កាលពីថ្ងៃសុក្រ មនុស្សរាប់ពាន់នាក់ដែលបានស្រែកបន្ទរថា «Ali» បានឈរនៅតាមដងផ្លូវនៃក្រុងកំណើតរបស់ជនជាតិអាមេរិកាំងកាន់សាសនាឥស្លាមល្បីឈ្មោះជាងគេ ដើម្បីនិយាយលាចុងក្រោយបង្អស់ដល់លោក Muhammad Ali កីឡាករប្រដាល់ល្បីឈ្មោះជាងគេដែលបានទទួលមរណភាពកាលពីមួយសប្តាហ៍មុននេះក្នុងជន្មាយុ៧៤ឆ្នាំ។
ក្តារមឈូលោក Ali ដែលមានគ្របដោយក្រណាត់មួយតាមបែបសាសនាឥស្លាម បានត្រូវដាក់ក្នុងឡានដឹកមឈូសមួយដែលបានដឹកនាំសាកសពលោកកាត់កន្លែងសំខាន់ៗសម្រាប់លោក គឺផ្ទះដែលលោកធ្លាប់រស់នៅកាលពីកុមារ កន្លែងហាត់ប្រាណដែលលោកបានរៀនដាល់ដំបូង និងសារមន្ទីរដែលមានដាក់ឈ្មោះលោក។
នៅពេលដែលក្បួនដង្ហែសពបើកតាមផ្លូវ ក្រុមមនុស្សបាននិយាយលាលោក Ali ចុងក្រោយបង្អស់ដោយស្រែកបន្ទរពាក្យដដែលៗ បង្ហាញសញ្ញា និងពាក់អាវយឺតមានរូបលោក Ali ហើយនៅតាមផ្លូវខ្លះមានមនុស្សរត់តាមឡានដឹកក្តារមឈូសលោក។ នៅពេលបញ្ចប់ការហែសពនេះ កញ្ចក់ខាងមុខនៃឡានដឹកមឈូសឹងតែមានពេញដោយផ្កាដែលបានត្រូវដាក់ដោយមនុស្សដែលចូលចិត្តលោក។
ពិធីរំលឹកវិញ្ញាណក្ខន្ធជាសាធារណៈមួយនឹងមានធ្វើនៅឯកីឡាដ្ឋានមួយក្នុងក្រុង Louisville នៅរសៀលថ្ងៃសុក្រតាមពេលវេលាស.រ.អា.ដែលនៅពេលនោះលោកអតីតប្រធានាធិបតី Bill Clinton និងអ្នកកំប្លែង Billy Crystal នឹងថ្លែងវិយោគកថាជូនជាកិត្តិយសដល់លោក Ali។
សពលោក Ali នឹងត្រូវបញ្ចុះនៅក្នុងពិធីឯកជនមួយនៅក្នុងកន្លែងបញ្ចុះសព Cave Hill ដែលលោកបានជ្រើសរើសជាកន្លែងសម្រាកចុងក្រោយបង្អស់របស់លោកកាលពីមួយទសវត្សរ៍មុននេះ ហើយជាកន្លែងមួយក្នុងបណ្តាកន្លែងនានាដែលបានត្រូវចុះឈ្មោះថាជាកន្លែងប្រវត្តិសាស្ត្រជាតិ។
លោកស្រី Valerie Jarrett ទីប្រឹក្សាជាន់ខ្ពស់សេតវិមាននឹងអានសារលិខិតមួយច្បាប់ពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលឋិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងពិធីកូនស្រីលោកទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាក្នុងវិទ្យាល័យ៕