ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ថៃ ទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​រាជាធិបតេយ្យ បន្ទាប់ពី​តុលាការ​សម្រេច​ប្រឆាំង​សកម្មជន


ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​រាជាធិបតេយ្យ​លើក​សញ្ញា​លុបចោល​​​មាត្រា​ទី​១១២ ដែល​ដាក់​ទោសទណ្ឌឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ ដល់​អ្នក​ដែល​រិះគន់​របប​រាជានិយម​ថៃ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ (វីអូអេ/Tommy Walker)
ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​រាជាធិបតេយ្យ​លើក​សញ្ញា​លុបចោល​​​មាត្រា​ទី​១១២ ដែល​ដាក់​ទោសទណ្ឌឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ ដល់​អ្នក​ដែល​រិះគន់​របប​រាជានិយម​ថៃ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ (វីអូអេ/Tommy Walker)

មនុស្ស​រាប់​ពាន់​នាក់​ បាន​តវ៉ា​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ថ្ងៃ​អាទិត្យប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ដែល​ថា​ ការ​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​របប​រាជាធិបតេយ្យ​ជា​ការ​ខុស​ច្បាប់។ ​បាតុករ​យ៉ាង​តិច​៣​នាក់​ បាន​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ក្រុង​បាងកក។​

តុលាការ​ធម្មនុញ្ញ ​បាន​ចេញ​សេចក្តី​សម្រេច​នេះ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ​ហើយក៏​បាន​សម្រេច​ដែរ​ថា សកម្មជន​៣រូប​ប្រឆាំង​រដ្ឋាភិបាល ​គឺ​លោក ​Arnon Nampa ​លោក​ Panupong Jadnok ​និង​អ្នកស្រី​ Panusaya Sithijirawattanakul ​មាន​បំណង​ផ្តួល​រំលំ​របប​រាជា​ធិបតេយ្យ​នៅ​ក្នុង​សុន្ទរកថា​ កាលពី​ថ្ងៃ​ទី​២០ ​ខែ​សីហា។​

ពួក​សកម្មជន​បាន​ទាមទារ​១០​ចំណុច​ រួមមាន​ការ​អំពាវនាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រាជា​ធិបតេយ្យ ​និង​លុបចោល​មាត្រា​ទី​១១២ ​ដែល​ហាម​ប្រមាថ​ព្រះ​មហា​ត្សត្រ​ ដោយ​កំណត់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​រិះគន់​រាជា​ធិបតេយ្យ។ ​ ការ​ចោទ​ប្រកាន់​នេះ ​កំណត់​ទោស​ជាប់ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ។​

លោក ​Kan Sangton ​ជា​អ្នក​សង្កេត​ការណ៍​ដែល​ធ្វើ​ការ​នៅ​ iLaw​ ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​ថៃ។ ​លោក​បាន​ប្រាប់ ​VOA​ ថា ​ការ​តវ៉ា​ប្រឆាំង​នេះ ​ត្រូវ​បាន​គេ​រំពឹង​ទុក​បន្ទាប់ពី​ការ​សម្រេច​របស់​តុលាការ​អំពី​កំណែ​ទម្រង់​ស្ថាប័ន​រាជា​ធិបតេយ្យ។​

ក្រុម​ប្រឆាំង​មាន​ផែនការ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ ​ដោយ​ចាប់​ផ្តើម​នៅ​វិមាន​ប្រជា​ធិបតេយ្យ​ក្នុង​ទីក្រុង​បាងកក​ ហើយ​នឹង​បញ្ចប់​នៅ​ឯ​ទីលាន ​Sanam Luang ​មុខ​ព្រះ​បរម​រាជវាំង។ ​មាន​ប៉ូលិស​ដ៏​ច្រើន​ ហើយ​គេយក​កុងតឺន័រ​ដាក់ខ្ទប់​ផ្លូវ​នានា​ដើម្បី​រារាំង​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ ដែល​បន្ទាប់​មក​បាន​ប្តូរ​ទៅ​ជួបជុំគ្នា​នៅ​កន្លែង​ផ្លូវ​ប្រសព្វ​ Pathumwan Intersection។​

ភ្លាមៗ​នោះ ​ ពួក​បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា ​ហើយ​បាន​ដុត​ រូប​សំណាក​របស់​ចៅក្រម​តុលាការ​ធម្មនុញ្ញ​ មុន​ដើរ​តម្រង់​ទៅ​ស្ថានទូត​អាល្លឺម៉ង់​នៅ​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ដាក់​ញ្ញត្តិ។​ ​

ព្រះ​មហា​ក្សត្រ​ថៃ ​Maha Vajiralongkorn ​យាងទៅ​ប្រទេស​អាល្លឺម៉ង់​ទៀងទាត់ហើយ​មាន​សេចក្តី​រាយការណ៍​ថា​ ព្រះអង្គ​បាន​យាង​ទៅ​ប្រទេស​អាល្លឺម៉ង់​អឺរ៉ុប​វិញ​នា​ពេលថ្មីៗ​នេះ។ ​ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ដង្ហែ​ទៅ​កាន់​ស្ថានទូត​អាល្លឺម៉ង់​ប្រហែល​មួយ​ឆ្នាំ​មុន​ ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​អាល្លឺម៉ង់​ពិនិត្យ​មើល​ថា​ តើ​ព្រះ​មហា​ក្សត្រ​កំពុង​ធ្វើ​ព្រះ​រាជការ​រដ្ឋ​របស់​ប្រទេស​ថៃ​ពី​ទីនោះ​ ឬ​យ៉ាងណា។ ​សកម្មជន​គាំទ្រ​កំណែ​ទម្រង់​បាន​សម្តែង​ក្តី​បារម្ភ​ថា​ ប្រទេស​ថៃ​អាច​ត្រឡប់​ទៅ​ជា​របប​រាជា​ធិបតេយ្យ​ដាច់ខាត​វិញ។​

ប្រទេស​ថៃ​ គឺ​ជា​របប​រាជាធិបតេយ្យ​ដាច់ខាត​អស់​ជាច្រើន​សតវត្សរ៍​មក​ហើយ​រហូត​ដល់​ប្រព័ន្ធ​នេះ ​បាន​បញ្ចប់​នៅ​ឆ្នាំ ១៩៣២។​ ចាប់តាំង​ពីពេល​នោះ​មក​ ប្រទេស​ថៃ​បាន​ក្លាយ​ជា​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ។ ​សព្វ​ថ្ងៃ​នេះ​ រដ្ឋាភិបាល​មាន​ទម្រង់​បែប​ប្រជាធិបតេយ្យ ​ប៉ុន្តែ​មាន​ព្រះ​មហា​ក្សត្រ ​ជា​ប្រមុខ​រដ្ឋ។ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ ប្រទេស​នេះ ​មាន​រដ្ឋ​ប្រហារ​យោធា​ជា​ច្រើន​ ហើយ​រដ្ឋ​ប្រហារ​ចុងក្រោយ ​បាន​កើត​ឡើង​ក្នុង​ឆ្នាំ ២០១៤៕​

XS
SM
MD
LG