សមាជិកសភាសហរដ្ឋអាមេរិកសំខាន់ៗមួយក្រុម បានក្រើនរំឮកថា សភាសហរដ្ឋអាមេរិក ប្រហែលជាគោលដៅនៃយុទ្ធនាការរបស់បរទេសដើម្បីជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។
ការក្រើនរំឮកនេះ បានធ្វើឡើងដោយក្រុមសមាជិកខាងគណបក្សប្រជាធិបតេយ្យ ដែលគេស្គាល់ថា Gang of Eight ដែលក្នុងនោះមានដូចជាប្រធានរដ្ឋសភា មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភា និងសមាជិកកំពូលៗខាងគណបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភា និងព្រឹទ្ធសភា។
ការក្រើនរំឮកនេះ បានធ្វើឡើងនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ទីភ្នាក់ងារ FBI ដោយទាមទារឲ្យមានការជូនដំណឹងដល់សមាជិកសភាទាំងអស់ទាក់ទិននឹងរឿងនេះ នៅត្រឹមចុងខែនេះ។
សមាជិកសភាទាំងនេះ បានបញ្ជាក់នៅក្នុងលិខិតចុះថ្ងៃទី ១៣ ខែកក្កដា ផ្ញើទៅកាន់នាយកទីភ្នាក់ងារ FBI លោក Christopher Wray ថា៖ «យើងមានការព្រួយបារម្ភជាខ្លាំង ដោយសភា អាចទំនងជាគោលដៅនៃយុទ្ធនាការជ្រៀតជ្រែករបស់បរទេស ដែលចង់បញ្ចូល និងបង្កើននូវព័ត៌មានមិនពិត ក្នុងគោលបំណងដើម្បីជះឥទ្ធិពលដល់សកម្មភាពរបស់សភា ការជជែកដេញដោលសាធារណៈ និងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ»។
ទីភ្នាក់ងារ FBI បានប្រាប់ VOA ថា ខ្លួនទទួលបានលិខិតនោះ ប៉ុន្តែបានបដិសេធមិនផ្ដល់ព័ត៌មានលំអិតបន្ថែមនោះទេ៕