ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ការពារ​ខ្លួន​ថា​អ្វី​ដែល​បាន​ធ្វើ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ជា​ការ​ការពារ​ខ្លួន


ប្រាសាទ​ ព្រះវិហារ
ប្រាសាទ​ ព្រះវិហារ
ភ្នំពេញ៖​ ប្រទេស​ថៃ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាន់​ជំហរ​ថា​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក​ជុំវិញ​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​មាន​វ័យ​ចំណាស់​ជាង​៩០០​ឆ្នាំ​គឺ​ជា​ការប្រើប្រាស់​សិទ្ធិ​ការពារខ្លួនទៅតាម​ច្បាប់​អន្តរជាតិ។​

នៅក្នុង​ការឡើង​ឆ្លើយតប​ទៅនឹង​ការ​ចោទ​ប្រកាន់​របស់​ភាគី​កម្ពុជា​កាលពី​ថ្ងៃច័ន្ទ​ លោក វី​រ៉ា​ឆៃ ផ្លា​សៃ ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ទីក្រុង​ឡាអេ​ បាន​និយាយ​ថា​អស់រយៈពេល​ពាក់កណ្តាល​សតវត្សរ៍​មក​នេះ​កម្ពុជា​មិន​ដែល​ជំទាស់​នឹង​ខ្លឹមសារ​នៃ​សាលក្រម​ហើយ​បាន​ទទួលស្គាល់​មក​ទល់ពេល​នេះ​អំពី​សកម្មភាព​ដំបូងរបស់​ខ្លួន​ក្នុង​តំបន់​នេះ​ដែល​ខ្លួន​ទើប​តែ​ទាមទារ​នា​ពេល​ថ្មី​ៗ​នេះ ​ដែល​ទើប​តែ​ចាប់​ផ្តើម​នៅ​ឆ្នាំ​១៩៩៨​ដោយ​មានការ​សាងសង់​វត្ត​នៅ​ទី​នោះ។​

លោក​បាន​និយាយ​ថានៅ​ដើម​ឆ្នាំ​២០០០ ​ការ​ទន្ទ្រាន​ជា​បន្ត​បន្ទាប់​ត្រូវ​បាន​សម្គាល់​ឃើញ​ថា​ ហួស​ពី​ខ្សែ​បន្ទាត់​ដែល​សម្រេច​ដោយ​គណរដ្ឋ​មន្ត្រី​នៅ​លើ​ទឹកដី​ថៃ​ និង​ដោយ​រំលោភ​លើ​
មាត្រា៥​នៃ​អនុសារណៈ​យោគយល់​ឆ្នាំ​២០០០។

លោក​បាន​បញ្ជាក់ថា​វា​ជា​សកម្មភាព​មិនស្របច្បាប់​ដែល​ធ្វើ​ឱ្យ​អស្ថិភាព​ដល់​ដំណើរការ​ចរចា​អនុស្សារណ​នៃ​ការ​យោគយល់គ្នា​នេះ​ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​នៅ​ប្រទេស​ថៃ​ហើយ​ដោយសារ​ភាតរភាព​អាស៊ាន​ ប្រទេស​ថៃ​បាន​ខិតខំបង្ហាញ​ពី​ការ​អត់ធ្មត់​ជា​អតិបរិមា​របស់​ខ្លួនដោយ​ប្រើប្រាស់​យន្តការ​បន្ថែម​ ដោយ​រួម​ទាំង​ការ​ប្រើប្រាស់​គណៈកម្មការ​ព្រំដែន​រួម​ដែល​បង្កើត​ឡើង​ដោយ​អនុស្សារណៈ​ជា​ដើម។

«បន្ទាប់​ពី​ការ​ចរចា​ដោយ​សុច្ចរិត​បាន​បរាជ័យ​ជាបន្តបន្ទាប់​មក​ ប្រជាជន​ថៃ​បាន​ប្រតិកម្ម​និង​បង្កើន​ការ​តវ៉ា​របស់​ពួកគេ​ទៅ​នឹង​ការ​រំលោភ​អធិបតេយ្យ​ភាព​និង​បូរណភាព​ទឹកដី​របស់​ពួកគេ។ នេះ​គឺ​ជា​ដើម​ហេតុ​ពិត​ប្រាកដ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​នា​ពេល​ថ្មី​ៗ​នេះ​ ដែល​អ្វី​ទាំង​អស់​សុទ្ធ​តែ​បង្ក​ឡើង​ដោយ​ភាគី​កម្ពុជា។ អ្វី​ទាំង​អស់​ដែល​ថៃ​បាន​ធ្វើ​កន្លង​មកគឺ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ»។​

លោកឧបនាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពីថ្ងៃ​ច័ន្ទ​បានចោទ​ ប្រកាន់ប្រទេស​ថៃថា​ការស្នើសុំ​ឱ្យ​មាន​ការ​បកស្រាយ​សាលក្រម​នេះ​គឺបាន​កើតចេញ​ពីការ​ឈ្លានពាន​ដោយ​យោធា​ថៃមក​លើ​ កម្ពុជា​ដែល​កាល​នោះដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ អាភីស៊ីត​ វីចាជីវ៉ា។

លោក​ហោ ណាំហុង​បាននិយាយថានៅ​តាម​ព្រំ​ប្រទល់​ដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅលើ​តំបន់​ប្រាសាទ​ ព្រះវិហារ​ពីឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១១​ចាប់ពីពេល​ដែល​កម្ពុជា​បាន​ទទួល​ ជោគជ័យ​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ចូល​ក្នុង​បញ្ជី​របស់​បេតិកភណ្ឌ​ ពិភព​លោក​របស់​អង្គការ​យូនីស្កូ។​

លោក​បាន​និយាយ​ទៀត​ថា​ចំណុច​ចាប់​ផ្តើម​នៃ​ឧបទ្ទវហេតុ​ផ្ទុះអាវុធ​អស់ទាំង​ នេះ​គឺ​ជាចំណុច​ចាប់​ផ្តើម​នៃការទាមទារ​ដីទំហំ​៤,៦​គម​នៅតំបន់​ក្បែរ​ប្រាសាទ​ ព្រះវិហារ។​លោក​បាន​បញ្ជាក់ថា​ប្រទេស​ថៃ​ហាក់​បីដូចជា​ភ្លេចពី​ការ​ វាយប្រហារ​ផ្នែក​យោធា​ទាំង​អស់​មក​លើកម្ពុជា​ដែល​មាន​អាវុធ​អន់​ខ្សោយ​ពី​ ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១១​ដែល​បាន​បង្ក​វិនាស​កម្ម​ ធ្វើ​ឱ្យ​ខូច​ខាត​លើ​តួរ​ប្រាសាទ​ ក៏ដូចជា​បង្ក​ឱ្យ​មាន​របួស​ការ​បាត់​បង់​អាយុជីវិត​មនុស្សក្រោយ​ពីការ​ឈ្លាន ​ពាន​ដោយ​យោធាទាំង​អស់​នេះ។​

មេធាវី​ការ​ពារ​ឱ្យ​ភាគី​ថៃ​បាន​និយាយ​ថា​កម្ពុជា​បាន​ប្រើប្រាស់​សេចក្តី​ប្រកាស​មិន​ត្រឹមត្រូវ​ជា​ច្រើន​ ដោយ​យោង​តាម​ភស្តុតាង​ផ្សេង​ៗ​រួម​ទាំង​ផែនទី​ឧបសម្ព័ន្ធ​ទី​១​ផងដែរ។

«នេះ​គឺ​ជា​ការ​ក្លែង​បន្លំ​អនុសញ្ញា​ឆ្នាំ​១៩០៣​និង​១៩០៤»។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការ​ណ៍​ជាលាយលក្ខ​អក្សរ​របស់​ក្រុម​មេធាវី​ថៃ​ដែល​វីអូអេ​ទទួល​បាន៕​
XS
SM
MD
LG