លោក Pita Limjaroenra អ្នកនាំមុខគេសម្រាប់តំណែងនាយករដ្ឋមន្ត្រីនៃប្រទេសថៃ បាននិយាយនៅថ្ងៃអង្គារនេះថាលោកមានការគាំទ្រគ្រប់គ្រាន់ពីព្រឹទ្ធសភាសម្រាប់តំណែងជាន់ខ្ពស់នេះ។
គណបក្សឆ្ពោះទៅមុខ(Move Forward Party (MFP)) របស់លោក Pita បានឈ្នះឆ្នោតទទួលអាសនៈច្រើនបំផុតនៅក្នុងការបោះឆ្នោតកាលពីខែមុននៅពេលក្រុមអ្នកបោះឆ្នោតបានច្រានចោលគណបក្សមានការទាក់ទិននឹងក្រុមយោធាដែលបានគ្រប់គ្រងព្រះរាជាណាចក្រនេះជិតមួយទសវត្សរ៍។
ដើម្បីឱ្យក្លាយទៅជានាយករដ្ឋមន្ត្រី លោកPita ត្រូវមានការគាំទ្រភាគច្រើនពីសភាទាំងពីរ ដោយរួមទាំងព្រឹទ្ធសភាផងដែរ ដែលសមាជិកចំនួន២៥០នាក់ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាយោធា។
ក្រុមចម្រុះរបស់លោកមានគណបក្ស៨ចូលរួមមានកៅអីទាំងអស់៣១២ក្នុងរដ្ឋសភា តែត្រូវការអ្នកគាំទ្រ៦៤នាក់ទៀត—ពីសភាណាមួយ—ដើម្បី,ឱ្យមានសំឡេងភាគច្រើន។
នៅពេលត្រូវសួរនៅថ្ងៃអង្គារនេះថាមានសមាជិកព្រឹទ្ធសភាប៉ុន្មាននាក់នឹងគាំទ្រលោក លោក Pita បានថ្លែងប្រាប់ពួកអ្នកកាសែតនៅអគាររដ្ឋសភាថា៖ «មានគ្រប់គ្រាន់ដើម្បីធ្វើឱ្យខ្ញុំក្លាយជានាយករដ្ឋមន្ត្រី»។
រដ្ឋសភាថៃមានកំណត់នឹងប្រជុំគ្នានៅថ្ងៃចន្ទក្រោយជាលើកដំបូងតាំងពីការបោះឆ្នោតមក ហើយការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីមានកំណត់នឹងធ្វើនៅពាក់កណ្តាលខែកក្កដា។
ការប្តេជ្ញារបស់គណបក្សឆ្ពោះទៅមុខថានឹងកែប្រែច្បាប់តឹងរ៉ឹងរបស់ប្រទេសថៃប្រឆាំងនឹងការប្រមាថព្រះរាជវង្សបានធ្វើឱ្យពួកអ្នកកាន់អំណាចយោធាព្រឺក្បាល។
លោក Pita បានបដិសេធថាការនិយាយស្មានៗថាគោលជំហររបស់គណបក្សលោកអំពីការកែទម្រង់ច្បាប់ប្រឆាំងនឹងការប្រមាថព្រះរាជវង្សអាចជារបាំងមួយមិនឱ្យលោកបង្កើតរដ្ឋាភិបាលបាន។
សមាជិកព្រឹទ្ធសភាមួយចំនួនបាននិយាយហើយថាពួកគេនឹងមិនបោះឆ្នោតឱ្យលោកកាន់តំណែងនាយករដ្ឋមន្ត្រីទេ៕