លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃអាទិត្យ បានលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសអ៊ីរ៉ាក់ ដើម្បីជាមធ្យោបាយមួយក្នុងការប្រយុទ្ធប្រឆាំងនឹងភាពគឃ្លើនខាងយោធាដែលចេះតែកើនឡើងរបស់អ៊ីរ៉ង់នៅក្នុងតំបន់នោះ។
លោក Tillerson ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការសម្របសម្រួលរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ាក់នៅក្នុងរដ្ឋធានី Riyadh បានថ្លែងប្រាប់ស្តេច Salman របស់អារ៉ាប៊ីសាអូឌីត និងលោក Haider al-Abadi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថា ចំណងទាក់ទងដែលប្រសើរជាងមុនរវាងប្រទេសទាំងពីរ បានបង្ហាញពី «អានុភាពដ៏អស្ចារ្យមួយ»។ លោកបានលើកឡើងពីការបើកច្រកព្រំដែនដ៏ធំរវាងប្រទេសទាំងពីរឡើងវិញ ហើយនិងការចាប់ផ្តើមបើកការហោះហើរដោយផ្ទាល់ឡើងវិញពីទីក្រុង បាកដាដ ទៅទីក្រុង Riyadh ផងដែរ។
លោក Tillerson បានមានប្រសាសន៍ថា «ដំណើរវិវត្តន៍ទាំងពីរនេះបង្ហាញពីការចាប់ផ្តើមនូវអ្វីដែលយើងសង្ឃឹមថានឹងក្លាយជាសកម្មភាពដែលកាន់តែជាក់ស្តែង ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងនិងពង្រឹងសហប្រតិបត្តិការទៅលើបញ្ហាជាច្រើន។ ទំនាក់ទំនងដែលកាន់តែប្រសើររវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ាក់គឺសំខាន់ណាស់ក្នុងការគាំទ្រដល់សន្តិសុខរួមនិងភាពរុងរឿងរបស់យើង ហើយយើងយកចិត្តទុកដាក់ចំពោះបញ្ហានេះយ៉ាងខ្លាំង»។
មន្ត្រីការទូតកំពូលអាមេរិករូបនេះបានថ្លែងទៀតថា សហរដ្ឋអាមេរិក «សម្តែងការដឹងគុណចំពោះដំណើរវិវត្តន៍នេះ ហើយជំរុញឲ្យប្រទេសទាំងពីរពង្រីកទំនាក់ទំនងដ៏សំខាន់នេះសម្រាប់ស្ថិរភាពនៅក្នុងតំបន់។ សហរដ្ឋអាមេរិកឈរជាស្រេចដើម្បីគាំទ្រដល់សហប្រតិបត្តិការដែលបន្តទៅមុខរវាងប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសអ៊ីរ៉ាក់»៕