ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្មាន​ការ​អបអរ​សាទរ​ចំពោះ​ការ​លុប​ច្បាប់​អាជ្ញា​សឹក​នៅ​ប្រទេស​ថៃ​ទេ


លោក Prayuth Chan-ocha នាយករដ្ឋមន្ត្រី​ថៃ​ស្តាប់​សំណួរ​ពី​​អ្នក​កាសែត​ម្នាក់​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​ឯ​​វិមាន​រដ្ឋាភិបាល​ក្នុង​រាជធានី​បាងកក​ កាល​ពី​ថ្ងៃ​អង្គារ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥។
លោក Prayuth Chan-ocha នាយករដ្ឋមន្ត្រី​ថៃ​ស្តាប់​សំណួរ​ពី​​អ្នក​កាសែត​ម្នាក់​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​ឯ​​វិមាន​រដ្ឋាភិបាល​ក្នុង​រាជធានី​បាងកក​ កាល​ពី​ថ្ងៃ​អង្គារ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥។

អ្នក​ជំនាញ​ច្បាប់ ​និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​មិន​បាន​អបអរ​សាទរ​ចំពោះ​ការ​លុប​បំបាត់​ច្បាប់​អាជ្ញា​សឹក​ដែល​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ថៃ​អស់​រយៈពេល​ជាង​១០ខែ​កន្លង​ទៅ​នេះ​ឡើយ។

អ្នក​ជំនាញ​ទាំង​នេះ​បាន​ព្រមាន​ថា ​ច្បាប់​អាជ្ញា​សឹក​នេះ​នឹង​ត្រូវ​លុប​បំបាត់​ ហើយ​ជំនួស​មក​វិញ​នូវ​ការ​អនុវត្ត​មាត្រា​មួយ​នៃ​រដ្ឋ​ធម្មនុញ្ញ​បណ្តោះ​អាសន្ន ​ដែល​នឹង​ផ្តល់​អំណាច​កាន់​តែ​ខ្លាំង​ជាង​មុន​ដល់​រដ្ឋាភិបាល​យោធា​របស់​ប្រទេស​ថៃ។

គណៈកម្មាធិការ​ជាតិ​សម្រាប់​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​ថៃ ​ដែល​កន្លង​មក​មិន​ដែល​បាន​ចាត់​វិធានការ​ម៉ឺងម៉ាត់​នោះ ​បាន​ព្រមាន​ថា ​ការ​លុប​ច្បាប់​អាជ្ញា​សឹក ​និង​ការ​អនុវត្ត​មាត្រា​ទី៤៤​នៃ​រដ្ឋ​ធម្មនុញ្ញ​បណ្តោះ​អាសន្ន​ ដែល​ត្រូវ​បាន​យក​មក​ជំនួស​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ បន្ទាប់​ពី​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី២២ ​ខែ​ឧសភា​នោះ ​នឹង​ផ្តល់​អំណាច​ទាំង​ស្រុង​ដល់​នាយករដ្ឋមន្ត្រី​ Prayuth Chan-ocha។

លោក Sunai Phasuk ​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ នៅ​ប្រទេស​ថៃ​យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ។

លោក Sunai Phasuk មាន​ប្រសាសន៍​ថា៖ «‍ការ​ធ្វើ​ដូច​នេះ​នឹង​អនុញ្ញាត​ឲ្យ​លោក Prayuth ​នាយករដ្ឋមន្ត្រី ​និង​មេ​ដឹក​នាំ​យោធា​កាន់​អំណាច​បែប​ផ្តាច់​ការ​ ហើយ​លោក​អាច​បញ្ជា​នរណា​ម្នាក់​ឲ្យ​ធ្វើ​អ្វី​មួយ ឬ​មិន​ធ្វើ​អ្វី​មួយ​បាន​តាម​ចិត្ត។ ឥឡូវ​នេះ ​លោក​មាន​អំណាច​ខ្លាំង ​ដែល​គ្មាន​ដែន​កំណត់ ​និង​មិន​អាច​ត្រួត​ពិនិត្យ​បាន។ ហើយ​លោក​អាច​ធ្វើ​សកម្ម​ភាព​អ្វី​ក៏​បាន​ដោយ​និទណ្ឌភាព»។

លោក Prayuth ​អតីត​មេ​បញ្ជា​ការ​យោធា ​បាន​កាន់​កាប់​រដ្ឋាភិបាល​ថៃ ​ដោយ​សារ​រដ្ឋ​ប្រហារ​កាល​ពី​១០ខែ​មុន។ លោក​សន្យា​ថា​នឹង​ប្រើប្រាស់​អំណាច​របស់​លោក ​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ ​ហើយ​បាន​អះអាង​ថា ​អ្នក​ណា​ដែល​មិន​បាន​«‍ធ្វើ​អ្វី​ខុស» ​មិន​ត្រូវ​ភ័យ​ខ្លាច​ទេ។ ក៏​ប៉ុន្តែ​ លោក​បាន​ព្រមាន​ថា​ «‍ប្រសិន​បើ​មាន​ការ​បង្ក​ភាព​ចលាចល​ ឬ​ការ​បាញ់​គ្នា​សារ​ជា​ថ្មី​ម្តង​ទៀត ​នោះ​ខ្ញុំ​នឹង​បញ្ជា​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ភ្លាមៗ​តែ​ម្តង»។

លោក Sunai ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ​លើក​ឡើង​ថា ​បើ​ទោះ​បី​ជា​នាយករដ្ឋមន្ត្រី​បាន​ធានា​ថា ​លោក​នឹង​ប្រើប្រាស់​អំណាច​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្តី ​ក៏​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មិន​យល់​ថា ​ការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​បណ្តោះ​អាសន្ន​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ថៃ​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ។

លោក Sunai ​ថា៖ «‍យោង​តាម​មាត្រា​ទី៤៤​នៃ​រដ្ឋ​ធម្មនុញ្ញ​បណ្តោះ​អាសន្ន​នេះ ​ការ​ចេញ​បញ្ជា​ផ្សេងៗ​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​យោធា​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​អ្នក​ប្រឆាំង​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ ដោយ​មិន​អាច​ទាក់​ទង​បាន​យ៉ាង​ហោច​ណាស់​ចំនួន​៧ថ្ងៃ។ ការ​អនុវត្ត​នេះ​មិន​មាន​អ្វី​ខុស​គ្នា​ពី​ស្ថានភាព ​ដែល​បាន​កើត​ឡើង​នៅ​ក្រោម​ការ​អនុវត្ត​ច្បាប់​អាជ្ញា​សឹក​នោះ​ទេ»។

ប្រទេស​ថៃ​ទទួល​រង​សំពាធ​ពី​សហគមន៍​ការ​ទូត​ជា​ច្រើន​ឲ្យ​លុប​បំបាត់​ច្បាប់​អាជ្ញា​សឹក​ ដែល​ត្រូវ​បាន​អនុម័ត​ពីរ​ថ្ងៃ​មុន​ការ​ធ្វើ​រដ្ឋ​ប្រហារ។

ក្រុម​មន្ត្រី​របស់​រដ្ឋាភិបាល​យោធា​នេះ​អះអាង​ថា ​មាត្រា​នៃ​រដ្ឋ​ធម្មនុញ្ញ​បណ្តោះ​អាសន្ន​នេះ ​នឹង​ត្រូវ​យក​មក​អនុវត្ត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​ក្នុង​គ្រា​អាសន្ន ​ដោយ​គ្មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​អ្វី​ឡើយ។

ការ​កាន់​កាប់​អំណាច​ដោយ​រដ្ឋាភិបាល​យោធា​កាល​ពី​ឆ្នាំ​មុន​នេះ ​ដែល​ជា​រដ្ឋ​ប្រហារ​មួយ​ក្នុង​ចំណោម​រដ្ឋ​ប្រហារ​ដែល​តែង​តែ​កើត​មាន​ដ៏​យូរ​មក​ហើយ​ក្នុង​ប្រទេស​នេះ ​បាន​កើត​ឡើង ​ក្រោយ​ពេល​ដែល​មាន​ការ​ធ្វើ​បាតុកម្ម​បែប​ហិង្សា​តាម​ដង​ផ្លូវ​ជា​ច្រើន ​ដោយ​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាប់​ឆ្នោត​នា​ពេល​នោះ។

រដា្ឋភិបាល​យោធា​បាន​សន្យា​ថា ​នឹង​លុប​បំបាត់​ឲ្យ​អស់​នូវ​ឥទ្ធិពល​នយោបាយ​របស់​ក្រុម​បក្ស​សម្ព័ន្ធ​នៃ​ត្រកូល​ Shinawatra ​ដែល​ទទួល​បាន​ជ័យ​ជម្នះ​រាល់​ការ​បោះ​ឆ្នោត​ចាប់​តាំង​ពី​ឆ្នាំ២០០១​មក។

ក៏​ប៉ុន្តែ​ លោក Thaksin Shinawatra ​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​កាល​ពី​ឆ្នាំ២០០៦ ​ហើយ​ប្អូន​ស្រី​របស់​លោក ​គឺ​លោក​ស្រី​ Yingluck Shinawatra ​ក៏​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​កាល​ពី​ឆ្នាំ​២០១៤​មុន​នេះ​ដែរ។

លោក Thaksin ​កំពុង​តែ​រស់​នៅ​និរទេស​ ដោយ​សារ​តែ​ការ​ផ្តន្ទា​ទោស​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កាល​ពី​ឆ្នាំ២០០៨។ ហើយ​បច្ចុប្បន្ន​នេះ ​លោក​ស្រី​ Yingluck ​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម។

អ្នក​គាំទ្រ​របស់​អ្នក​ទាំង​ពីរ​ អះ​អាង​ថា ​រឿង​ក្តី​ទាំង​នេះ​គឺ​ជា​រឿង​នយោបាយ។

អ្នក​វិភាគ​ចាត់​ទុក​រដ្ឋ​ប្រហារ​ចុង​ក្រោយ​នេះ​ថា​ជា ​សម័យ​មួយ​ដែល​ធានា​ថា ​ក្រុម​យោធា​នឹង​កាន់​អំណាច​ខ្លាំង​នៅ​ប្រទេស​ថៃ ​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​មាន​ភាព​ចលាចល ​ក្នុង​អំឡុង​ពេល​មក​ដល់​នៃ​ការ​ផ្ទេរ​ព្រះ​រាជ​បល្ល័ង្គ។

ព្រះ​មហាក្សត្រ​ Bhumibol ​មាន​ព្រះ​ជន្មាយុ​៨៧ វស្សា ​ហើយ​កំពុង​តែ​មាន​ព្រះ​កាយ​ពល​ទ្រុឌ​ទ្រោម​អស់​រយៈពេល​យូរ​មក​ហើយ។ ព្រះ​អង្គ​ម្ចាស់​ Vajiralongkorn ​ដែល​ជា​ព្រះ​រាជបុត្រ ​និង​ជា​រជ្ជទាយាទ​របស់​ព្រះ​មហាក្សត្រ​ មិន​សូវ​ទទួល​បាន​ការ​កោត​សរសើរ​ដូច​ព្រះ​រាជបិតា​របស់​ព្រះ​អង្គ​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG