មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺសហរដ្ឋអាមេរិក CDC បានណែនាំឱ្យសម្អាតវត្ថុប្រើប្រាស់នានា ដែលអ្នកប៉ះពាល់ញឹកញាប់បំផុតជារៀងរាល់ថ្ងៃ ដូចជាទូរស័ព្ទ ក្តារចុច និងកុំព្យូទ័រជាដើម។
អ្នកជំនាញនិយាយថា មេរោគកូវីដ១៩នេះ អាចរស់នៅបាន ៣ ថ្ងៃលើផ្លាស្ទិកនិងដែកអ៊ីណុក ឬ ដែកមិនច្រេះ ហើយឆ្លង នៅពេលអ្នកប៉ះផ្ទៃដែលមានភាពកខ្វក់ដូចជាការផ្អឹបទូរស័ព្ទនៅលើថ្ពាល់របស់អ្នក នៅពេលអ្នកនិយាយទូរស័ព្ទ។
ប៉ុន្តែអ្នកត្រូវសម្អាតដោយថ្នម បើមិនដូច្នេះទេអ្នកអាចធ្វើឱ្យឧបករណ៍របស់អ្នកខូច។ តទៅនេះ គឺជាអ្វីដែលអ្នកមិនត្រូវធ្វើនៅពេលអ្នកសម្អាតទូរស័ព្ទ៖
កុំបាញ់ទឹកលាងសម្អាតដោយផ្ទាល់ទៅលើទូរស័ព្ទរបស់អ្នក។
កុំដាក់ទូរស័ព្ទទៅក្នុងទឹកលាងសម្អាត។
កុំប្រើឧបករណ៍ដែលប្រើកម្លាំងខ្យល់ ដូចជា ការបាញ់ខ្យល់ដើម្បីសម្អាតក្តារវាយកុំព្យូរទ័រជាដើម។
ជៀសវាងកុំប្រើរបស់ដែលគ្រើម វាអាចធ្វើឲ្យមានស្នាមឆូត។
តើអ្វីដែលយើងអាចរៀនបានពីវិធីសម្អាតទាំងប៉ុន្មានខាងលើនេះ? កុំធ្វើឲ្យទូរស័ព្ទអ្នកសើមឲ្យសោះ។ សូមបញ្ជាក់ម្តងហើយម្តងទៀត គឺកុំធ្វើឲ្យទូរស័ព្ទអ្នកសើមឲ្យសោះ។
តទៅនេះ ជាវិធីដែលអ្នកគួរតែធ្វើដើម្បីសម្អាតទូរស័ព្ទរបស់អ្នក៖
ជាដំបូង អ្នកត្រូវបិទទូរស័ព្ទរបស់អ្នកសិន ហើយដកខ្សែរបញ្ចូលថ្មផងដែរ។ អ្នកត្រូវតែពិនិត្យមើលឲ្យប្រាកដថា ពេលអ្នកសម្អាតទូរស័ព្ទរបស់អ្នក ទូរស័ព្ទរបស់អ្នកមិនកំពុង បញ្ចូលថ្មទេ ហើយទូរស័ព្ទរបស់អ្នកក៏មិនត្រូវសើមដែរ។
ប្រើក្រណាត់ជូតសម្អាតដែលមានជាតិអាល់កុល ៧០ភាគរយ ដូចជាក្រណាត់ជូតនៅក្នុងប្រអប់ដែលអ្នកអាចទាញយកមកប្រើមួយផ្ទាំងម្តង។ រោងចក្រផលិតទូរស័ព្ទiPhone របស់ក្រុមហ៊ុន Apple បានឲ្យដឹងថា នៅពេលដែលអ្នកប្រើក្រណាត់ជូត អ្នកត្រូវជូតវាដោយថ្នមៗ។ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត AT&T ផ្តល់អនុសាសន៍ថា អ្នកត្រូវពួតទឹកចេញពីក្រណាត់ជូតនោះឲ្យអស់ មុនពេលអ្នកយកវាទៅជូតសម្អាតទូរស័ព្ទរបស់អ្នក។
ក្រដាស និងក្រណាត់ធម្មតា ក៏អាចយកមកជូតសម្អាតទូរស័ព្ទបានដែរ ដោយបាញ់ទឹកលាងសម្អាតនៅលើក្រដាស និងក្រណាត់នោះ។ កុំបាញ់ទឹកលាងសម្អាតដោយផ្ទាល់ទៅលើទូរស័ព្ទរបស់អ្នក។
ប្រភេទក្រណាត់ផ្សេងទៀត ដែលអាចយកមកជូតសម្អាតទូរស័ព្ទបានដែរនោះ គឺក្រណាត់ដែលអ្នកប្រើដើម្បីជូតសម្អាតកញ្ចក់ម៉ាស៊ីនថត និងវែនតារបស់អ្នក។
រីឯក្រុមហ៊ុន Google ឲ្យយោបល់ថា អ្នកអាចសម្អាតទូរស័ព្ទរបស់អ្នកដោយយកក្រណាត់ទៅផ្សើមតិចៗនឹងសាប៊ូនិងទឹក ដរាបណា អ្នកមិនធ្វើឲ្យទូរស័ព្ទរបស់អ្នកសើម ពីព្រោះបើទូរស័ព្ទអ្នកសើម វានឹងអាចខូចបាន។
ចំណែកឯក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទធំជាងគេបំផុតនៅក្នុងពិភពលោកនោះថា ខ្លួននឹងមានអ្វីមួយថ្មីដើម្បីសម្អាតទូរស័ព្ទ នោះគឺសេវាកម្មសម្អាតទូរស័ព្ទដោយមិនគិតថ្លៃ ដែលពាក់ព័ន្ធទៅនឹងការប្រើពន្លឺ UV។ សេវាកម្មនេះ នឹងមានផ្តល់ជូននៅក្នុងហាងលក់ទូរស័ព្ទ Samsungនិងមណ្ឌលសេវាកម្មមួយចំនួន ដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Samsung នឹងពង្រីកសេវាកម្មនេះ ទៅបណ្តាប្រទេសដទៃទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ការសម្អាតទូរស័ព្ទគឺជា វិធានការមួយក្នុងចំណោមវិធានការជាច្រើនដែលមន្រ្តីសុខាភិបាលណែនាំឲ្យអនុវត្តដើម្បីកាត់បន្ថយការរាតត្បាតនៃមេរោគកូវីដ ១៩៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់