ឧត្តមស្នងការអ.ស.បទទួលបន្ទុកផ្នែកសិទ្ធិមនុស្សលោក Zeid Ra'ad al Hussein បានព្រមានថា សេរីភាពសារព័ត៌មាននៅសហរដ្ឋអាមេរិកកំពុងតែរងការវាយប្រហារពីសំណាក់លោកប្រធានាធិបតីដូណាល់ ត្រាំ ដែលការណ៍នេះអាចបង្កឲ្យមានផលវិបាកដល់សហរដ្ឋអាមេរិក ក៏ដូចជាសកលលោកទាំងមូល។
ប្រធានផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលោក Zeid Ra'ad al Hussein និយាយថា ពាក្យសម្តីនានារមែងនាំឲ្យមានផលវិបាកផ្សេងៗ ទង្វើនានាក៏រមែងនាំឲ្យមានផលវិបាកផ្សេងៗផងដែរ ហើយទាំងពាក្យសម្តី និងទាំងទង្វើផ្សេងៗ ត្រូវតែជ្រើសប្រើដោយឈ្លាសវៃ។ លោក Zeid បានបន្តថា ការចាត់ទុករបស់លោកប្រធានាធិបតីដូណាល់ ត្រាំទៅលើបណ្តាសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយ ដ៏គួរឲ្យគោរពនានា ថាជា ក្រុមភូតភរកុហក និងក្រុមទុច្ចរិត បង្កផលប៉ះពាល់ខ្លាំង។
លោក Zeid និយាយថា ការលើកឡើងដូចនេះពីសំណាក់លោកប្រធានាធិបតីទៅលើក្រុមអ្នកសារព័ត៌មានថា ជាមនុស្សមិនស្មោះត្រង់ ជាមនុស្សអាក្រក់ និងជាអ្នកពាំនាំព័ត៌មានមិនពិត អាចបង្កគ្រោះថ្នាក់ខ្លាំង។
លោកបានមានប្រសាសន៍ថា៖
«តើនេះមិនមែនជា ការបំផុសបំផុលឲ្យអ្នកដទៃវាយប្រហារលើក្រុមអ្នកសារព័ត៌មានទេឬ? ហើយ ឧបមាថា អ្នកសារព័ត៌មានម្នាក់ពីអង្គភាពព័ត៌មានទាំងនោះជួបគ្រោះថ្នាក់ តើលោកប្រធានាធិបតីនឹងមិនមានការខុសត្រូវណាមួយលើរឿងនេះឬទេ ឬក៏ចំពោះការបំផុសបំផុលនេះដែរឬទេ?»។
លោក Zeid លើកឡើងថា ការនិយាយអាក្រក់ពីសារព័ត៌មាន មានលក្ខណៈពិសពុល ដោយសារតែការណ៍នេះបង្កឲ្យមានផលវិបាកនៅកន្លែងដទៃទៀត។ លោកបន្តថា ពាក្យសម្តីរបស់លោកប្រធានាធិបតីអាមេរិកជះឥទ្ធិពលពាសពេញពិភពលោក។
លោក Zeid បាននិយាយថា៖
«ដូចដែលយើងឃើញនៅប្រទេសកម្ពុជាជាឧទាហរណ៍ គឺថា អាជ្ញាប័ណ្ណរបស់បណ្តាញផ្សព្វផ្សាយ និងកម្មវិធីវិទ្យុផ្សេងៗ ត្រូវបានដកចេញមិនឲ្យចាក់ផ្សាយ។ ហើយ ពាក្យសម្តីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានគេលើកឡើងនៅក្នុងបញ្ហានេះ។ តើរឿងនេះនឹងទៅតាមផ្លូវនេះឬ?»។
លោក Zeid បានកត់សម្គាល់ថា សេរីភាពសារព័ត៌មានគឺជាសសរគ្រឹះនៃរដ្ឋធម្មនុញ្ញអាមេរិក ដោយបន្ថែមថា លោកមានការភ្ញាក់ផ្អើល ដែលថា ជាជាងការពារសិទ្ធិនេះ សេរីភាពសារព័ត៌មាន នាពេលបច្ចុប្បន្ន ត្រូវបានរងការវាយប្រហារពីសំណាក់ប្រធានាធិបតីអាមេរិកទៅវិញ។
លោក Zeid បានហៅការណ៍នេះថា ជាការបង្វែរទិសដៅដ៏គួរឲ្យភ្ញាក់ផ្អើលមួយ និងប្រកបដោយគ្រោះថ្នាក់មួយនៅទីបំផុត ដោយនាំឲ្យមានការបំផុសបំផុល ការរឹតត្បិតលើខ្លួនឯង និងការដាក់បម្រាមផ្សេងៗ ហើយបន្ទាប់មកគឺ អំពើហិង្សា។
លោក ត្រាំ បានរិះគន់ជាញឹកញយទៅលើបណ្តាញផ្សព្វផ្សាយដូចជា ប៉ុស្តិ៍ព័ត៌មាន CNN កាសែត The New York Times និងកាសែត The Washington Post។ កាលពីដើមខែសីហា លោកប្រធានាធិបតី បានចាត់គោលដៅវាយប្រហារលើស្ថាប័នសារព័ត៌មាន ចំពោះការផ្សព្វផ្សាយអំពីបាតុកម្មហិង្សា រៀបចំឡើងដោយក្រុមជនស្បែកស ដែលគិតថា ខ្លួនឯងអស្ចារ្យជាងគេ នៅក្រុង Charlottesville រដ្ឋ Virginia។
លោកប្រធានាធិបតីបានហៅ អ្នកសារព័ត៌មានថា «ពិតជាមនុស្សមិនស្មោះត្រង់»។ លោកត្រាំក៏បានរិះគន់បណ្តាញផ្សព្វផ្សាយនៅតាមការថ្លែងសុន្ទរកថានានារបស់លោក និងតាមគណនីបណ្តាញសង្គម Twitter របស់លោកផងដែរ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា