គេហ​ទំព័រ​របស់​អង្គការ​តម្លាភាព​កម្ពុជា។​

លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ​រហូត​មក​ដល់​ពេល​នេះ​ ​គ.ជ.ប.​បាន​ទទួល​ចុះ​ឈ្មោះ​អ្នក​សង្កេត​ការណ៍​ចំនួន​ជាង​៣ម៉ឺន​នាក់ ​និង​មាន​អង្គការ​សមាគម​ជាង​៦០បាន​ចុះ​ឈ្មោះ​ដើម្បី​ឃ្លាំមើល​ការ​បោះឆ្នោតជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៦​នេះ។​ លោក​បន្ថែម​ថា​ ការ​ប្រកាស​មិន​ចូលរួម​អង្កេត​ការណ៍​របស់អង្គការ​មួយ​ចំនួន​នោះនឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«ក្នុង​ជំពូក​ទី៣​មាត្រា​ទី១០​នៃ​ច្បាប់​ស្តីពី​ការ​ជ្រើស​តាំង​តំណាង​រាស្រ្ត​ហ្នឹង​បញ្ជាក់​ថា ​អង្គការ​មិនមែន​រដ្ឋាភិបាល​អាច​បញ្ជូន​តំណាង​របស់​ខ្លួន​ជា​អ្នក​សង្កេ​តការណ៍។ ​អីចឹង​ពាក្យ​ថា​អាច​បញ្ជូន​តំណាង​នេះ​ ​គឺ​បញ្ជូន​ក៏​បាន មិន​បញ្ជូន​ក៏​បាន។ អីចឹង​អវត្ត​មាន​របស់​អង្គការ​ ​NGO​ ​ណាមួយ​ដែល​ប្រកាស​មិន​ចូលរួម​សង្កេត​ការណ៍​នោះគឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ ​ឬមិនបាត់បង់​នូវ​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​នោះ​ទេ»។​

ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​កំពុង​ត្រូវ​បាន​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​ធំៗ​មួយ​ចំនួន​យល់​ឃើញ​ថា ​ជាការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាព​សេរី​ និង​យុត្តិធម៌​ ​បន្ទាប់​ពី​គណ​បក្សប្រឆាំង ​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដោយ​ចោទ​ថា ​គណ​បក្សនេះ​បាន​ឃុបឃិតជា​មួយ​បរទេស ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។

មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អះអាង​ថា​ ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់ ​ខណៈ​ ​គ.ជ.ប. ​ដែល​លែង​មាន​សមាជិក​មក​ពី​គណ​បក្សប្រឆាំង ​បាន​អះអាង​ថា ​ខ្លួន​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​តាម​ច្បាប់​កម្ពុជា​ដែល​មាន​ចែង​ជាធរ​មាន។​

ក្រៅ​ពី​អង្គការ​តម្លាភាព​កម្ពុជា​ ​ក៏​មាន​អង្គការ​ធ្វើ​ការឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ធំៗ​ចំនួន​ពីរ​គឺ​អង្គការ​ខុមហ្វ្រែល​ ​និង​និចហ្វិច​ ​បាន​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍​ផង​ដែរ។​ ​តំណាង​អង្គការ​ធំៗ​ទាំង​ពីរដែល​តែង​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ជា​ច្រើន​អាណត្តិ​កន្លង​មក​នោះ​ ​បាន​អះអាង​ថា​ ការ​សម្រេច​មិន​ចូល​រួម​សង្កេតការណ៍​នេះ​ ​គឺ​ដោយ​សាររង​សម្ពាធ​ពីរ​ដ្ឋាភិបាលនា​ពេល​កន្លង​មកពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ចំនួន​បាន​គាំទ្រ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បីផ្តួល​រំលំ​រដ្ឋាភិបាល។​

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ(អ.ស.ប.)កាលពី​សប្តាហ៍​មុន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ​ដោយ​បារម្ភ​ពី​ការ​បង្រ្កាប​សារ​ព័ត៌មាន​នៅ​កម្ពុជា​នា​មុន​ការ​បោះ​ឆ្នោត​ និងថា ក្រម​សីលធម៌​អ្នក​សារ​ព័ត៌មាន​ ​ដែល​បង្កើត​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ ​អាច​នាំ​ឲ្យ​មាន​ការ​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាន់​តែ​ខ្លាំង​ ​និង​ផ្ទុយ​ទៅ​នឹង​បទដ្ឋាន​អន្តរ​ជាតិ។​

ចំណែក​អង្គការ​បណ្ដាញ​អាស៊ាន​ ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី ​ឬ​ហៅ​កាត់​ថា ​ANFREL ​បាន​ចេញ​របាយ​ការណ៍​កម្រាស់​១៥​ទំព័រ​ ​កាលពី​ថ្ងៃ​ទី​១៥​ ​ខែ​មិថុនា​ ដោយវាយ​តម្លៃ​ថា​ ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​គ្មាន​ភាព​យុត្តិធម៌​ ​និង​សេរី​នោះ​ទេ​ ​ដោយ​របាយ​ការណ៍​នោះ​បាន​លើក​៤​ចំណុចសំខាន់ៗគឺសិទ្ធិ​ពលរដ្ឋ​ជា​មូលដ្ឋាន​ ​និង​សិទ្ធិ​នយោបាយ​ ​រង​ការ​គំរាម​កំហែង និង​ការ​រឹតត្បិត។​

យ៉ាង​ណា​ក៏​ដោយ​ ​ទាំង​ ​គ.ជ.ប.​ ​និង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​សុទ្ធ​តែ​បាន​លើក​ឡើង​ថា​ ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ​បើ​ទោះ​ជា​មិន​មាន​វត្ត​មាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​មិន​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល​ ​និង​មិន​មាន​ការ​ទទួល​ស្គាល់​លទ្ធផល​ការបោះ​ឆ្នោត​ដោយបណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG