ការឡោមព័ទ្ធដោយយោធារយៈពេលមួយសប្តាហ៍របស់រដ្ឋាភិបាលអេត្យូពី ទៅលើតំបន់ Tigray បាននាំឱ្យមានការរំជើបរំជួលដល់រដ្ឋបាលក្នុងស្រុក គឺមួយថ្ងៃបន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានភៀសខ្លួនពីអេត្យូពីចូលទៅប្រទេសស៊ូដង់ ចំពេលមានអ្វីដែលអង្គការការពារសិទ្ធិមនុស្សអន្តរជាតិមួយហៅថា ការសម្លាប់រង្គាលកាលពីដើមសប្តាហ៍នេះ។
នាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed បានប្រកាសកាលពីថ្ងៃសុក្រថា សភាបានតែងតាំងមេដឹកនាំថ្មីមួយរូបប្រចាំតំបន់ Tigray បន្ទាប់ពីបានដកអភ័យឯកសិទ្ធិពីប្រធានតំបន់ភាគខាងជើងនេះ និងមេដឹកនាំគណបក្សនយោបាយ គឺរណសិរ្សរំដោះប្រជាជន Tigray។ មេដឹកនាំនៅតំបន់ភាគខាងជើង Tigray ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និងភេរវកម្ម។
អង្គការសហប្រជាជាតិ បានព្រមានរួចហើយអំពីវិបត្តិមនុស្សធម៌ដែលអាចកើតមានដោយសារតែជនភៀសខ្លួនប្រមាណ១.១០០នាក់ ចូលទៅក្នុងប្រទេសស៊ូដង់ដើម្បីគេចចេញពីអំពើហិង្សា។
ភាពតានតឹងបានកើនឡើងចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា នៅពេលដែលតំបន់ Tigray ដែលជារដ្ឋនៅភាគខាងជើងបំផុតនៃរដ្ឋចំនួនប្រាំបួនរបស់អេត្យូពី បានជម្នះរៀបចំការបោះឆ្នោតក្នុងរដ្ឋ បន្ទាប់ពីលោក Ahmed បានពន្យារពេលការបោះឆ្នោតដោយសារការរាតត្បាតនៃជំងឺកូវីដ១៩៕