មនុស្ស៣១នាក់ទៀត ក្នុងនោះមានបរទេសចំនួន២៩នាក់ និងខ្មែរ២នាក់ នៅក្នុងខេត្តព្រះសីហនុ បានឆ្លងវីរុសកូរ៉ូណា។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញផ្សាយនៅយប់ថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មនុស្ស៣១នាក់នោះដែលមានជនជាតិបារាំង២៩នាក់ និងបុរសខ្មែរ២នាក់ បានឆ្លងវីរុសនេះ។ ជនជាតិបារាំងជាក្រុមដែលមានគ្នាចំនួន៣៦នាក់បានមកលេងខេត្តព្រះសីហនុ។ ជនជាតិបារាំង២៩នាក់ក្នុងចំណោមនោះបានធ្វើតេស្ត និងរកឃើញថាវិជ្ជមាន ក្រោយជនជាតិបារាំង២នាក់ក្នុងក្រុមរបស់គេ ត្រូវបានក្រសួងសុខាភិបាល រកឃើញថាផ្ទុកវីរុសកូរ៉ូណាកាលពីថ្ងៃសៅរ៍។
ជនជាតិបារាំងទាំង២៩នាក់ដែលត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណានាថ្ងៃអាទិត្យនេះ មានស្រ្តីចំនួន១៧នាក់ និងបុរស១២នាក់។ ពួកគេជាភ្ញៀវទេសចររបស់ក្រុមហ៊ុនមួយ ហើយបានមកដល់ខេត្តព្រះសីហនុកាលពីថ្ងៃទី១៨ ខែមីនា និងគ្រោងត្រឡប់ទៅវិញនៅថ្ងៃទី២១ ខែមីនា។ នេះបើតាមក្រសួងសុខាភិបាល។
ចំណែកបុរសខ្មែរ២នាក់នោះ អាយុ៣៩ឆ្នាំ និង៣៣ឆ្នាំ គឺជាមគ្គុទេសក៍ឲ្យជនជាតិបារាំងទាំងនោះ។
សរុបទាំងអស់ ករណីឆ្លងវីរុសកូរ៉ូណានៅកម្ពុជាបានកើនឡើងដល់ដល់៨៤នាក់ហើយមកដល់យប់ថ្ងៃអាទិត្យទី២២ ខែមីនានេះ៕