ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស Pheu Thai ឈ្នះ​បាន​អាសនៈ​នាំ​មុខ​គណបក្ស Palang Pracharat នៅ​ក្នុង​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ថៃ


អ្នក​គាំទ្រ​គណបក្ស Pheu Thai ស្រែកហ៊ោ​បន្ទាប់​ពី​មាន​ការ​ប្រកាស​លទ្ធផល​ក្រៅ​ផ្លូវ​ការ នៅ​ក្នុង​ការ​បោះឆ្នោត​សកល ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។
អ្នក​គាំទ្រ​គណបក្ស Pheu Thai ស្រែកហ៊ោ​បន្ទាប់​ពី​មាន​ការ​ប្រកាស​លទ្ធផល​ក្រៅ​ផ្លូវ​ការ នៅ​ក្នុង​ការ​បោះឆ្នោត​សកល ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។

លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បង្ហាញ​ថា គណបក្ស Pheu Thai ដែល​ជា​គណបក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ​រដ្ឋសភា​ចំនួន ១៣៨ រី​ឯ​គណបក្ស​ដែល​មាន​ទំនោរ​ទៅ​រក​ពួក​យោធា​វិញ​ទទួល​បាន​អាសនៈ​រដ្ឋសភា​ចំនួន ៩៦ ប៉ុន្តែ​សម្រាប់​អាសនៈ​រដ្ឋ​សភា​ចំនួន ១៥០ ទៀត គឺ​នៅ​មិន​ទាន់​សម្រេច​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត។

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ខ្លួន​នឹង​ប្រកាស​អំពី​លទ្ធផល​ផ្លូវការ​សម្រាប់​អាសនៈ​ចំនួន ១៥០ ទៀត នៃ​រដ្ឋសភា​ដែល​មាន​អាសនៈ​សរុប​ចំនួន ៥០០ នៅ​ថ្ងៃ​ទី ៩ ខែ​ឧសភា​ខាង​មុខ។

ប៉ុន្តែ សម្រាប់​សំឡេង​ឆ្នោត​វិញ លទ្ធផល​បឋម​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បង្ហាញ​ថា បន្ទាប់ពី​រាប់​សន្លឹក​ឆ្នោត​បាន ៩៣ ភាគរយ​មក គណបក្ស Palang Pracharat ដែល​គាំទ្រ​ដោយ​លោក​នាយករដ្ឋមន្ត្រី Prayuth Chan-o-Cha នាំ​មុខ​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត ៧ លាន ៦ សែន​សំឡេង ចំណែក​ឯ​គណបក្ស Pheu Thai ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​លោក​អតីត​នាយករដ្ឋមន្ត្រី Thaksin Sinawatra វិញ ទទួល​បាន​សំឡេង​ឆ្នោត ៧ លាន ១ សែន​សំឡេង។

នៅ​ថ្ងៃ​ចន្ទ​នេះ គណបក្ស​ប្រជែង​ទាំង​ពីរ​សុទ្ធតែ​អះអាង​ថា​នឹង​ព្យាយាម​បង្កើត​រដ្ឋាភិបាល។ ករណី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បែកបាក់​នយោបាយ​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​ថៃ។

លោក Uttama Savanayana ប្រធាន​គណបក្ស Palang Pracharat​ បាន​និយាយ​ថា គណបក្ស​លោក​នឹង​ទាក់ទង​គណបក្ស​ដទៃ​ទៀត​ដែល​មាន​គោល​នយោបាយ​ស្រដៀង​គ្នា ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។

ប៉ុន្តែ លោកស្រី Sudarat Keyuraphan ប្រធាន​គណបក្ស Pheu Thai បាន​និយាយ​ថា គណបក្ស​របស់​លោក​នឹង​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ថ្មី ដោយសារតែ​គណបក្ស​បាន​ឈ្នះ​អាសនៈ​ច្រើន​បំផុត។

លោកស្រី Sudarat បញ្ជាក់​ដូច្នេះ​ថា៖ «ដូច​ពួក​យើង​បាន​និយាយ​ពី​មុខ​អញ្ចឹង គណបក្ស​ដែល​ឈ្នះ​បាន​អាសនៈ​ច្រើន​បំផុត គឺ​ជា​គណបក្ស​ដែល​ទទួល​បាន​ការ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ឲ្យ​បង្កើត​រដ្ឋាភិបាល»។

ប៉ុន្តែ គណបក្ស Pheu Thai ប្រឈម​នឹង​បញ្ហា​ប្រជែង​ខ្លាំង ដោយសារតែ​ការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្មី​នឹង​សម្រេច​ដោយ​អង្គ​ប្រជុំ​រួម​របស់​រដ្ឋសភា​ដែល​មាន​សមាជិក​ចំនួន ៥០០ នាក់ នឹង​ព្រឹទ្ធសភា​ដែល​មាន​សមាជិក ២៥០ នាក់ ដែល​តែងតាំង​ដោយ​ពួក​យោធា៕

XS
SM
MD
LG