ខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីអាមេរិកបញ្ចប់កាលពីថ្ងៃអង្គារម្សិលមិញនេះ អ្នកនយោបាយអាមេរិកាំងសំខាន់ៗកំពុងតែបញ្ចេញទស្សនៈរបស់ពួកគេទៅលើការបោះឆ្នោតជាតិនេះ ដែលនឹងកំណត់ថាតើនរណានឹងគ្រប់គ្រងសភាក្នុងរយៈពេលពីរឆ្នាំទៅមុខទៀត ខណៈដែលអាមេរិកកាន់តែខិតជិតដល់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២០ខាងមុខនេះ។
អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ ដែលអាចក្លាយជាគូប្រជែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខាងគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតប្រធានាធិបតីលើកក្រោយនេះបាននិយាយថា លោកនឹង«ស្រឡាំងកាំង» ប្រសិនបើសមាជិកខាងគណបក្សប្រជាធិបតេយ្យមិនទទួលបានសំឡេងគាំទ្រភាគច្រើនពីរដ្ឋសភាទេនោះ។ លោក Biden ថ្លែងថា «នេះគឺជាការបោះឆ្នោតមួយដ៏សំខាន់បំផុតមួយនៅក្នុងជីវិតរបស់ខ្ញុំ។ វាគឺជាការបោះឆ្នោតទៅលើអត្តសញ្ញាណរបស់អាមេរិក»។
លោក Eric Trump ដែលជាកូនប្រុសម្នាក់របស់លោកប្រធានាធិបតី បានថ្លែងថា ឈ្មោះ«របស់ឪពុកលោកមិនស្ថិតនៅលើសន្លឹកឆ្នោតនោះទេ ប៉ុន្តែអាមេរិកកំពុងទទួលបានជ័យជម្នះ។ យើងកំពុងតែឈ្នះលើអ្វីៗគ្រប់យ៉ាងក្នុងពេលឥឡូវនេះ»។ លោក Eric Trump បានអះអាងថា ឪពុករបស់លោក«បានធ្វើឲ្យអាមេរិកក្លាយជាប្រទេសដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក»។ លោកបានថ្លែងទៀតថា «ប្រសិនបើគ្នីគ្នារបស់លោក ត្រាំ ទទួលបានជ័យជម្នះនៅក្នុងថ្ងៃនេះ យើងឈ្នះ។ ប្រទេសនេះកំពុងតែទទួលបានជ័យជម្នះ។ ខ្ញុំមានន័យថា យើងកំពុងតែឈ្នះ។ ប្រទេសរបស់យើងកំពុងតែវិវត្តយ៉ាងអស្ចារ្យ»៕