ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អណ្តូង​រ៉ែ​មាស​បាក់​កប់​មនុស្ស​៧​នាក់​នៅ​ខេត្ត​ព្រះវិហារ


បុរស​ម្នាក់​ជិះ​ម៉ូតូ​កាត់​​ផ្លាក​ក្រុមហ៊ុន Cambodia Iron Group សម្រាប់​គម្រោង​​វិនិយោគ​អណ្តូង​រ៉ែ​ដែក​មួយ​របស់​ក្រុមហ៊ុន​ចិន​​ក្នុង​ខេត្ត​ព្រះវិហារ​ក្នុង​​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ។ (១០ កុម្ភៈ ២០១៣)
បុរស​ម្នាក់​ជិះ​ម៉ូតូ​កាត់​​ផ្លាក​ក្រុមហ៊ុន Cambodia Iron Group សម្រាប់​គម្រោង​​វិនិយោគ​អណ្តូង​រ៉ែ​ដែក​មួយ​របស់​ក្រុមហ៊ុន​ចិន​​ក្នុង​ខេត្ត​ព្រះវិហារ​ក្នុង​​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ។ (១០ កុម្ភៈ ២០១៣)
យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​៧​នាក់​បាត់​ខ្លួន​ក្នុង​ការ​បាក់​អណ្តូងរ៉ែ​មាស​មួយ​នៅ​ភូមិ​ត្រពាំង​ទទឹម ​ឃុំ​រម្យទម ​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ នេះ​បើតាម​ការ​ឱ្យ​ដឹង​ជា​បឋម​របស់​មន្ត្រី​ប៉ូលិស​ក្នុង​ឃុំ។

ហេតុការណ៍​បាន​កើត​ឡើង​កាល​ពី​ព្រឹក​មិញ​នេះ​បន្ទាប់ពី​ប្រជាជន ​ដែល​គេ​នៅ​មិនទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​បាន​ព្យាយាម​ជីកដី​កាយ​រក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​អណ្តូង​រ៉ែ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម។

លោក ស៊ិន ថន ​អធិការ​នគរបាល​ឃុំ​រម្យទម​បាន​បញ្ជាក់​ថា​រហូត​មក​ទល់​ល្ងាច​នេះ​ក្រុម​ប្រជា​ពលរដ្ឋ​ កំពុង​ព្យាយាម​សង្គ្រោះ​ជនរងគ្រោះ​នៅឡើយ។ ប៉ុន្តែ​ការសង្គ្រោះ​នោះ​មាន​ការពិបាក​ខ្លាំង​ដោយ​ហេតុថា ​អណ្តូង​ដែល​បាក់​នោះ​មាន​ជម្រៅ​ជ្រៅ ​ហើយ​ជា​អណ្តូង​ដែល ​មាន​អាយុកាល​យូរ​ឆ្នាំ​មក​ហើយ។

«អត់​ដឹង​ថា​បាត់ឈ្មោះ​អ្វី ​ហើយ​អត់​ដឹងថា​អ្នកណា។ អ្នក​មកពី​ចម្ងាយ​ដល់​ពេល​អីចឹង​យើង​ក៏​អត់​ដឹង។ ប៉ុន្តែ​ដោយ​ឡែក​អ្នក​ភូមិ​បាត់​តែ​ម្នាក់​ទេ»។

អធិការ​ដដែល​បញ្ជាក់​ថា ​ជា​រៀងរាល់​ថ្ងៃ​មាន​ប្រជា​ពលរដ្ឋ​ប្រហែល​ ៥០ ​ទៅ​ ៦០​នាក់​ដែលមាន​ទាំង​អ្នក​ភូមិ ​និង​អ្នក​មកពី​ចម្ងាយ​ផង​បាន​ចូលទៅ​ជីក​រក​រ៉ែ​មាស​ក្នុង​តំបន់​គ្រោះថ្នាក់​នេះ។ លោក​បញ្ជាក់បន្ថែម​ថា​អាជ្ញាធរ​បាន​ព្រមាន​ពលរដ្ឋ​ទាំងនេះ​ជា​ច្រើន​ដង​ប៉ុន្តែ​ពួកគាត់​នៅតែ​បន្ត​អាជីវកម្ម​ដោយ​ប្រថុយ​ប្រថាន​ដដែល។

«រណ្តៅ​នេះ​ខ្ញុំ​បាន​ប្រាប់​ប៉ុន្មាន​ដង​ហើយ។ ៣ ៤ ៥ ៦​ដង​ហើយ​តែ​ប្រជាពលរដ្ឋ​គាត់​អត់​ស្តាប់​អត់​ខ្លាច។ ដល់​បាក់​ទៅ​អីចឹ​ង​ទៅ ​ចូល​កាយ​ទៅ​ក៏​មិនកើត​ដែរ​ពីព្រោះ​ថា​ចូល​កាយ​ទៅ​វា​បាក់​ថែមទៀត ហើយ​គ្រោះ​ថា្នក់​អ្នក​កាយ​ទៀត»។

យោង​តាម​មន្ត្រី​នគរបាល​ដដែល​ឲ្យ​ដឹង​ថា​មានតែ​យុវជន​អាយុ១៨​ឆ្នាំ​ម្នាក់​គត់​ដែល​បាន​រួចខ្លួន​ពី​ការ​បាក់​អណ្តូងរ៉ែ​នេះ។

លោក​ប្រាក់ សុខុន ​មេឃុំ​រម្យទម​បញ្ចាក់​ថា​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ក្រុម​អាជ្ញាធរ​ឃុំ​បាន ​យក​គ្រឿង​ចក្រ​ដើម្បី​ជីក​គាស់​កាយ​ដើម្បី​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ដែល​ជាប់​ក្នុង​រណ្តៅ​ដែល​មាន​ជម្រៅ​ប្រហែល​ជាង​១០០​ម៉ែត្រ។

«វា​ត្រូវ​ម្នាក់​បាក់​ដី​សង្កត់។ ហើយ​មាន​មាន​ក្រុម​ផ្សេងៗ​ទៀត​ហ្នឹង​មិនដឹង​ថា​យ៉ាងម៉េច។ កំពុង​រៀបចំ​សង្គ្រោះ​យក​អាអ៊ិច​មក​កាយ​ដី​ដែល​សង្កត់»។

យោង​តាម​សម្តី​របស់​មន្ត្រី​ប៉ូលិស​ម្នាក់​នៅក្នុង​ស្រុក​រវៀង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹង​ថា​ពីមុន​មក​ក៏​ធ្លាប់​មាន​ករណី​បាក់​រណ្តៅ​រ៉ែ​ហើយ​មាន​ចំនួន​មនុស្ស​ស្លាប់ ​ប៉ុន្តែ​លើក​នេះ​មាន​ចំនួន​មនុស្ស​ដែល​ជាប់​មាន​ចំនួន​ច្រើន៕
XS
SM
MD
LG