ផ្លាកសញ្ញាមួយដែលសកម្មជននៅក្នុងទីក្រុងបាងកក បានដាក់កាលពីចុងសប្តាហ៍ ដោយប្រកាសថា ប្រទេសថៃជាប្រទេស «របស់ប្រជាពលរដ្ឋ» នោះ ត្រូវបានគេដកចេញនៅថ្ងៃចន្ទនេះ បន្ទាប់ពីមានការបង្ហាញកម្លាំងរបស់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលអំពាវនាវដល់ព្រះរាជវង្សានុវង្សកុំឲ្យពាក់ព័ន្ធក្នុងរឿងនយោបាយរបស់ប្រទេសជាតិ។
ការធ្វើបាតុកម្មកើតឡើងសឹងរាល់ថ្ងៃក្នុងព្រះរាជាណាចក្រថៃអស់ពេល ២ ខែកន្លងមក។ បាតុកម្មដែលដឹកនាំដោយនិស្សិតនេះ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Prayut Chan-O-Cha ចុះចេញពីតំណែង។
បាតុករប្រមាណ ៣ ម៉ឺននាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍នៅក្បែរព្រះបរមរាជវាំងនៃរាជធានីបាងកក ដែលនៅទីនោះ ក្រុមអ្នករៀបចំបានទាមទារឲ្យមានការកែទម្រង់របបរាជានិយម បន្ទាប់មកពួកគេបានដាក់ផ្លាកសញ្ញាមួយដែលពួកគេហៅថា ជា «ផ្លាករបស់ប្រជាពលរដ្ឋ»។ ប៉ុន្តែផ្លាកនោះ បានបាត់នៅថ្ងៃចន្ទ។
លោក Piya Tawichai ស្នងការរងប៉ូលិសក្រុងបាងកក បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ខ្ញុំឮថាផ្លាកនោះបានបាត់ហើយ ហើយពួកយើងកំពុងធ្វើការស៊ើបអង្កេតលើរឿងនេះ»។
ផ្លាកសញ្ញាដែលដាក់នៅទីវាលប្រវត្តិសាស្ត្រ Sanam Luang មានសរសេរអក្សរថា៖ «ប្រជាពលរដ្ឋបានបង្ហាញឆន្ទៈថា ប្រទេសនេះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ មិនមែនជារបស់ព្រះមហាក្សត្រនោះទេ»៕