នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan Ocha បាននិយាយនៅថ្ងៃអង្គារនេះថា លោកនឹងប្រកាសនៅខែកញ្ញាខាងមុខនេះអំពីថាតើលោកនឹងចូលប្រឡូកនៅក្នុងនយោបាយសម្រាប់ការបោះឆ្នោតដែលនឹងចូលមកដល់នៅឆ្នាំក្រោយដែរឬក៏យ៉ាងណានោះ។
ខែឧសភាឆ្នាំក្រោយគឺជាកាលបរិច្ឆេទថ្មីចុងក្រោយបំផុតដែលរបបយោធារបស់លោក Prayuth បានកំណត់សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅក្នុងប្រទេសថៃ។ អ្នករិះគន់សង្ឃឹមថា ការបោះឆ្នោតនេះនឹងធ្វើឲ្យប្រទេសថៃវិលទៅរករបបដឹកនាំបែបស៊ីវិលវិញ បន្ទាប់ពីស្ថិតក្រោមការដឹកនាំរបស់យោធាអស់រយៈពេលជាង ៤ ឆ្នាំមក។
ក្នុងនាមជាមេបញ្ជាការយោធា លោក Prayuth វ័យ ៦៤ ឆ្នាំ រូបនេះ បានដឹកនាំការធ្វើរដ្ឋប្រហារឆ្នាំ ២០១៤ ដើម្បីទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Yingluck Sinawatra ក្នុងគោលបំណងដើម្បីបញ្ចប់ភាពចលាចលដែលអូសបន្លាយអស់រយៈពេលជាយូរ។
ប៉ុន្តែលោកបានបង្ហាញសញ្ញាថា លោកចង់កាន់អំណាចបន្តទៀតបន្ទាប់ពីការបោះឆ្នោតឆ្នាំក្រោយ ដោយលោក Prayuth និយាយថា៖ «ប្រសិនបើខ្ញុំចង់កាន់អំណាច ខ្ញុំនឹងត្រូវមើលលើច្បាប់»។
នៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ លោក Prayuth មិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនោះទេ ដោយសារតែលោកចាំបាច់ត្រូវលាលែងពីតំណែងតាំងពីឆ្នាំ ២០១៧ ម្ល៉េះ ប្រសិនបើលោកចង់ឈរឈ្មោះបោះឆ្នោត។
ប៉ុន្តែ លោកអាចធ្វើជានាយករដ្ឋមន្ត្រីម្ដងទៀត ប្រសិនបើគណបក្សនយោបាយណាមួយជ្រើសរើសលោកឲ្យឈរឈ្មោះជាបេក្ខជននាំមុខ។
លោក Prayuth ក៏អាចត្រូវគេជ្រើសរើសឲ្យធ្វើជា «នាយករដ្ឋមន្ត្រីពីខាងក្រៅ» ផងដែរ ប្រសិនបើរដ្ឋសភា និងព្រឹទ្ធសភាតែងតាំងរូបលោក ក្នុងករណីដែលបេក្ខជនខាងគណបក្សឈ្នះឆ្នោតមិនបានទទួលសំឡេងឆ្នោតគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្ត្រីបាន៕