ពលរដ្ឋថៃបានបោះឆ្នោតជ្រើសរើសមន្ត្រីថ្នាក់ខេត្តនៅទូទាំងប្រទេសនៅថ្ងៃអាទិត្យនេះ។ ការបោះឆ្នោតនេះគឺជាការសាកល្បងជាលើកដំបូងទៅលើលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ ចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំមុនមក។ ការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំមុន បានបង្កឲ្យមានការចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត និងបណ្ដាលឲ្យមានការធ្វើបាតុកម្មពីសំណាក់ក្រុមយុវជនអស់រយៈពេលរាប់ខែ។
ការបោះឆ្នោតនៅទូទាំងខេត្តទាំង ៧៦ ក្នុងប្រទេសថៃនេះ គឺជាការបោះឆ្នោតលើកដំបូង ចាប់តាំងពីពេលដែលលោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha បានធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០១៤ ដើម្បីដណ្ដើមអំណាចពីរដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងដោយការបោះឆ្នោត។ លោក Prayuth នៅបន្ដកាន់អំណាចបន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន។
លោក Korkiet Akaraparn បុគ្គលិកធនាគារម្នាក់វ័យ ២៧ ឆ្នាំដែលបានបោះឆ្នោតថ្នាក់ខេត្តលើកដំបូងក្នុងខេត្ត Nonthaburi ដែលស្ថិតនៅជាយក្រុងបាងកក បាននិយាយថា៖ «វាគឺជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការបោះឆ្នោត។ ខ្ញុំសង្ឃឹមថា នឹងមានអ្នកថ្មីដែលត្រូវបានជ្រើសរើសពីការបោះឆ្នោតនេះ ដែលនាំមកនូវការផ្លាស់ប្ដូរ»។
មន្ត្រីនៅតាមមណ្ឌលបោះឆ្នោតបានរាយការណ៍ថា មានពលរដ្ឋទៅបោះឆ្នោតជាប់រហូត បើទោះជាមានករណីឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ១៩ ខ្ពស់បំផុតកាលពីថ្ងៃសៅរ៍ នៅក្នុងខេត្តមួយដែលស្ថិតនៅជាយក្រុងបាងកកក៏ដោយ។ មណ្ឌលបោះឆ្នោតបានបិទនៅម៉ោង ៥ ល្ងាច ដោយគេរំពឹងថា លទ្ធផលនៃការបោះឆ្នោតនឹងចេញនៅយប់នេះ។
រដ្ឋបាលថ្នាក់ខេត្តគឺជាអ្នកទទួលខុសត្រូវចំពោះការផ្ដល់សេវាកម្មថ្នាក់មូលដ្ឋាន រៀបចំគម្រោងអភិវឌ្ឍន៍នានា និងគ្រប់គ្រងថវិកាថ្នាក់ខេត្តរបស់ខ្លួន៕