ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ការពារ​ការ​សម្រេច​មិន​ចូលរួម​សម្ព័ន្ធភាព​វ៉ាក់សាំង COVAX


បុគ្គលិក​សុខាភិបាល​ថៃ​ត្រៀម​ប្រមូល​សំណាក​ពី​ពលករ​ចំណាកស្រុក​នៅ​កន្លែងធ្វើការ​របស់​ពួកគេ ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ក្នុង​ខេត្ត Samut Sakhon ប្រទេស​ថៃ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
បុគ្គលិក​សុខាភិបាល​ថៃ​ត្រៀម​ប្រមូល​សំណាក​ពី​ពលករ​ចំណាកស្រុក​នៅ​កន្លែងធ្វើការ​របស់​ពួកគេ ក្នុង​អំឡុងពេល​ដែល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ក្នុង​ខេត្ត Samut Sakhon ប្រទេស​ថៃ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

រដ្ឋាភិបាល​ថៃកាល​ពី​ថ្ងៃ​អាទិត្យបាន​ការពារ​ការ​សម្រេច​របស់​ខ្លួន​មិន​ចូលរួម​កម្មវិធី​វ៉ាក់សាំង​កូវីដ១៩ ឈ្មោះ COVAX ​ដែល​ដឹក​នាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO) ទេ ដោយ​និយាយ​ថា ការ​ចូលរួម​កម្មវិធី​នោះ នឹង​ធ្វើ​ឱ្យ​ប្រទេស​នេះបង់​ប្រាក់​កាន់​តែ​ច្រើន​ឡើង​សម្រាប់​វ៉ាក់សាំង​នីមួយៗ ​ហើយនឹង​ប្រឈម​ភាព​មិន​ប្រាកដប្រជា​អំពី​ពេល​វេលា​នៃ​ការ​ផ្គត់ផ្គង់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

រដ្ឋាភិបាលថៃ​បាន​រង​ការ​រិះគន់​ពីអ្នក​នយោបាយ​បក្ស​ប្រឆាំង​និង​បាតុករ​ចំពោះ​ការ​ខ្វះ​តម្លាភាព​និង​ការ​យឺតយ៉ាវ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង។ ខណៈ​ដែល​ថៃ​ ដែល​មានពលរដ្ឋ​ចំនួន​៦៦​លាន​នាក់​ មាន​ករណី​ឆ្លង​និង​ស្លាប់​ទាប ក៏​ថៃ​កំពុង​ប្រឈម​រលក​នៃ​ការ​ឆ្លង​ទី២​ដែរ។

បុគ្គលិក​សុខាភិបាល​នៅ​ជួរ​មុខ ត្រូវ​ចាប់ផ្តើម​ទទួល​ចាក់វ៉ាក់សាំង​ចំនួន​២​លាន​ដូស​របស់​ក្រុមហ៊ុន ​ចិនSinovac ដែល​នាំ​ចូល​ក្នុង​រយៈពេល​មួយ​ខែ​ខាង​មុខ ក៏​ប៉ុន្តែ​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ សម្រាប់​ពលរដ្ឋ​ទូទៅ នឹង​មិនចាប់ផ្តើម​ទេ រហូត​ទាល់តែ​ដូស​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដែល​ផលិត​នៅ​ក្នុង​ស្រុក​មាន​នៅ​ក្នុង​ខែ​មិថុនា។

លោក Anucha Buraphachaisri អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ឆ្លើយតប​ទៅ​នឹង​សេចក្តី​រាយការណ៍ព័ត៌មាន​ថា ថៃ​ជា​ប្រទេស​អាស៊ី​អាគ្នេយ៍​តែ​មួយ​គត់ដែល​មិន​ចូលរួម​គម្រោង COVAX របស់​អង្គការ WHO ដោយ​សារ ថៃ​ដែល​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​មួយ​ ហើយ​មិន​មាន​លទ្ធភាព​ទទួលបាន​វ៉ាក់សាំង​ដោយ​ឥតគិត​ថ្លៃ​ ឬ​ដោយ​តម្លៃ​ថោក​នៅ​ក្រោម​កម្មវិធី​នោះ​ទេ។

រហូត​មកទល់​ពេល​នេះ ថៃ​មិន​បាន​ទទួល ​ឬ​ផលិត​វ៉ាក់សាំង​ទេ ទោះបី​ប្រទេស​ជិតខាង​ជា​ច្រើន​របស់​ខ្លួន​បាន​ចាប់ផ្តើម​ចាក់វ៉ាក់សាំង​ក៏ដោយ។ ថៃ​បាន​រាយការណ៍​ថា​មាន​ការ​ឆ្លង​ថ្មី​ចំនួន​១៦៦​ករណី​កាលពី​ថ្ងៃ​អាទិត្យ ដោយ​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​សរុប​ចំនួន​ជាង​២៤.៥៧១​ករណី​និង​មនុស្ស​ស្លាប់​៨០​នាក់៕

XS
SM
MD
LG