ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយឲ្យដឹងថា ប្រទេសថៃបានទទួលពាក្យស្នើសុំពីក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងក្រុមហ៊ុនចិន Sinovac Biotech ដើម្បីចុះបញ្ជីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់គេ សម្រាប់ប្រើប្រាស់ក្នុងប្រទេសថៃ។ នេះបើតាមការបញ្ជាក់នៅថ្ងៃអង្គារនេះ របស់ទីភ្នាក់ងារឱសថនិងស្បៀងអាហាររបស់ថៃនោះ។
ប្រទេសថៃក្នុងពេលកន្លងមក បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពីក្រុមហ៊ុនទាំងពីរនេះចំនួន៦៣លានដូស ដែលមានចំនួនគ្រប់គ្រាន់សម្រាប់ចាក់ឲ្យពលរដ្ឋថៃ ចំនួនជិតពាក់កណ្តាល នៃចំនួនពលរដ្ឋសរុបរបស់ខ្លួនដែលមានដល់ទៅជាង៧០លាននាក់នោះ។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បាននិយាយក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា ជនជាតិថៃគ្រប់រូបនៅក្នុងប្រទេស នឹងទទួលបានឱកាសដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកបន្តថា៖ ខ្ញុំសូមបញ្ជាក់ថា ពលរដ្ឋថៃគ្រប់រូប នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការនោះ។
នៅថ្ងៃអង្គារ ប្រទេសថៃរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២៨៧នាក់ ដែលធ្វើឲ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសថៃ រហូតមកដល់ពេលនេះ កើនដល់ចំនួន១០.៨៣៤នាក់ និងមានអ្នកស្លាប់សរុបចំនួន៦៧នាក់។
ជំងឺកូវីដ១៩ ដែលកើតចេញពីវីរុសកូរ៉ូណាដែលផ្ទុះឡើងដំបូងនៅក្នុងទីក្រុង វូហាន ប្រទេសចិន ហើយបានឆ្លងជាសកលនោះ បានសម្លាប់មនុស្សជិត២លាននាក់ ហើយឆ្លងដល់មនុស្សជាង៩១លាននាក់នៅក្នុងពិភពលោក៕