លោក Muhammad Ali ដែលជានិមិត្តរូបកីឡាប្រដាល់អាមេរិកបានទទួលមរណភាពហើយ បន្ទាប់ពីលោកមានជំងឺ Parkinson's ដែលជាជំងឺប្រព័ន្ធប្រសាទដែលធ្វើឲ្យញ័ររាងកាយនិងពិបាកធ្វើចលនា អស់រយៈពេល៣២ឆ្នាំ។ លោកបានទទួលមរណភាពក្នុងជន្មាយុ ៧៤ឆ្នាំ។
អតីតជ័យលាភីកីឡាប្រដាល់ទម្ងន់ធ្ងន់លំដាប់ពិភពលោករូបនេះមានបញ្ហាផ្លូវដង្ហើមដោយសារតែជំងឺប្រព័ន្ធប្រសាទរបស់លោកដែលកើតមានឡើងតាំងពីទសវត្សរ៍១៩៨០មកម្លេ៉ះ។
លោក Ali ដែលមានទាំងអ្នកស្រឡាញ់ចូលចិត្តនិងជាអ្នកដែលមានបញ្ហាចម្រូងចម្រាសនោះ បានទទួលប្រជាប្រិយភាពខាងកីឡាប្រដាល់យ៉ាងសម្បើមដែលធ្វើឲ្យទស្សនាវដ្តី Sports Illustrated ហៅលោកថាជាវីរៈបុរសកីឡាប្រចាំសតវត្សរ៍ទី២០។ ដោយល្បីល្បាញខាងភាពមានអំនួត ទឹកចិត្តស្រឡាញ់ និងការប្រើប្រាស់ពាក្យរបស់លោក លោកបាននិយាយយ៉ាងល្បីល្បាញថា លោកអាចហោះសំកាំងដូចជាសត្វមេអំបៅនិងទិចដូចជាសត្វឃ្មុំ។
លោក Ali គឺជាកូនរបស់វិចិត្រករម្នាក់នៅក្នុងរដ្ឋ Kentucky ហើយលោកបានចាប់ផ្តើមចូលប្រឡូកក្នុងកីឡាប្រដាល់ បន្ទាប់ពីពួកជើងកាងដែលនៅក្បែរផ្ទះរបស់លោកបានលួចកង់របស់លោក។ គ្រូបង្វឹករបស់លោកបាននិយាយថា ពីមុនលោកមានឈ្មោះថា Cassius Clay ដែលបានធំឡើងដោយមានទេពកោសល្យនិងការប្តេជ្ញាចិត្ត។
កាលពីឆ្នាំ១៩៦៤ លោក Ali បានធ្វើឲ្យអ្នកគាំទ្រកីឡាករ Sonny Liston មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានយកឈ្នះលើលោក Liston ហើយទទួលបាននាមជាជ័យលាភីកីឡាប្រដាល់ទម្ងន់ធ្ងន់លំដាប់ពិភពលោកលើកដំបូងបង្អស់សម្រាប់លោក៕