ប្រទេសកូរ៉េខាងជើងបានប្រាប់ឲ្យដឹងថា ខ្លួនអាចធ្វើការសាកល្បងគ្រាប់បែកអ៊ីដ្រូសែននៅពេលឆាប់ៗនេះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបន្ទាប់ពីមេដឹកនាំគីម ជុងអ៊ុន បានព្រមានថាខ្លួននឹងធ្វើឲ្យដូចគ្នានឹងពាក្យសម្តីគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ហើយនិងការដាក់ទណ្ឌកម្មថ្មីដែលជាសកម្មភាពបង្កហេតុ។
មេដឹកនាំកូរ៉េខាងជើងបានឆ្លើយតបនៅថ្ងៃសុក្រនេះទៅនឹងសុន្ទរកថារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ នៅពេលដែលមេដឹកនាំសហរដ្ឋអាមេរិករូបនេះបានចាត់ទុក គីម ជុងអ៊ុន ជា«មនុស្សចូលចិត្តកាំជ្រួច»ដើម្បីធ្វើបេសកកម្មអត្តឃាត។ លោក ត្រាំ ក៏បានហៅរដ្ឋាភិបាលក្នុងក្រុងព្យូងយ៉ាងថា «ជារបបអសីលធម៌»ហើយបាននិយាយទៀតថា ប្រសិនបើត្រូវប្រើកម្លាំងដើម្បីការពារខ្លួនឯងនិងសម្ព័ន្ធមិត្តរបស់ខ្លួន សហរដ្ឋអាមេរិកនឹងកម្ទេចកូរ៉េខាងជើងឲ្យក្លាយជាផេះ។
ក្នុងសេចក្តីថ្លែងការណ៍ដែលគេចាត់ទុកថាជារបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយនៅថ្ងៃសុក្រនេះថាលោកប្រធានាធិបតីត្រាំបានសម្តែងនូវអាកប្បកិរិយាឆ្កួតលីលាដោយមានការគំរាមកំហែងរបស់លោកដើម្បីកម្ទេចប្រទេសមានអធិបតេយ្យភាព។ លោក គីម ជុងអ៊ុន បានហៅលោកប្រធានាធិបតីអាមេរិកថា «ជាជនទុច្ចរិតនិងឥន្ធពាល» ហើយបានសន្យាឆ្លើយតបទៅនឹងការប្រមាថមើលងាយរបស់ប្រធានាធិបតី ត្រាំ ដោយវិធានការដ៏ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្ត»។
លោក គីម ជុងអ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ថា «ចំណាត់ការជាជម្រើសដ៏ល្អបំផុតក្នុងការព្យាបាលមនុស្សកញ្ចាស់ដែលពិបាកស្តាប់ដែលកំពុងនិយាយអ្វីទៅតាមអំពើចិត្តនោះ»។ទីភ្នាក់ងារព័ត៌មាននោះបានចេញផ្សាយរូបភាពរបស់មេដឹកនាំកូរ៉េខាងជើងកំពុងអានសេចក្តីថ្លែងការណ៍នោះ៕