ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​ថ្នាក់​ចរាចរណ៍​១០​ខែ​នៃ​ឆ្នាំ​២០១៩​នាំ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៦៦៥​នាក់


រូបឯកសារ៖ ប៉ូលិស​ចរាចរណ៍​ កំពុង​ជួយ​សម្រួល​លំហូរ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ ប៉ូលិស​ចរាចរណ៍​ កំពុង​ជួយ​សម្រួល​លំហូរ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ប្រកាស​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ក្នុង​រយៈពេល​១០​ខែ​ នៃ​ឆ្នាំ​២០១៩​នេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន១៦៦៥​នាក់​ កើន​ឡើង​១០​ភាគ​រយ ​បើធៀប​នឹង​ឆ្នាំ​២០១៨​ ដែល​គ្រោះថ្នាក់​ទាំង​នេះ​កើត​ឡើង​ដោយ​ការ​មិន​គោរព​ច្បាប់។

ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​រំឭក​ដល់​ជន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក លើក​ទី១៤ នា​ព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​ ស ខេង លើក​ឡើង​ថា ​គ្រោះថ្នាក់​ចរាចរណ៍ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ខាត​បង់​ថវិកា​ក្នុង​មួយ​ឆ្នាំៗ​ជាច្រើន​លាន​ដុល្លារ និង​បន្សល់​ទុក​ជន​ពិការ កុមារ​កំព្រា ស្ដ្រី​មេម៉ាយ និង​ធ្វើ​ឲ្យ​គ្រួសារ​មួយ​ចំនួន​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ​ជាដើម។ លោក ស ខេង បន្ថែម​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​លោក​ថា និន្នាការ​នេះ​បង្ហាញ​ពី​សញ្ញា​អាក្រក់​សម្រាប់​យុទ្ធនាការ​នៃ​ការ​ទប់​ស្កាត់។

«និន្នាការ​កើន​ឡើងនៃគ្រោះថ្នាក់​ចរាចរណ៍​នេះ គឺជា​សញ្ញា​មិន​ល្អ​ទាល់​តែ​សោះ។ ខ្ញុំ​ទទួល​ស្គាល់​ បើ​ចង់​អ្នក​ណា​វាយ​តម្លៃ​ថា ​បរាជ័យ​ក៏​វាយ​ទៅ ប៉ុន្ដែ​សូម​អំពាវនាវ​ជួយ​គ្នា។ តើ​មាន​មធ្យោបាយ​អី មាន​គំនិត​អី មាន​យោបល់​យ៉ាង​ម៉េច សូម​ជួយ​មក។ ព្រោះ​អាហ្នឹង​យើង​ត្រូវ​បង្ហាញ​ជាក់​ស្តែង​ យើង​មិន​អាច​ភូត​បន្លំ​ទេ បរាជ័យ​ថា​ជោគ​ជ័យ អាហ្នឹង​វា​និយាយ​ភូត​គេ គេ​មិន​ជឿ​ទេ»។

លោក​ ស ខេង ប្រកាស​តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ថា​ ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើន​ឡើង បើ​ធៀប​នឹង​រយៈពេល​១០​ខែ​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៨។ លោក​បញ្ជាក់​ថា ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០១៩ គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង ចំនួន​៣១៩៥​លើក កើន​ឡើង៧៦០​លើក​ ដែល​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​១៦៦៥​នាក់ កើន​១៥១​នាក់ និងរបួស​ចំនួន​៥២១២​នាក់ កើន​១០០៦នាក់។

​លោក​ ស ខេង បន្ថែមថា មូលហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​លើស​លប់ គឺ​ដោយ​សារ​អ្នក​បើកបរ​យានយន្ដ​មិន​គោរព​ច្បាប់​ចរាចរណ៍។ ក្នុងនោះការ​បើកបរ​លើស​ល្បឿន​កំណត់​មាន​៣៧​ភាគរយ​ មិន​គោរព​សិទ្ធិមាន​២៤​ភាគរយ​ មិន​ប្រកាន់​ស្ដាំ​មាន​១២​ភាគរយ​ វ៉ា​ជែង​មាន៩​ភាគរយ​ បត់​មាន​៨​ភាគរយ​ស្រវឹង​៦​ភាគរយ​ កត្ដា​យានយន្ដ​៣​ភាគរយ និង​ងងុយ​ដេក​១​ភាគរយ។

លោក គង់ រតនៈ ប្រធាន​ស្តីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ ប្រាប់ VOA នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ករណី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​មាន​កម្រិត ឥរិយាបទ​របស់​អ្នក​បើកបរ និង​ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់​ ជា​មូលហេតុ​បណ្តាល​ឲ្យ​ការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​បរាជ័យ។

«វិស្វកម្ម​ទាំង​អស់​ហ្នឹង​គាត់​បាន​ធ្វើ​ហើយ ក៏​ប៉ុន្តែ​មួយ​ចំនួន​នោះ​គឺ​យើង​ឃើញ​ថា​ ការ​បំពាក់​បរិក្ខា​សុវត្ថិភាព​ [តាម​ដងផ្លូវ] ហ្នឹង​នៅ​មាន​កម្រិត​នៅ​ឡើយ។ បន្ទាប់​មក​ទៀត​យើង​ឃើញ​ថា ឥរិយាបទ​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត ឧទាហរណ៍​ថា​ពាក់ព័ន្ធ​នឹង​ការ​ពាក់​មួក​សុវត្ថិភាព បើ​អត់​ប៉ូលិស​គាត់​អត់​ពាក់​អី​ជា​ដើម។ ទី​៣ ការ​រឹត​បន្តឹង​ច្បាប់»។

តាម​របាយ​ការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បង្ហាញ​ថា កត្តា​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​លើស​លប់​ប្រមាណ​៩០% គឺ​បណ្ដាល​មក​ពី​កត្តា​មនុស្ស តាមរយៈ​ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​បើក​បរ​ជែង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជាដើម​។ បើតាម​តួលេខ ​ជា​មធ្យម​មាន​មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់ និង​១១​នាក់រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ថ្ងៃ ដែល​ធ្វើ​ឱ្យ​ខាត​បង់​ថវិកា​ប្រមាណ​៣៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

XS
SM
MD
LG