ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី​ Clinton ​ប្រកួត​ចុង​ក្រោយ​នៅ​រដ្ឋ​ California​ ​មុន​ពេល​ទទួល​បាន​ការ​តែង​តាំង​


(ពីឆ្វេង​ទៅ​ស្តាំ) រូបថត​លោក Bernie Sanders និងលោកស្រី​ Hillary Clinton មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ និង​លោក Donald Trump នៃ​គណបក្ស​សាធារណរដ្ឋ ដែល​ជា​បេក្ខជន​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ប្រជែង​ដើម្បី​បាន​ក្លាយ​ជា​បេក្ខជន​ប្រធានា​ធិបតី​​ជា​ផ្លូវ​ការ។
(ពីឆ្វេង​ទៅ​ស្តាំ) រូបថត​លោក Bernie Sanders និងលោកស្រី​ Hillary Clinton មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ និង​លោក Donald Trump នៃ​គណបក្ស​សាធារណរដ្ឋ ដែល​ជា​បេក្ខជន​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ប្រជែង​ដើម្បី​បាន​ក្លាយ​ជា​បេក្ខជន​ប្រធានា​ធិបតី​​ជា​ផ្លូវ​ការ។

លោក​ស្រី​ Hillary Clinton​ អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.​ជិត​បាន​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អ.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជា​ផ្លូវ​ការ​ហើយ​ ក៏​ប៉ុន្តែ​លោកស្រី​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ចុង​ក្រោយ​បង្អស់​មួយ​នៅ​ក្នុង​រដ្ឋ​ California ​ដែល​ជា​រដ្ឋ​មាន​ប្រជារាស្ត្រ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​អាមេរិក។ ការ​ប្រកួត​ចុង​ក្រោយ​នេះ​គឺ​ប្រឆាំង​នឹង​អ្នក​ប្រជែង​តែ​ម្នាក់​គត់​របស់​លោក​ស្រី​គឺ​លោក ​Bernie Sanders ​ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ប្រចាំ​រដ្ឋ​ Vermont។​

លោកស្រី Clinton​ ដែល​ស្វះ​ស្វែង​ឱ្យ​បាន​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រី​ទី​មួយ​នៃ​ស.រ.អា.​ជិត​ប្រមែ​ប្រមូល​បាន​ពួក​ប្រតិភូ​ភាគ​ច្រើន​សម្រាប់​មហា​សន្និបាត​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​តែងតាំង​បេក្ខជន​ប្រធានាធិបតី​នៅ​ខែ​កក្កដា​ខាង​មុខនេះ។​ លោកស្រី​មាន​ប្រតិភូ​ ២៣១០​ ក្នុង​បណ្តា​ប្រតិភូ ២៣៨៣​ដែល​លោក​ស្រី​ត្រូវការ​ដើម្បី​ក្លាយ​ទៅជា​ស្ត្រី​ទី​មួយ​ដែល​ត្រូវ​តែងតាំង​សម្រាប់​តំណែង​ប្រធានាធិបតី​ដោយ​គណបក្ស​ស.រ.អា.ធំ​មួយ។ ចំណែក​លោក Sanders មាន​ប្រតិភូ​១៥​៤២​នាក់​ដែល​សន្យា​ថា​គាំទ្រ​លោក។

លោកស្រី​ Clinton ​ដែល​ជា​អ្នកការទូត​កំពូល​ស.រ.អា.​ពី​ឆ្នាំ​២០០៩​ ដល់​២០១៣​ ទំនង​ជា​នឹង​ទទួល​បាន​ការ​តែងតាំង​នៅ​ថ្ងៃ​ទី៧​ ខែ​មិថុនា​នេះ។ ការណ៍​នេះ​អាច​កើត​មាន​បាន​នៅ​ពេល​ដែល​ប្រជារាស្ត្រ​ក្នុង​រដ្ឋ California ​កំពុង​តែ​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ​ពីព្រោះ​លោក​ស្រី​មាន​ការ​គាំទ្រ​ច្រើន​ណាស់​នៅ​ក្នុងរដ្ឋ ​New Jersey ​នា​ប៉ែក​ខាង​កើត​ស.រ.អា.​ ដែល​នៅ​ទី​នោះ​ការបោះឆ្នោត​ចប់​បី​ម៉ោង​មុន​រដ្ឋCalifornia។

មាន​រដ្ឋបួន​ទៀត​ក៏​ធ្វើការ​បោះឆ្នោត​បឋម​ដែរ​នៅ​ថ្ងៃ​អង្គារ​ក្រោយ​គឺ​រដ្ឋ​ Montana រដ្ឋ New Mexico​ រដ្ឋ​ North Dakota​ និង​រដ្ឋ​ South Dakota ​ក៏​ប៉ុន្តែ​រដ្ឋ​ California​ ទាក់​ទាញ​ការ​យក​ចិត្តទុក​ដាក់​ខ្លាំង​បំផុត​របស់​លោកស្រី Clinton។​ លោកស្រី​បាន​លប់​ចោល​ការ​ប្រជុំ​ជាមួយ​អ្នក​គាំទ្រ​ឃោសនា​បោះឆ្នោត​ដែល​បាន​កំណត់​ត្រូវ​ធ្វើ​នៅ​កន្លែង​ឯទៀតៗ​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​វិល​ត្រឡប់​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​ខាង​លិច​ស.រ.អា.​ដើម្បី​ធ្វើ​ដំណើរ​ប្រាំ​ថ្ងៃ​នៅ​ទូទាំង​រដ្ឋ​ California។

លោក Jerry Brown ​អភិបាល​រដ្ឋ California បាន​គាំទ្រ​លោក​ស្រី​ Clinton ​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​ស្រី​មាន​ឱកាស​ល្អ​បំផុត​ក្នុង​ការ​យក​ជ័យ​ជម្នះ​លើ​លោក​ Donald Trump​ នៅ​ក្នុង​ការបោះឆ្នោត​ទូទៅ​នៅ​ខែ​វិច្ឆិកា។

លោក​ Trump ​ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ហាក់​ដូច​ជា​ប្រាកដ​នឹង​ក្លាយ​ទៅជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ដើម្បី​បន្ត​តំណែង​ពី​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​នៅ​ពេល​លោក​ប្រធានាធិបតី​ចាក​ចេញ​ពី​តំណែង​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ៕

XS
SM
MD
LG