ទីភ្នាក់ងារគ្រប់គ្រងស្បៀងអាហារនិងថ្នាំពេទ្យរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា FDA បានអនុញ្ញាតលើការធ្វើតេស្តរកវីរុសកូរ៉ូណាថ្មីដែលអាចផ្ដល់លទ្ធផលក្នុងរយៈពេល ៤៥ នាទី។
ទីភ្នាក់ងារ FDA នេះបានផ្ដល់សិទ្ធិបន្ទាន់ដល់ក្រុមហ៊ុន Cepheid របស់សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនបង្កើតការធ្វើតេស្តរកវីរុសកូរ៉ូណាថ្មីដែលផ្ដល់លទ្ធផលយ៉ាងលឿនបាន។
លទ្ធផលពីការធ្វើតេស្តបច្ចុប្បន្ននេះត្រូវការរយៈពេលរាប់ថ្ងៃ ដោយសារតែគេត្រូវបញ្ជូនសំណាកអ្នកជំងឺទៅកាន់មន្ទីរពិសោធន៍ មិនដូចការធ្វើតេស្តដែលបង្កើតឡើងដោយក្រុមហ៊ុន Cepheid ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកនេះទេ។
ការធ្វើតេស្តនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅតាមមន្ទីរពេទ្យ និងកន្លែងសង្គ្រោះបន្ទាន់នានាជាមុនសិន មុននឹងដាក់ឲ្យប្រើប្រាស់នៅតាមទីតាំងថែទាំសុខភាពអ្នកជំងឺ ដូចជាបន្ទប់ពិគ្រោះជំងឺរបស់គ្រូពេទ្យជាដើម។
ក្រុមហ៊ុន Cepheid គ្រោងនឹងចាប់ផ្ដើមលក់ឧបករណ៍តេស្តនេះនៅចុងខែមីនាខាងមុខនេះ៕