ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ G7 ដែល​មាន​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson ចូលរួមផ្ដោត​លើ​បញ្ហា​ស៊ីរី កូរ៉េ​ខាង​ជើង និង​រុស្ស៊ី


ក្រុម​ការងារ​កំពុង​រៀប​ចំ​ទង់ជាតិ​ G7 ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលស៊ិកកាល​ពី​ថ្ងៃទី​០៤ មិថុនា ២០១៤។
ក្រុម​ការងារ​កំពុង​រៀប​ចំ​ទង់ជាតិ​ G7 ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលស៊ិកកាល​ពី​ថ្ងៃទី​០៤ មិថុនា ២០១៤។

អ្នក​ការទូត​មកពី​ប្រទេស​មហា​អំណាច​នានា​នៅ​ជុំវិញ​ពិភពលោក​បាន​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី បញ្ហា​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង និង​បញ្ហា​សកម្មភាព​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង និង​ក្រៅ​ប្រទេស។

បញ្ហា​ទាំង​នេះ ដែល​បញ្ហា​ខ្លះ​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​បន្ទាន់​ជាង​មុន​នោះ នៅតែ​ជា​ចំណុច​ផ្ដោត​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ G 7 របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Rex Tillerson ជាមួយ​នឹង​សមភាគី​របស់​លោក​នៅ​ក្នុង​សប្ដាហ៍​នេះ នៅ​ក្នុង​ប្រទេស​អ៊ីតាលី មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី។

លទ្ធផល​ផ្លូវការ​នៃ​កិច្ច​ប្រជុំ G 7 នេះ ទំនង​ជា​នឹង​លេច​ចេញ​រូបរាង​នៅ​ចុង​ខែ​ឧសភា​ខាង​មុខ​នេះ ដែល​នៅ​ពេល​នោះ មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ទាំង​នេះ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ ប៉ុន្តែ ជំនួប​របស់​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទាំង​នេះ​នៅ​ថ្ងៃ​ចន្ទ​នេះ និង​ថ្ងៃ​អង្គារ​ស្អែក នឹង​បង្កើត​ជា​គម្រោង​សម្រាប់​កិច្ច​ប្រជុំ​របស់​មេដឹកនាំ​ប្រទេស​ទាំង​នេះ​នៅ​ខែ​ឧសភា។ អាទិភាព​នៃ​កិច្ច​ប្រជុំ​ទាំង​នេះ​នឹង​ផ្ដោត​លើ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​បណ្ដេញ​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​ចេញ​ពី​ប្រទេស​ស៊ីរី និង​ប្រទេស​អ៊ីរ៉ាក់។

លោក Tillerson បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​នៅតែ​ប្ដូរផ្ដាច់​ចំពោះ​ផែនការ​អន្តរជាតិ​មួយ​ក្នុង​ការ​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ឆ្នាំ ២០១២។

សេចក្ដី​ថ្លែងការណ៍​ទីក្រុង​ហ្សឺណែវ​នេះ មាន​គោល​បំណង​អំពាវនាវ​ឲ្យ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ និង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ស៊ីរី ប៉ុន្តែ​មិន​បាន​បញ្ជាក់​ជាក់លាក់​អំពី​វាសនា​របស់​លោក​ប្រធានាធិបតី​ស៊ីរី Bashar al-Assad នោះ​ទេ៕

XS
SM
MD
LG