អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike កាលពីថ្ងៃពុធបានចេញសេចក្តីព្រមានឲ្យប្រុងប្រយ័ត្នថ្នាក់ខ្ពស់បំផុតទាក់ទងនឹងការឆ្លងរាលដាលយ៉ាងឆាប់នៃជំងឺកូវីដ១៩នៅរាជធានីជប៉ុននេះ ដោយបានស្នើឲ្យពលរដ្ឋនិងអាជីវកម្មក្នុងទីក្រុងតូក្យូបង្កើនវិធានការការពារជំងឺ ប៉ុន្តែលោកស្រីមិនបានអំពាវនាវឲ្យអាជីវកម្មបិទទ្វារទេ។
ទូរទស្សន៍ជាតិ NHK របស់ជប៉ុនផ្សាយថា ករណីឆ្លងប្រចាំថ្ងៃនៅតូក្យូបានកើនជាបន្តបន្ទាប់ គឺ១១៩នាក់កាលពីថ្ងៃចន្ទ ១៤៣នាក់នៅថ្ងៃអង្គារ និង១៦៥នាក់កាលពីថ្ងៃពុធ។ មកទល់ថ្ងៃអាទិត្យនេះ មានការឆ្លងជាង២០០នាក់ក្នុងមួយថ្ងៃ។
លោកស្រីអភិបាលក្រុងបានទទូចនៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃពុធឲ្យម្ចាស់ភោជនីយដ្ឋាន ហាងលក់ទំនិញ និងក្លឹបកម្សាន្ត មានវិធានការសុវត្ថិភាពសុខភាពគ្រប់គ្រាន់តាមការណែនាំ ហើយលោកស្រីបានស្នើឲ្យសើរើច្បាប់ដើម្បីដាក់ទោសម្ចាស់អាជីវកម្មដែលមិនគោរពតាមក្បួនសុវត្ថិភាពសុខភាព។
ចំនួនអ្នកជំងឺកូវីដ១៩ដែលត្រូវចូលសម្រាកនៅមន្ទីរពេទ្យតូក្យូក៏បានកើនឡើងដែរ។
នៅជុំវិញពិភពលោកគិតត្រឹមថ្ងៃពុធ វីរុសកូរ៉ូណាបានឆ្លងដល់មនុស្សជាង១៣,៣លាននាក់ ហើយជំងឺកូវីដ១៩បានសម្លាប់មនុស្សប្រមាណ៥៧៨.០០០នាក់៕