ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ថៃ​ថា​ពួកគេ​ដឹង​ថា​អ្នក​ណា​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នា​ពេល​ថ្មីៗ​នេះ


ប៉ូលិស​ថៃកំពុងនាំយកជនសង្ស័យមួយរូបដែលត្រូវបានសង្ស័យក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកកាលពីខែមុន។
ប៉ូលិស​ថៃកំពុងនាំយកជនសង្ស័យមួយរូបដែលត្រូវបានសង្ស័យក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកកាលពីខែមុន។

ប៉ូលិស​ថៃ​និយាយ​ថា ពួកគេ​ដឹង​ថា​អ្នកណា​នៅ​ពីក្រោយ​ការ​បោក​គ្រាប់​បែក​ដ៏​ប្រល័យ​ជា​បន្តបន្ទាប់​នា​ពេល​ថ្មី​នេះ ហើយ​យ៉ាង​ហោច​ណាស់​មាន​បុរស​ម្នាក់​ដែរ ត្រូវ​បាន​ឃុំ​ខ្លួន​ដើម្បី​ធ្វើ​ការ​សាកសួរ។

អ្នក​នាំ​ពាក្យ​ប៉ូលិស​ជាតិ​លោក​អគ្គ​ស្នងការ​រង Piyapan Pingmuang បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​បាងកក​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​រឿង​នេះ។ លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​នោះ​ទេ។

មន្ត្រី​អាជ្ញាធរ​ថៃ​កំពុង​ស្វែងរក​អ្នក​ដែល​ទទួល​ខុសត្រូវ​សម្រាប់​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ទ្រង់ទ្រាយ​តូច​ចំនួន ១១ ករណី ដែល​បាន​សម្លាប់​មនុស្ស​អស់ ៤ នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ទីក្រុង​ទេសចរ​សំខាន់​របស់​ប្រទេស​ថៃ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ និង​ព្រឹក​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ។

ប៉ូលិស​បាន​និយាយ​ថា ពួកគេ​មិន​ដាក់​ការ​សង្ស័យ​លើ​ក្រុម​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​អន្តរជាតិ​ថា​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នោះ​ទេ ប៉ុន្តែ​បាន​ហៅ​ការ​វាយ​ប្រហារ​ទាំង​នេះ​ថា​ជា «សកម្មភាព​បំផ្លិច​បំផ្លាញ‍» ដែល​ទំនង​ជា​ធ្វើ​ឡើង​ដោយ​ក្រុម​មនុស្ស​ដែល​មាន​គំនិត​នយោបាយ​ផ្សេង​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​នេះ​តែ​ម្ដង។ មន្ត្រី​ខ្លះ​បាន​រិះគន់​ទៅ​លើ​ក្រុម​បះបោរ​មូស្លីម​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​ត្បូង​បំផុត​របស់​ប្រទេស​ថៃ ប៉ុន្តែ​មិន​មាន​ក្រុម​ណា​មួយ​ចេញ​មក​អះអាង​ទទួល​ខុសត្រូវ​លើ​ការ​វាយ​ប្រហារ​នេះ​នោះ​ទេ។

ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​បាន​កើត​ឡើង​ចំ​ពេល​ប្រារព្ធ​ខួប​ចម្រើន​ព្រះជន្ម​ព្រះ​មហាក្សត្រី​យានី Sirikit ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​ប្រទេស​ថៃ ហើយ​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​កន្លែង​កើត​ឡើង​នៅ​ឯ​តំបន់​ទេសចរ​មាត់​សមុទ្រ ក្រុង Hua Hin ដែល​ជា​ក្រុង​ដែល​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី​យានី​ថៃ​មាន​ព្រះរាជវាំង​នៅ​ទី​នោះ។ រដ្ឋាភិបាល​យោធា​ថៃ ដែល​បាន​កាន់​អំណាច​តាំងពី​រដ្ឋប្រហារ​ឆ្នាំ ២០១៤ មក ចាត់ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​ការពារ​របប​រាជានិយម៕

XS
SM
MD
LG