ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump តែងតាំងនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក Mike Pompeoជំនួសតំណែងរដ្ឋមន្ត្រីការបរទេស លោក Rex Tillerson បានធ្វើឲ្យអ្នកការទូតជាន់ខ្ពស់រូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អនុរដ្ឋមន្ត្រីការបរទេសលោក Steve Goldstein បានថ្លែងកាលពីថ្ងៃអង្គារថា «លោករដ្ឋមន្ត្រីមិនបាននិយាយជាមួយលោកប្រធានាធិបតី ហើយលោកក៏មិនបានដឹងពីមូលហេតុនៃការដកតំណែងនេះដែរ។ ប៉ុន្តែលោកអគុណចំពោះឱកាសដែលបានផ្តល់ឲ្យលោកដើម្បីបានបម្រើប្រទេស។ លោករដ្ឋមន្ត្រីចង់កាន់តំណែងនេះដោយសារតែមានការវិវត្តយ៉ាងខ្លាំងនៅក្នុងសន្តិសុខជាតិ»។
បន្ទាប់ពីចេញសេចក្តីថ្លែងការណ៍រួចមក លោកអនុរដ្ឋមន្ត្រី Goldstein ក៏ត្រូវបានបណ្តេញចេញពីសេតវិមានផងដែរ។ ការប្រកាសពីការចាកចេញពីតំណែងយ៉ាងឆាប់រហ័សនេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីលោក Tillerson បានត្រឡប់មកពីធ្វើទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសចំនួនប្រាំនៅក្នុងទ្វីបអាហ្វ្រិក។
ការចាកចេញរបស់លោកត្រូវបានប្រកាសជាផ្លូវការដោយលោកប្រធានាធិបតី ដោយលោកបានបង្ហោះសារនៅលើ Twitter ថា «លោក Mike Pompe នាយក CIA នឹងចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មីរបស់យើង។ លោកនឹងបំពេញការងារបានយ៉ាងល្អ។ សូមអគុណលោក Rex Tillerson ដែលបានបំពេញការងាររបស់លោករយៈពេលកន្លងមក។ លោកស្រី Gina Haspel នឹងកាន់តំណែងជានាយក CIA ថ្មី និងជាស្ត្រីទីមួយដែលត្រូវបានជ្រើសរើស។ ខ្ញុំសូមចូលរួមអបអរសាទរ!»។ យោងតាមសារព័ត៌មាន AP បានរាយការណ៍ថាលោក John Kelly នាយខុទ្ទកាល័យរបស់សេតវិមានបាននិយាយតាមទូរស័ព្ទជាមួយលោក Tillerson កាលពីថ្ងៃសុក្រ និងបានព្រមានលោកថា លោកTrump នឹងបង្ហោះសារនៅលើ Twitter ដែលជាសារមិនល្អចំពោះលោក Tillerson ប៉ុន្តែមិនបានប្រាប់ថាជាសារអ្វីនោះទេ។ សារព័ត៌មាន NBC បានរាយការណ៍ថា នៅអំឡុងពេលនិយាយតាមទូរស័ព្ទនោះ លោក Kelly បានប្រាប់លោក Tillerson ថាលោក Trump ចង់ដកលោកចេញពីតំណែង៕