លោក Gary Johnson នៃគណបក្ស Libertarian ដែលជាឥស្សរជននយោបាយស.រ.អាម្នាក់ ដែលគេមិនសូវស្គាល់ បានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សលោកកាលពីថ្ងៃអាទិត្យ ដោយមានការយកចិត្តទុកដាក់ថ្មីមួយលើបេក្ខភាពរបស់លោកនៅពេលដែលប្រជាជនអាមេរិកាំងភាគច្រើនមានមតិមិនល្អអំពីបេក្ខជននាំមុខគេរបស់គណបក្សធំៗទាំងពីរនៅស.រ.អាគឺលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ។
ការស្ទង់មតិថ្មីៗបំផុតបង្ហាញថា លោក Johnson ដែលមានអាយុ ៦៣ឆ្នាំដែលបានបម្រើការពីរអាណត្តិ ជាអភិបាលរដ្ឋខាងគណបក្សសាធារណរដ្ឋនៃរដ្ឋ New Mexico នាប៉ែកនិរតីស.រ.អាពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៣នៅមុនលោកក្លាយទៅជាសមាជិកនៃគណបក្ស Libertarian មានការគាំទ្រប្រមាណ ១០ភាគរយនៅទូទាំងប្រទេសក្នុងការបោះឆ្នោតជាតិជាសម្មតិកម្មតទល់នឹងលោក Donald Trump និងលោកស្រី Hillary Clinton នៅក្នុងខែវិច្ឆិកា។
ក្រុមបេក្ខជននៃគណបក្សទីបីនៅក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អាមិនបានទទួលលទ្ធផលល្អទេនៅក្នុងការបោះឆ្នោតរៀងរាល់បួនឆ្នាំ ហើយជួនកាលបានបាត់ឈ្មោះនៅពេលដែលប្រជាជនអាមេរិកាំងជិតសម្រេចចិត្តអំពីបេក្ខជនណាដែលពួកគេនឹងបោះឆ្នោតឲ្យ។ ប្រសិនបើលោកJohson នៅតែមានការគាំទ្រ១០ភាគរយនៅទូទាំងប្រទេស លោកក៏មិនទំនងជានឹងឈ្នះឆ្នោតនៅក្នុងរដ្ឋណាមួយក្នុងបណ្តារដ្ឋទាំង៥០របស់ស.រ.អាទេ។
ក៏ប៉ុន្តែសន្លឹកឆ្នោតគាំទ្រលោកទាំងអស់អាចមានផលប៉ះពាល់លើលទ្ធផលនៅក្នុងរដ្ឋខ្លះ ជាពិសេសដោយសារនៅក្នុងការស្ទង់មតិកាលពីពេលថ្មីៗនេះចំនួនជាងពាក់កណ្តាលនៃប្រជាជនអាមេរិកាំងបាននិយាយថា ពួកគេមានការយល់ឃើញមិនល្អអំពីលោក Trump មហាសេដ្ឋីអចលនទ្រព្យដែលមានប្រាក់រាប់ពាន់លានដុល្លារ និងលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា។ ការបោះឆ្នោតប្រធានាធិបតីស.រ.អាមិនមែនត្រូវសម្រេចដោយការបោះឆ្នោតដោយផ្ទាល់ ដោយប្រជាជននៅទូទាំងប្រទេសទេ តែដោយការបោះឆ្នោតតាមរដ្ឋនីមួយៗ ដោយរដ្ឋធំៗមានសារៈសំខាន់ខ្លាំងបំផុតនៅក្នុងលទ្ធផលសរុប៕