ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ថៃ​ជំរុញ​ឲ្យ​ដក​អង្គការ Amnesty International ចេញ​ពី​ប្រទេស


រូបឯកសារ៖ អ្នក​គាំទ្រ​របប​រាជាធិបតេយ្យ​ម្នាក់​​កាន់​បដា​មួយ ក្នុងពេល​​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាល​ពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយ​អំពាវនាវ​ឲ្យ​អង្គការ​សិទ្ធិមនុស្ស Amnesty International បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។
រូបឯកសារ៖ អ្នក​គាំទ្រ​របប​រាជាធិបតេយ្យ​ម្នាក់​​កាន់​បដា​មួយ ក្នុងពេល​​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាល​ពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយ​អំពាវនាវ​ឲ្យ​អង្គការ​សិទ្ធិមនុស្ស Amnesty International បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។

លោក Seksakol Atthawong ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​នាយករដ្ឋមន្ត្រី Prayut Chan-ocha នៃ​ប្រទេស​ថៃ បាន​និយាយ​ថា លោក​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ញ្ញត្តិ​មួយ​ដើម្បី​ដក​អង្គការ​សិទ្ធិមនុស្ស Amnesty International ចេញ​ពី​ប្រទេស​ថៃ ដោយសារតែ​អង្គការ​នេះ​បាន​គាំទ្រ​ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ឥទ្ធិពល​របប​រាជាធិបតេយ្យ​ដ៏​មាន​អំណាច​នៅ​ក្នុង​ប្រទេស​ថៃ។

លោក Seksakol ដែល​ជា​អនុ​រដ្ឋមន្ត្រី​ម្នាក់​នៅ​ក្នុង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ថៃ បាន​ថ្លែង​ប្រាប់ VOA កាលពី​ចុង​សប្ដាហ៍​មក​នេះ​ថា លោក​ប្រមូល​បាន​ហត្ថលេខា​ចំនួន​មួយ​លាន​នៅ​ក្នុង​ញ្ញត្តិ ដែល​លោក​បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ​មុន ហើយ​លោក​នឹង​ដាក់​ញ្ញត្តិ​នេះ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ និង​ក្រុមប្រឹក្សា​សន្ដិសុខ​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ។

លោក Seksakol បាន​ថ្លែង​ក្នុង​សម្ដី​ដើម​ជា​ភាសា​ថៃ​ថា៖ «អង្គការ [Amnesty International] នេះ​ពាក់ព័ន្ធ​នឹង​ការ​សហការ​ជាមួយ​នឹង​ក្រុម​បាតុករ ហើយ​ក្រុម​បាតុករ​នេះ​គឺ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ថៃ ក្រោម​របប​រាជាធិបតេយ្យ»។

ពាក្យ «ក្រុម​បាតុករ» នេះ​ចង់​សំដៅ​លើ​ចលនា​តវ៉ា​ដែល​ដឹកនាំ​ដោយ​យុវជន ដែល​បាន​ចាប់ផ្ដើម​ឡើង​កាលពី​ឆ្នាំ ២០១៩ ដើម្បី​ស្នើ​ឲ្យ​លោក Prayut ចុះចេញ​ពី​តំណែង ប៉ុន្តែ​ក្រោយមក ក្រុម​នេះ​បាន​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​ចំនួន ១០ ចំណុច ដែល​មាន​គោលបំណង​កាត់បន្ថយ​ឥទ្ធិពល​នយោបាយ​របស់​របប​រាជាធិបតេយ្យ។

លោក Seksakol បាន​ចាប់ផ្ដើម​បង្កើត​ញ្ញត្តិ​របស់​លោក​នេះ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន បន្ទាប់ពី​អង្គការ Amnesty International បាន​រិះគន់​សាលដីកា​របស់​តុលាការ​ធម្មនុញ្ញ ដែល​សាលដីកា​នោះ ​បាន​បញ្ជាក់​ថា ចំណុច​ទាំង ១០ ដែល​ទាមទារ​ដោយ​ក្រុម​បាតុករ​នោះ​មិនមែន​មាន​គោលបំណង​កែទម្រង់​របប​រាជាធិបតេយ្យ​នោះទេ ប៉ុន្តែ​មាន​គោលបំណង «ផ្ដួលរំលំ» របប​រាជាធិបតេយ្យ​ទាំងស្រុង ដែល​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ការពារ​មិន​ឲ្យ​មាន​ការ​រិះគន់​លើ​របប​រាជាធិបតេយ្យ។

អង្គការ Amnesty International បាន​ហៅ​សាលដីកា​របស់​តុលាការ​នោះ​ថា​ជា «ការ​ព្រមាន​ដ៏​គ្រោះថ្នាក់​មួយ» ចំពោះ​ពលរដ្ឋ​ថៃ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​ដើម្បី​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន ហើយ​ថា សាលដីកា​នោះ​អាច​នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចោទប្រកាន់​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ដែល​បញ្ចេញ​ទស្សនៈ៕

XS
SM
MD
LG