ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចព្រម​ព្រៀង​កម្ពុជា​និង​អូស្ត្រាលី​លើការ​ទទួល​ជនភៀស​ខ្លួនគួរ​ឆ្លងកាត់​សភា ​ជាមុនសិន


លោក ញ៉យ ចំរើន​ (ឆ្វេង) តំណាងរាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​កំពង់ចាម​កាល​ ថត​ជាមួយ​លោក សុខ ខេមរា (ស្តាំ) នៃ​វីអូអេ​នៅ​បន្ទប់​ផ្សាយ​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២០១៤។ (រូបថត​ផ្តល់​ឲ្យ)
លោក ញ៉យ ចំរើន​ (ឆ្វេង) តំណាងរាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​កំពង់ចាម​កាល​ ថត​ជាមួយ​លោក សុខ ខេមរា (ស្តាំ) នៃ​វីអូអេ​នៅ​បន្ទប់​ផ្សាយ​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២០១៤។ (រូបថត​ផ្តល់​ឲ្យ)

តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​នឹង​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា កម្ពុជា​មិន ទាន់​មាន​សមត្ថភាព​និង​លទ្ធភាព​ទទួល​ជនភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី​ទេ ដោយ​ហៅ​ការណ៍​នេះ​ថា​ជា​បន្ទុក​ដ៏​ធ្អន់ធ្ងរ​បន្ថែម​ទៀត។

កម្ពុជា​និង​អូស្ត្រាលី បាន​ប្រុងប្រៀប​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ក្នុងការ​បញ្ជូន​និង ទទួល​យក​ជនភៀស​ខ្លួន​បរទេស​ដែល​គេ​គិត​ថា​មាន​ចំនួន​១០០០​នាក់ ហើយ​ដែល​ការទទួល​យក​ជន​ភៀសខ្លួន​ទាំងនោះ កម្ពុជា​ត្រូវ​ផ្តល់​សេវាកម្ម​សង្គមកិច្ច​ជាច្រើន ដូច​ជា​ដី​ធ្លី ផ្ទះ​សម្បែង ​សាលារៀន សុខាភិបាល សន្តិសុខ ការងារ និង​ទីតាំង​ជាដើម។

ថ្លែង​ក្នុង​ពេល​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ពិសេស នៅ​យប់​ថ្ងៃសុក្រ​ លោក ញ៉យ ចំរើន តំណារាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា កិច្ចព្រមព្រៀង របៀប​នេះ​គួរឆ្លង​កាត់​សភា​ដើម្បី​ពិភាក្សា​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ឮ​ជាមុន​សិន មុន​នឹង​រដ្ឋាភិបាល​សម្រេច​យល់ព្រម​ភ្លាមៗ​នោះ។

លោក ចំរើន​ថ្លែង​ថា រដ្ឋាភិបាល​បាន​សម្រេច​កិច្ចការ​ម្នាក់​ឯង​ជាច្រើន​ហើយ​ដោយ​មិន​ឆ្លងកាត់​សភា។ ហើយ​ការសម្រេច​នោះ​មាន​លក្ខណៈ​ខុស​ឆ្គង។ ក្នុង​នោះ​ដូចជា​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​៩៩​ឆ្នាំ​ដល់​ក្រុមហ៊ុន​ឯកជន​ជាដើម។

មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គណបក្ស​ជំទាស់​បាន​អះអាង​ថា កម្ពុជា​មាន​ការរំលោភ​ សិទ្ធិ​មនុស្ស​យ៉ាង​ច្រើន​ដល់​ពលរដ្ឋ​ខ្លួន​ឯង តើ​អាច​ទុកចិត្ត​បាន​ទេ​ថា កម្ពុជា​អាច មាន​លទ្ធភាព​គោរព​តាម​ច្បាប់​អន្តរជាតិ​រឿង​ជន​ភៀស​ខ្លួន​នោះ។

ការថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ទៅ​លើ​ការ​រំលោភ​ច្បាប់​អន្តរជាតិ​លើ​បញ្ហា​ជន ភៀសខ្លួន​ដែល​មាន​ការរិះគន់​ជា​អន្តរជាតិ​ចំពោះ​ការបញ្ជូន​ជនជាតិ​ភាគតិច​ចិន​វីហ្គ័រ​យ៉ាងតិច​២០នាក់​តាម​សំណើរ​របស់​ចិន​ទៅ​កាន់​ប្រទេស​ចិន​វិញ​កាលពី​ឆ្នាំ​២០០៩ ដែលគេ​គិត​ថា​ជន​ទាំងនោះ អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​ចិន៕

XS
SM
MD
LG