លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Jim Mattis នឹងធ្វើដំណើរទៅកាន់ប្រទេសហ្សកដានី តួកគី និងប្រទេសអ៊ុយក្រែន នៅសប្តាហ៍ក្រោយដើម្បីចរចាជាមួយពួកមេដឹកនាំរបស់ប្រទេសទាំង៣នោះ។
ពួកមន្រ្តីនៅក្រសួងការពារប្រទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Mattis មានគោលបំណងបញ្ជាក់ឡើងវិញពីការតាំងចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដល់ប្រទេសទាំងនោះ។
លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Mattis នឹងចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរបស់លោកដោយជួបជាមួយព្រះមហាក្សត្រ Abdullah និងមន្រ្តីជាន់ខ្ពស់ការពារប្រទេសផ្សេងទៀតនៃប្រទេសហ្សកដានី។ ប្រទេសហ្សកដានីបានក្លាយជាដៃគូដ៏សំខាន់មួយនៅក្នុងក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមភេរវកម្មរដ្ឋអ៊ីស្លាម។
ចេញពីប្រទេសហ្សកដានី លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Mattis នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីដើម្បីជួបជាមួយពួកមន្រ្តីកំពូល រួមមានប្រធានាធិបតី Recep Tayyip Erdogan ផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារប្រទេសអាមេរិកប្រាប់ឲ្យដឹងថា៖ «លោករដ្ឋមន្រ្តីការពារប្រទេស Mattis នឹងបញ្ជាក់ឡើងវិញពីការប្រកាន់នូវភាពខ្ជាប់ខ្ជួនរបស់សហរដ្ឋអាមេរិកដល់ប្រទេសតួកគីជាសម្ព័ន្ធមិត្តរបស់អង្គការអូតង់និងជាដៃគូយុទ្ធសាស្រ្តដើម្បីស្វះស្វែងរកកិច្ចសហការណ៍ក្នុងការខំប្រឹងប្រែងដើម្បីធ្វើឲ្យជឿនលឿនដល់ស្ថិរភាពនៅក្នុងតំបន់ ហើយនិងស្វែងរកមធ្យោបាយដើម្បីជួយប្រទេសតួកគីដោះស្រាយនូវការព្រួយកង្វល់ខាងសន្តិសុខស្របច្បាប់របស់ខ្លួន រួមមានការប្រយុទ្ធប្រឆាំងគណបក្សពលករ Kurdistan ឬ (PKK)ខុសច្បាប់ផងដែរ»។
នៅក្នុងទីក្រុងគាវនៃប្រទេសអ៊ុយក្រែន លោករដ្ឋមន្រ្តីការពារប្រទេស Mattis ត្រូវគេរំពឹងថានឹងជួបជាមួយលោក Stephan Poltorak រដ្ឋមន្រ្តីការពារប្រទេសអ៊ុយក្រែននិងប្រធានាធិបតី Petro Poroshenko៕