ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​ជន​រងគ្រោះ​និង​សហជីព​ចង់​បាន​ការ​ធានា​សុវត្ថិភាព​របស់​កម្មករ 


អ្នកស្រី​នួន ឆវី ជា​ភរិយា​របស់​សព​លោក​ រីម សារឿន​​​ដែល​ជា​កម្មករ​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​​​ហេតុ​ការណ៍​បាក់​ធ្លាក់​ពិដាន​ឡៅតឿ​មួយ​​​​​​នៃ​​​រោងចក្រ​​​ផលិត​​​ស្បែក​​​​ជើង វីង​ស្តារ​នៅ​ថ្ងៃ​ទី​ ១៦ ខែ​ឧសភា ឆ្នាំ​២០១៣។
អ្នកស្រី​នួន ឆវី ជា​ភរិយា​របស់​សព​លោក​ រីម សារឿន​​​ដែល​ជា​កម្មករ​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​​​ហេតុ​ការណ៍​បាក់​ធ្លាក់​ពិដាន​ឡៅតឿ​មួយ​​​​​​នៃ​​​រោងចក្រ​​​ផលិត​​​ស្បែក​​​​ជើង វីង​ស្តារ​នៅ​ថ្ងៃ​ទី​ ១៦ ខែ​ឧសភា ឆ្នាំ​២០១៣។
ខេត្តតាកែវ៖ បន្ទាប់​ពី​ឧប្បទេវហេតុ​បាក់​ធ្លាក់​ពិដាន​ឡៅតឿ​នៃ​រោងចក្រ​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សមាជិក​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​តំណាង​សហជីព​ការ​ងារ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ធានា​សុវត្ថិភាព​ការងារ​របស់​ក្រុម​កម្មករ ដែល​កំពុង​ធ្វើការ​ក្នុង​រោងចក្រ​កាត់​ដេរ​នៅ​ទូទាំង​ប្រទេស។ចាប់​ពី​ពេល​នេះ​ទៅ អ្នកស្រី គីម លាប លែង​បាន​ឃើញ​មុខ​កូន​ប្រុស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ស្រីត​ទៅទៀត​ហើយ។

កូន​របស់​អ្នកស្រី​ឈ្មោះ រីម សារឿន គឺ​ជា​កម្មករ​ម្នាក់​ក្នុង​ចំណោម​ពីរនាក់​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុ​ការណ៍​បាក់​ធ្លាក់​ពិដាន​ឡៅតឿ​មួយនៃ​រោងចក្រ​ផលិត​ស្បែកជើង វីង​ស្តារ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

កម្មករ​រីម សារឿន​បាន​បន្សល់​ទុក​នូវ​ប្រពន្ធ​ និងកូន​ប្រុស​ម្នាក់​ដែល​ទើប​មាន​អាយុ​បាន​១ខែ។​

លោក រីម រ៉ន គឺ​ជាពូ​របស់​សព​កម្មករ​រីម សារឿន ដែល​រស់នៅ​ទី​នេះ​ក្នុង​ភូមិ​ត្រាំ​ត្បាល់ ឃុំ​ក្រាំងលាវ ស្រុក​បាទី ខេត្ត​តាកែវ ដែល​មាន​ចម្ងាយ​ជាង​៥០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។​
លោក​ក៏​ធ្វើ​ការ​នៅក្នុង​រោងចក្រ វីង​ស្តារ​នោះ​ដែរ។​

«ខ្ញុំ​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​រោងចក្រ​ហ្នឹង​ទៅ ​ឲ្យ​មាន​សុវត្ថិភាព​ដល់​បុគ្គលិក​ កម្មករ​អី​ទាំង​អស់​ ដែល​គេ​ចូល​ជំនាន់​ក្រោយ ​ដែល​អត់​ទាន់​មាន​បញ្ហា​អី​កើត​ឡើង ឲ្យ​ប្រយ័ត្ន​ប្រយែង​កុំ​ឲ្យ​មាន​បញ្ហាអញ្ចឹង​ទៀត»។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ឧប្បទេវហេតុ​បាក់​ធ្លាក់​ពិដាន​ឡៅតឿ​នៃ​រោងចក្រ​វីងស្តារ​នេះ​បាន​បង្កើន​ក្តី​ព្រួយ​បារម្ភ​បន្ថែម​ទៀត​ចំពោះ​ស្ថានភាព​ការងារ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នៅ​តាម​បណ្តា​រោងចក្រ​កាត់ដេរ​នានា​ក្នុង​តំបន់​អាស៊ី បន្ទាប់​ពី​ហេតុការណ៍​រលំ​អគារ​រោងចក្រកាត់ដេរ​នៅ​ប្រទេស​បង់ក្លា​ដែស​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង​១​ពាន់នាក់កាលពី​ខែ​មុន។​

បច្ចុប្បន្ន មានកម្មករ​ខ្មែរ​ប្រមាណ​៥០​ម៉ឺននាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង នៅ​តាម​រោងចក្រ​ជាង​៥០០​នៅ​ទូទាំង​ប្រទេស។​

វិស័យ​នេះ​បាន​នាំ​ចេញ​ផលិតផល​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប ដោយ​បាន​ទឹក​ប្រាក់​ប្រមាណ​៤​ពាន់​៥​រយ​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។​

ប៉ុន្តែ ក្រុម​សហជីព​និង​កម្មករ​មួយ​ចំនួន​បាន​លើកឡើង​ថា ​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​នេះ​ទទួល​បាន​ប្រាក់​កម្រៃ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ហើយ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​ក្នុង​ស្ថាន​ភាព​លំបាក​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ទៀត​ផង។​

លោក​អាត់​ ធន​គឺ​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាលកម្ពុជា​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​អំពី​សុវត្ថិភាព​ការងារ​របស់​កម្មករ ដើម្បី​បញ្ជៀស​ឧប្បទេវហេតុ​ដូច​ដែល​បាន​កើតឡើង​នៅ​រោង​ចក្រ​វីងស្តារ​នេះ។​

«សូម្បី​តែ​អគារ​ដែល​ទើប​សាងសង់​បាន​១ឆ្នាំ វាបាក់​ទៅ​ហើយ​ ចុះ​ចំណែក​អគារ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា? អញ្ចឹង​វា​ជា​ការ​ព្រួយបារម្ភ​របស់​កម្មករ នយោជិត​និង​អ្នក​ធ្វើ​ការ​ខ្លាំង​មែន​ទែន ព្រោះ​តាម​យើង​ដឹង នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ការ​ត្រួត​ពិនិត្យ​មើល​លក្ខណៈ​បច្ចេក​ទេស​សំណង់​ ក៏​ដូចជា​ការ​ស្នើ​សុំ​ឲ្យមាន​ការ​សាង​សង់​តាម​លក្ខណៈ​បច្ចេក​ទេស​នោះ ដូចជា​មិន​ទាន់​បាន​ល្អ​នៅឡើយ​ទេ»។​

​លោក​អ៊ិត សំហេង គឺ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​និង​ស្តារ​យុវនីតិ​សម្បទា​ដែល​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ក្នុង​បរិវេណ​រោងចក្រ​វីង​ស្តារ​នេះ។​

«ក្នុង​នាម​ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ យើង​សូម​ចូលរួម​មរណទុក្ខ​ក្រៀមក្រំ​បំផុត​ចំពោះ​ក្មួយ​កម្មករ​របស់​យើង​ទាំង​ពីរ​នាក់​ដែល​បាន​ទទួល​មរណភាព ហើយ​រាជ​រដ្ឋាភិបាលនឹង​ចាត់​វិធាន​ការណ៍​ស៊ើប​អង្កេត​ករណី​នេះ ហើយ​នឹង​ចាត់​វិធានការដើម្បី​ទប់ស្កាត់ ​បង្ការ​កុំ​ឲ្យ​មាន​ករណី​នេះ​កើត​ឡើង​ទៀត»។

យ៉ាង​ណាក៏​ដោយ នៅ​ពេលនេះ​ក្រុម​គ្រួសារ​សពកម្មករ​ដែល​បាន​ស្លាប់បាន​ត្រឹម​តែ​នឹក​ស្រណោះ​ អាឡោះអាល័យ​កូន​ក្មួយ​ជាទី​ស្រឡាញ់​របស់​ពួក​គេ​ប៉ុណ្ណោះ។​

សម្រាប់​អ្នក​ស្រី នួន ឆវី​វិញ អ្នក​ស្រី​បាន​ត្រឹម​តែ​នៅ​សំឡឹង​មើល​រូបថត​និង​មឈូស​ដាក់​សាកសព​ប្តី​របស់​អ្នក​ស្រី ហើយ​រំពៃ​គិត​ថា តើ​អនាគត​របស់​អ្នក​ស្រី និង​កូន​ប្រុស​អាយុ​១ខែ​នេះ​នឹង​ត្រូវទៅ​ជា​យ៉ាង​ណា?
XS
SM
MD
LG