នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតមិនទុកចិត្តលោកក្នុងសភាកាលពីថ្ងៃសៅរ៍ ទី២៣ ខែកក្កដា នៅក្នុងការធ្វើតេស្តធំចុងក្រោយរបស់លោកនៅមុនការបោះឆ្នោតជាតិក្នុងរយៈពេល១១ខែទៀត។
អតីតអគ្គមេបញ្ជាការកងទ័ពអាយុ៦៨ឆ្នាំ ដែលបានកាន់អំណាចតាំងពីរដ្ឋប្រហារមួយដែលលោកបានដឹកនាំកាលពីឆ្នាំ២០១៤រូបនេះ បានទទួលសំឡេងឆ្នោតគ្រប់គ្រាន់ដែលតម្រូវឱ្យមានសម្រាប់ធានានូវតំណែងលោកជានាយករដ្ឋមន្ត្រីរបស់លោករហូតដល់អាណត្តិលោកចប់នៅខែមីនា។
លោក Prayuth ទទួលបានសំឡេងឆ្នោតគាំទ្រ២៥៦និងមានសំឡេងឆ្នោតប្រឆាំងចំនួន ២០៦ ហើយមានសំឡេងឆ្នោតអនុបវាទចំនួន ៩។ ក្រុមប្រឆាំងត្រូវការសំឡេងឆ្នោតយ៉ាងហោចណាស់ចំនួន ២៣៩ ក្នុងចំណោមសំឡេងឆ្នោតសភាចំនួន ៤៧៧ ដើម្បីអាចដកលោកពីតំណែងបាន។
ក្រុមប្រឆាំងបានចោទសួរលោកនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី ១០ នាក់ក្នុងរយៈពេលបួនថ្ងៃក្នុងសភាដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍។ ពួកប្រឆាំងបានចោទប្រកាន់មន្ត្រីថៃទាំងនេះអំពីអំពើពុករលួយនិងការចាត់ចែងសេដ្ឋកិច្ចមិនល្អ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីបង្ខូចកិត្តិយសក្រុមចម្រុះដែលមានគណបក្សចំនួន ១៧ នៅមុនការបោះឆ្នោតលើកក្រោយ។
នេះជាលើកទីបួនហើយដែលការបំពេញការងាររបស់លោក Prayuth ត្រូវបានដាក់ឱ្យមានការបោះឆ្នោតដោយរដ្ឋសភា ចាប់តាំងពីរដ្ឋសភាបានជ្រើសរើសលោកឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១៩ នៅក្រោយមានការបោះឆ្នោតមួយដែលក្រុមប្រឆាំងបាននិយាយថាបានធ្វើឡើងក្រោមបទបញ្ញត្តិដែលត្រូវបានបង្កើតឡើងដើម្បីឱ្យលោកបន្ដកាន់អំណាច។ លោក Prayuth បានច្រានចោលការអះអាងនេះ។
បើតាមពួកអ្នកវិភាគនយោបាយ ទោះជាមានការស្ទង់មតិកាលពីពេលថ្មីៗនេះបង្ហាញថាប្រជាប្រិយភាពរបស់លោកថយចុះក៏ដោយ ក៏គេរំពឹងថាលោកនឹងឈ្នះឆ្នោត។ អ្នកវិភាគខ្លះយល់ថាញត្តិមិនទុកចិត្តលោកជាវិធានការមួយដោយក្រុមប្រឆាំងដើម្បីឱ្យមានការគាំទ្រពីសាធារណជននៅមុនការបោះឆ្នោតលើកក្រោយ។
លោក Prayuth មិនបានចង្អុលបង្ហាញថាការបោះឆ្នោតនឹងធ្វើឡើងនៅពេលណានៅឡើយទេ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ