អាណាព្យាបាល និងសិស្សានុសិស្សមួយចំនួនក្នុងរាជធានីភ្នំពេញបានជំរុញឱ្យក្រសួង និងគ្រប់គ្រឹះស្ថានអប់រំ ចាត់វិធានការតឹងរ៉ឹងបន្ថែមទៀត ដើម្បីបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិក ដែលពួកគេថា ជាការព្រួយបារម្ភមួយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព និងការសិក្សារបស់សិស្ស។
តួយ៉ាងយុវជនឈ្មោះ តាប់ ជាសុង ជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញប្រាប់វីអូអេថា ការជក់បារីអេឡិចត្រូនិកឬ Vape គឺជារឿងមួយដែលមិនគួរកើតមានសម្រាប់សិស្ស ហើយវាថែមទាំងធ្វើឱ្យប៉ះពាល់ដល់សុខភាព និងមុខមាត់សាលាផងដែរ។
យុវជន តាប់ ជាសុង លើកឡើងថា៖ «វាអាចប៉ះពាល់ទាំងកិត្តិយសសាលា និងការសិក្សារបស់យើង ដោយសារអា Vape ហ្នឹងវាមានសារធាតុនីកូទីន [ពេល]យើងរវល់តែជក់វា វាអាចមានផលប៉ះពាល់ដល់សួតយើងនៅថ្ងៃអនាគត ភ្លេចនឹងការសិក្សា ហើយបើយើងជក់ទៅ អ្នកផ្សេងគេមើលមកថាសិស្សសាលាវាជក់ Vape ខូចកិត្តិយសសាលា»។
សិស្សថ្នាក់ទី៨រូបនេះបញ្ជាក់ទៀតថា កាលពីកន្លងទៅលោកគ្រូ អ្នកគ្រូបានណែនាំ និងហាមប្រាមការជក់បារីគ្រប់ប្រភេទទាំងអស់នេះដែរនៅក្នុងសាលា តែសិស្សមួយចំនួននៅតែមិនយកចិត្តទុកដាក់អនុវត្តតាមការណែនាំនោះឡើយ។
យុវជនតាប់ ជាសុង យល់ថា សិស្សានុសិស្សទាំងអស់គួរតែផ្លាស់ប្តូរទម្លាប់ជក់បារី ជក់ Vape ឬបារីប្រភេទអេឡិចត្រូនិកគ្រប់ទម្រង់ទាំងអស់ហើយ ងាកមកលេងកីឡានិងខិតខំរៀនវិញទើបជារឿងល្អ។
លោកថ្លែងថា៖ «អាចពង្រឹងពីអ្នកនាំចូលបង ព្រោះដោយសារពួកគាត់អ្នកនាំចូលធ្វើឱ្យពួកក្មេងៗអ្នកទិញ។ យ៉ាងណាយើងជាកូនខ្មែរមួយរូបអត់ត្រូវធ្វើអ៊ីចឹងទេ អាចលេងកីឡាកម្សាន្តអីខ្លួនឯង និយាយទៅធ្វើអីក៏បាន កុំឱ្យតែជក់ Vape»។
យុវតីម្នាក់ទៀត កញ្ញា ណាប់ មួយលាង អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១១នៃវិទ្យាល័យព្រះយុគន្ធរ ក្នុងរាជធានីភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ក្នុងនាមជាសិស្សមិនត្រូវមានឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់បារី នៅតាមខ្លួននោះទេ។
កញ្ញានិយាយថា៖ «ខ្ញុំគិតថា វាអត់ល្អ ដោយសារតែយើងជាសិស្សហើយយើងមានអាអេឡិចត្រូនិកហ្នឹងនៅក្នុងខ្លួន គេមើលមកពីខាងក្រៅអត់ល្អទេ ដោយសារតែយើងកំពុងតែនៅវ័យសិក្សាហើយណាមួយវាអត់ល្អដល់សុខភាពទៀត។ វាប៉ះពាល់ដល់សួត។ និយាយទៅវាអត់ល្អ»។
កញ្ញាជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធនៃគណៈគ្រប់គ្រងសាលា ជាពិសេសក្រសួងអប់រំគួរណាស់តែមានវិធានការពង្រឹងបន្ថែមទៀតចំពោះករណីនេះ។
អ្នកស្រី កង សុជាតា គ្រូបង្រៀនគីមីវិទ្យានៃវិទ្យាល័យជាស៊ីមចំរើនរដ្ឋ ក្នុងរាជធានីភ្នំពេញ លើកឡើងថា អ្នកស្រីមិនពេញចិត្តក្នុងការឃើញសិស្សានុសិស្សប្រើប្រាស់បារីអេឡិចត្រូនិក ឬ vape នោះទេ។ អ្នកស្រីថាបារីអេឡិចត្រូនិកមានតម្លៃថ្លៃ ហើយសិស្សដែលបានចំណាយថវិកាដើម្បីទិញបារីនោះអាចនឹងលួច ឬកិបកេងពីឪពុកម្តាយរបស់ពួកគេ។
អ្នកស្រីថ្លែងថា៖ «បើនិយាយពីសេដ្ឋកិច្ចគឺពួកគាត់កូនសិស្ស។ ពួកគាត់កូនសិស្សពួកគាត់អត់ទាន់មានលុយច្រើនទេ អ៊ីចឹងទិញឧបករណ៍ហ្នឹងថ្លៃណាស់។ អ៊ីចឹងបានន័យថាគាត់អាចលួចលុយរបស់ម៉ាក់ប៉ាមក ព្រោះប្រសិនជាសុំផ្ទាល់ម៉ាក់ប៉ាមិនឱ្យទិញអាអ៊ីចឹងទេ»។
គ្រូបង្រៀនគីមីវិទ្យារូបនេះបន្តថាសាលាគួរតែរឹតបន្តឹង និងយកចិត្តទុកដាក់ទៅលើវិន័យ ដើម្បីកុំឱ្យមានសិស្សណាមួយអាចលួចយកបារីអេឡិចត្រូនិកមកប្រើប្រាស់ក្នុងសាលាបាន។ អ្នកស្រីបន្ថែមថាអ្នកស្រីធ្លាប់ចាប់បានសិស្សមួយចំនួនដែលប្រើប្រាស់បារីអេឡិចត្រូនិកក្នុងថ្នាក់ ហើយអ្នកស្រីបានណែនាំ ក៏ដូចជាបានឱ្យសិស្សទាំងនោះធ្វើកិច្ចសន្យា ដោយមិនអនុញ្ញាតឱ្យជក់បារីអេឡិចត្រូនិកម្តងទៀតនោះទេ។
អ្នកស្រីថ្លែងថា៖ «អ្នកគ្រូធ្លាប់ចាប់បានសិស្សមួយចំនួនដែរពេលឃើញគាត់ជក់បារីនេះ [បារីអេឡិចត្រូនិក] ប៉ុន្តែធ្លាប់ចាប់ហើយគាត់ថាអ្នកគ្រូសុំវិញមកព្រោះអាហ្នឹងថ្លៃ។ ដឹងថាអាហ្នឹងអត់ល្អហើយម៉េចនៅតែប្រើ។ អ៊ីចឹងគាត់ក៏ធ្វើកិច្ចសន្យាថាគាត់ឈប់ហើយ ដោយសារឃើញគេប្រើហើយប្រើតាមគេ។ ប៉ុន្តែពេលដែលឱ្យគាត់ទៅវិញ ក៏ជូនដំណឹងទៅថ្នាក់ដឹកនាំសាលាដែរថា សិស្សឈ្មោះនេះថ្នាក់នេះមានប្រើប្រាស់ទៅលើបារីអេឡិចត្រូនិក ហើយខាងលើក៏គេធ្វើការណែនាំដែរ»។
អ្នករត់រម៉កកង់បីម្នាក់ក្នុងរាជធានីភ្នំពេញ លោកអ៊ឹង លាងផេង អាយុ៤៤ឆ្នាំ ប្រាប់វីអូអេថាលោកមិនគាំទ្រជាដាច់ខាតចំពោះការជក់ Vape ឬបារីអេឡិចត្រូនិកផ្សេងៗរបស់សិស្សសាលា ដែលលោកថាជាការព្រួយបារម្ភមួយសម្រាប់លោកដែលជាអាណាព្យាបាលមួយរូបដែរ។
លោកថ្លែងថា៖ «កូនសិស្សជាទំពាំងស្នងឫស្សី ពេលណាគាត់ឈានចូលបញ្ហានៃការជក់រឿងបារី រឿងអីអ៊ីចឹងវាបណ្តាលឱ្យខូចសតិអារម្មណ៍ខូចខួរក្បាលយើង ព្រោះខួរក្បាលក្មេងយើង វានៅខ្ចីកំពុងនៅវ័យសិក្សា អ៊ីចឹងខ្ញុំអត់គាំទ្រឱ្យគាត់ធ្វើរឿងជក់ហ្នឹងទេ។ អ៊ីចឹងបើចៀសបានយើងចៀសទៅ យើងកុំយកវាធ្វើជាអាហារ[មាន] ផ្សែង ខ្ញុំសុំមិនគាំទ្រទេ»។
លោកបន្ថែមទៀតថាក្រៅពីការណែនាំពីខាងក្រសួងអប់រំ អាណាព្យាបាលគ្រប់រូបក៏គួរតែមានការយកចិត្តទុកដាក់ណែនាំកូនៗបន្ថែមទៀតជុំវិញករណីនេះ។
លោកថា៖ «ខ្ញុំមានកូនៗដែរ គឺខ្ញុំត្រូវតែមានវិធានការត្រូវតែហាមឃាត់ដែរ ឱ្យចៀសឱ្យផុតបញ្ហាគ្រឿងញៀន បញ្ហាបារី ផ្សែងបារីហ្នឹង ជាពិសេសគឺខ្ញុំណែនាំកូនកុំឱ្យប៉ះពាល់»។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា ប្រាប់វីអូអេថាការប្រើប្រាស់បារីអេឡិចត្រូនិកបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើក្រុមយុវជនដែលសិ្ថតនៅក្នុងវ័យកំពុងលូតលាស់។ លោកថាការប្រើប្រាស់បារីអេឡិចត្រូនិកនេះ អាចធ្វើឱ្យការសិក្សារបស់សិស្សអន់ថយ និងបង្កឱ្យមានជំងឺផ្សេងៗដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
លោកថ្លែងថា៖ «វាប៉ះពាល់ទៅដល់សួត ទៅដល់បេះដូងរបស់កុមារ អ៊ីចឹងធ្វើឱ្យកុមារ ហើយនឹងយុវជនដែលកំពុងជាវ័យដែលលូតលាស់ហ្នឹង គាត់ត្រូវបង្អាក់ ឬកាត់បន្ថយការលូតលាស់ដោយសារផលិតផលអ៊ីចឹងៗ»។
កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំបានចេញសេចក្ដីណែនាំហាមមិនឱ្យគ្រឹះស្ថានសិក្សាសាធាណៈ និងឯកជន ចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់ ទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សាហករថ្នាំជក់ ផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិពណ៌ដែលជាកម្មវិធីរបស់ឧស្សាហកម្មថ្នាំជក់ និងត្រូវចូលរួមលុបបំបាត់សកម្មភាពប្រើប្រាស់ផលិតផលថ្នាំជក់តាមគ្រប់រូបភាព។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម។
ក្រសួងអប់រំក៏បានចេញសេចក្តីណែនាំមួយកាលពីខែមិថុនា ឆ្នាំ២០២២ អំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិកដែលបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពដូចជាបង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យ ហើយក្រសួងណែនាំឱ្យឈប់ប្រើបារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ផ្សេងៗ៕
ការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោមសិស្សសាលានៅតែជាក្តីបារម្ភ
ភ្នំពេញ —