នៅសល់តែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ សាលាឧទ្ធរណ៍នឹងបើកសវនាការកាត់ក្តីបណ្តឹងជំទាស់របស់សកម្មជនការពារបរិស្ថានបីរូបរបស់ចលនាមាតាធម្មជាតិក្នុងសំណុំរឿងទប់ស្កាត់ការបូមខ្សាច់នៅក្នុងខេត្តកោះកុង។ មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តនេះ បានឲ្យដឹងថា សកម្មជនទាំងបីបានចាកចេញពីប្រទេសកម្ពុជា ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។
សកម្មជនការពារបរិស្ថានបីរូបនោះរបស់ចលនាមាតាធម្មជាតិ បានចាកចេញពីប្រទេសកម្ពុជា ដោយបារម្ភអំពីបញ្ហាសន្តិសុខផ្ទាល់ខ្លួន ខណៈដែលសាលាឧទ្ធរណ៍គ្រោងបើកសវនការលើបណ្តឹងជំទាស់របស់ពួកគេ ពាក់ព័ន្ធនឹងការផ្តន្ទាទោសរបស់តុលាការខេត្តកោះកុង ក្នុងសំណុំរឿងទប់ស្កាត់ការបូមខ្សាច់។ នេះបើយោងទៅតាមការបញ្ជាក់ពីសកម្មជនការពារបរិស្ថានម្នាក់ក្នុងចំណោមអ្នកទាំងបីនាក់ និងមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង។
សាលាឧទ្ធរណ៍ បានកោះហៅក្រុមមេធាវីការពារក្តី សកម្មជនទាំងបីរូបដែលរួមមាន លោក សាន់ ម៉ាឡា លោកទ្រី សុវិគា និង លោក ស៊ីម សំណាង ឲ្យចូលរួមសវានាការដែលនឹងធ្វើឡើង នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧។
លោក សាន់ ម៉ាឡា ប្រាប់ VOA តាមការសន្ទនាលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃអង្គារនេះថា ក្រុមសកម្មជនបានចាកចេញពីប្រទេសកម្ពុជាជាច្រើនថ្ងៃមកហើយ ហើយបដិសេធមិនចូលរួមការជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍។ លោកនិយាយថា រូបលោក និងសកម្មជនទាំងពីរនាក់ផ្សេងទៀតអាចនឹងត្រូវចាប់ឃុំខ្លួនក្នុងពន្ធនាគារជាថ្មី ប្រសិនបើពួកគេទៅចូលរួមការកាត់ក្តីនោះ។
លោកបញ្ជាក់បន្តថា ការចាប់ខ្លួននេះ អាចនឹងត្រូវបានធ្វើឡើង តាមបណ្តឹងរបស់ព្រះរាជអាជ្ញារងមួយរូបដែលបានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ក្នុងពេលស្របគ្នាជាមួយបណ្តឹងរបស់សកម្មជនទាំងបីរូបដែលប្តឹងទាមទារឲ្យសាលាឧទ្ធរណ៍ទម្លាក់ចោលសាលក្រមរបស់តុលាការខេត្តកោះកុង។
លោក សាន់ ម៉ាឡា ថ្លែងថា៖ «បណ្តឹងរបស់យើងប្រហែលជាមិនអាចយកឈ្នះបណ្តឹងរបស់ព្រះរាជអាជ្ញា ហើយក៏ប្រហែលជាមានផែនការ ក្នុងការនាំខ្លួនពួកយើងទៅកាន់ពន្ធនាគារម្តងទៀត អញ្ចឹងហើយ បានជាយើងសម្រេចចិត្តថា ប្រហែលជា នឹងមិនចូលរួមនៅក្នុងសវនាការនៅថ្ងៃទី៣១ ហ្នឹងទេ»។
លោក សាន់ ម៉ាឡា បន្ថែមថា រូបលោក និងសកម្មជនពីររូបផ្សេងទៀត កំពុងស្ថិតក្នុងទីសុវត្ថិភាពមួយ នៅក្រៅប្រទេសកម្ពុជា។
«ឥឡូវហ្នឹង ខ្ញុំមកដល់កន្លែងដែលមានសុវត្ថិភាព ក៏ប៉ុន្តែមិនទាន់អាចជម្រាបបានថា ស្ថិតនៅក្នុងប្រទេសណាមួយ»។
សកម្មជនការពារបរិស្ថានទាំងបីរូប ត្រូវបានតុលាការខេត្តកោះកុង កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ កាលពីខែកក្កដា ឆ្នាំ២០១៦ ពីបទ «គំរាមកំហែង និងធ្វើឲ្យខូចខាត»។ ប៉ុន្តែដោយសារពួកគេបានស្ថិតក្នុងពន្ធនាគារចំនួន១០ខែនិង១៥ថ្ងៃហើយនោះ តុលាការបានសម្រេចព្យួរទោសដែលនៅសេសសល់ ហើយដោះលែងពួកឲ្យមានសេរីភាពវិញ។
តុលាការខេត្តកោះកុង បានតម្រូវឲ្យសកម្មជនទាំងបីនាក់សងជំងឺចិត្តទៅក្រុមហ៊ុន Direct Access ចំនួន ១០០ លានរៀល (ឬប្រមាណជា២៥.០០០ដុល្លារ) និង២លានរៀល (ឬប្រមាណ៥០០ដុល្លារ) ទៀតត្រូវចូលបង់ចូលទៅក្នុងថវិកាជាតិ។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូនៅខេត្តកោះកុង ប្រាប់ VOA ថា សកម្មជនទាំងបីរូបបានចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីសកម្មជនម្នាក់ក្នុងចំណោមសកម្មជនទាំងបីរូប គឺលោក សាន់ ម៉ាឡា កាន់តែសកម្មក្នុងការទប់ស្កាត់ សកម្មភាពបូមខ្សាច់នៅខេត្តកោះកុង ការការពារព្រៃកោងកាង និងការអធិប្បាយនានាលើការនាំចេញខ្សាច់ទៅកាន់ប្រទេសសិង្ហបូរី។
មន្ត្រីសិទ្ធិមនុស្សរូបនោះបញ្ជាក់ថា៖ «រឿងទាំងអស់នេះ ធ្វើឲ្យរដ្ឋាភិបាល មិនសប្បាយចិត្ត អញ្ចឹងប្រហែលជាគាត់បានទទួលសារអ្វីមួយ ហើយ ហើយគាត់គិតថា នៅក្នុងប្រទេសកម្ពុជាយើងប្រហែលជាអត់មានសុវត្ថិភាព ចំពោះសកម្មជនដែលលេចធ្លោ អញ្ចឹងគាត់ត្រូវតែទៅរកទីកន្លែង ដែលមានសុវត្ថិភាពបណ្តោះអាសន្នសិនបាទ»។
លោក អ៊ិន គង់ជិត បានបន្ថែមថា ការប្តឹងជំទាស់សាលក្រមសម្រេចដោយតុលាការខេត្តកោះកុង របស់សកម្មជនទាំងបី ធ្វើឡើង ដោយសារពួកគេមិនមានលទ្ធភាពសងប្រាក់ទៅក្រុមហ៊ុន។ លោកមិនអាចផ្តល់សេចក្តីអធិប្បាយ លើបណ្តឹងរបស់លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារងនៃតុលាការខេត្តកោះកុង ដែលបានដាក់ទៅសាលាឧទ្ធរណ៍បាននោះទេ។
លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារងនៃតុលាការខេត្តកោះកុង ប្រាប់ VOA ថា សកម្មជនការពារបរិស្ថាន បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ តែលោកមិនធ្វើការអធិប្បាយលើបណ្តឹងរបស់លោកទៅកាន់សាលាឧទ្ធរណ៍នោះឡើយ។
«ខ្ញុំដូចអត់ចាំទេ ប៉ុន្តែដឹងថាមានប្តឹងឧទ្ធរណ៍ រឿងហ្នឹង»។
VOA មិនទាន់អាចទាក់ទង លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍បានទេនៅថ្ងៃអង្គារ នេះ ដោយទូរស័ព្ទលោក រោទិ៍តែគ្មានអ្នកទទួល។
អ្នកស្រី សាម សុគន្ធា មេធាវីការពារក្តីសកម្មជនការពារបរិស្ថានទាំងបីនាក់នេះ មានប្រសាសន៍ថា អ្នកស្រីនឹងពិចារណា ក្នុងការចូលរួមសវនាការ នាពេលខាងមុខ។ អ្នកស្រី សុំមិនធ្វើការអធិប្បាយអំពីការចេញទៅក្រៅប្រទេសរបស់សកម្មជនការពារបរិស្ថានទាំងបីនាក់នេះ។
អ្នកស្រីថ្លែងប្រាប់ VOA ថា៖ «អត់ទាន់ដឹងថា យ៉ាងម៉េចទេ ដោយសារខ្ញុំរវល់ច្រើនដែរ ចាំមើលសិនព្រោះនៅពេលច្រើនដែរ»។
តុលាការខេត្តកោះកុង បានសម្រេចឃុំខ្លួនសកម្មជននៃចលនាមាតាធម្មជាតិទាំងបីនាក់ បន្ទាប់ពីពួកគេបើកយុទ្ធនាការកាលពីខែកក្កដាឆ្នាំ២០១៥ ដើម្បីបណ្ដេញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនពីរគឺក្រុមហ៊ុន Direct Access និង International Rainbow Company ដែលបានដំណើរការបូមខ្សាច់ជាច្រើនខែ នៅមុនយុទ្ធនាការនោះចាប់ផ្ដើមឡើងនៅក្នុងតំបន់ជីផាត់ និងព្រែកអណ្ដូងទឹក ដែលស្ថិតនៅក្នុងស្រុកថ្មបាំង និងស្រុកបុទុមសាគរ ខេត្តកោះកុង៕