នៅចុងខែកក្កដា រដ្ឋាភិបាលយោធាថៃបានអនុម័តថវិកា២៣ពាន់លានដុល្លារសម្រាប់ផែនការ៨ឆ្នាំដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកជាតិ។ ការរិះគន់រដ្ឋាភិបាលហើយនឹងគោលនយោបាយរបស់រដ្ឋាភិបាល ត្រូវបានរឹតត្បិត ចាប់តាំងពីពួកអាជ្ញាធរបានចាត់ទុកការប្រឆាំងសាធារណថាជាការខុសច្បាប់។ ក៏ប៉ុន្តែអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ កំពុងព្រមានមេដឹកនាំរដ្ឋប្រហារយោធាពីការផ្តោតការយកចិត្តទុកដាក់ច្រើនពេកលើការធ្វើកំណែទម្រង់សេដ្ឋកិច្ច។
កម្មវិធីចំណាយលើហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់២៣ពាន់លានដុល្លារដែលត្រូវប្រកាសនៅចុងខែកក្កដា កត់សម្គាល់ពីជំហានមួយទៀតរបស់មេដឹកនាំរដ្ឋប្រហារយោធាថៃដើម្បីជំរុញនិងធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើង។
កម្មវិធីរយៈពេល៨ឆ្នាំ គ្របដណ្តប់ការស្តារឡើងវិញជាទ្រង់ទ្រាយធំដល់បណ្តាញផ្លូវដែកទូទាំងប្រទេស រួមមានរទេះភ្លើងលឿនដែលនៅទីបញ្ចប់ភ្ជាប់ជាមួយប្រទេសចិន ភ្ជាប់ជាមួយឆ្នេរសមុទ្រខាងកើតដែលជាតំបន់ឧស្សាហកម្មនិងតំបន់នានានៅភាគឦសាន្តរបស់ថៃ។
លោកស្រី Luxman Attapich សេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និយាយថា ផែនការនោះបង្ហាញពីរបៀបពួកអាជ្ញាធរកំពុងប្រុងប្រៀបរៀបចំសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលចាប់ផ្តើមនៅឆ្នាំ២០១៥ និងចាប់ផ្តើមបំបាត់ឧបសគ្គពាណិជ្ជកម្មដើម្បីធ្វើឲ្យប្រសើរឡើងនូវការភ្ជាប់សេដ្ឋកិច្ចក្នុងចំណោមប្រទេសជាតិនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកស្រីថ្លែងថា៖ «រដ្ឋបាលយោធានិងទីប្រឹក្សារបស់ពួកគេ ប្រាកដជាឲ្យតម្លៃពីការភ្ជាប់គ្នាទាំងនេះ។ វាមិនមែនត្រឹមតែសហគមន៍សេដ្ឋកិច្ចអាស៊ានទេ ក៏ប៉ុន្តែ នៅពេលដែលពួកគេ ពិភាក្សាពីតំបន់សេដ្ឋកិច្ចព្រំដែនហើយការភ្ជាប់ជាមួយទំនាក់ទំនងដែលមិនទាន់មានជាមួយប្រទេសជិតខាងហើយក៏ពិភាក្សាពីផ្លូវរថភ្លើងនេះភ្ជាប់ជាមួយប្រទេសចិន ដូច្នេះវាប្រាកដជាហួសពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។ ពួកគេកំពុងគិតអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ហើយនឹងភ្ជាប់គ្នានៅក្នុងតំបន់»។
ចាប់តាំងពីការរឹបអូសយកអំណាចកាលពីថ្ងៃទី២២ខែឧសភា បន្ទាប់ពីការចលាចលខាងនយោបាយ ពួកយោធាបានបង្កើនចំណងទាក់ទងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន ហើយកំពុងស្វែងរកការបង្កើនការនាំចេញខាងកសិកម្ម ជាពិសេសអង្ករនៅក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។
រដ្ឋាភិបាលស៊ីវិលមុនរបស់លោកស្រីនាយករដ្ឋមន្រ្តី Yingluck Shinawatra ក៏បានចាប់ផ្តើមសេចក្តីព្រាងច្បាប់ការចំណាយវិស័យដឹកជញ្ជូនដែរ។ ក៏ប៉ុន្តែ កម្មវិធីដែលមានតម្លៃ៦៥ពាន់លានដុល្លារនោះ បានទទួលរងការរិះគន់ពីការខ្វះតម្លាភាពហើយក្រោយមក តុលាការបានចាត់ទុកជាមោឃៈផែនការនោះ។
លោក Adrian Dunn នាយកប្រតិបត្តិរបស់ក្រុមហ៊ុនគ្រប់គ្រងវិនិយោគទុន Brooker Dunn Asset Advisory បានប្រាប់សន្និសីទសេដ្ឋកិច្ចមួយថា មនុស្សជាច្រើន សង្ឃឹមថា ពួកយោធា នឹងធ្វើឲ្យប្រាកដថា មានតម្លាភាពឡើងនៅក្នុងការត្រួតពិនិត្យគម្រោងនានា។
លោកនិយាយថា៖ «អ្វីដែលមនុស្សម្នា កំពុងដឹងខ្លួនគឺថា តាមពិតយោធាទាំងនោះ អាចមានផែនការសមហេតុសមផលខ្លះសម្រាប់សេដ្ឋកិច្ចនោះ ហើយថា អ្នកប្រាកដអាចចំណាយតិចជាង២០ភាគរយលើហេដ្ឋារចនាសម្ព័ន្ធហើយ ទទួលបាន១០ភាគរយថែមទៀត ប្រសិនបើពួកគេមិនចំណាយ៤៥ភាគរយដើម្បីសូកប៉ាន់នោះទេ»។
ពួកយោធាបានចាត់ទុកសេដ្ឋកិច្ចជាអាទិភាពបន្ទាប់ពីប្រទេសថៃបានធ្លាក់ចូលក្នុងស្ថានភាពឱនភាពសេដ្ឋកិច្ចនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០១៤នៅពេលដែលទំនុកចិត្ត បានធ្លាក់ចុះពេលដែលមានជម្លោះខាងនយោបាយហើយនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាល។
ក៏ប៉ុន្តែ លោក Korn Chatikavanij អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៅក្រោមរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និយាយថា ការងារសំខាន់របស់មេដឹកនាំរដ្ឋប្រហារយោធា ត្រូវធ្វើឲ្យប្រាកដថា មានស្ថេរភាពខាងនយោបាយជាជាងសេដ្ឋកិច្ច មុនពេលការបោះឆ្នោតទូទៅមួយ។
លោកអតីតរដ្ឋមន្ត្រីពន្យល់ថា៖ «មានការប៉ុនប៉ងយ៉ាងធំទាំងវិស័យឯកជននិងអ្នកដែលកាន់អំណាចដើម្បីព្យាយាមជំរុញឲ្យប្រភេទគម្រោងធំទាំងនេះជោគជ័យ។ នេះជាការណ៍ល្អ ក៏ប៉ុន្តែ ខ្ញុំគិតថា វាមិនមែនជាការប្រើប្រាស់ពេលវេលារបស់ពួកគេប្រកបដោយផ្លែផ្កានោះទេ។ ខ្ញុំមិនគិតថា ការងាររបស់ពួកគេសម្រាប់ធ្វើសេចក្តីសម្រេចខាងសេដ្ឋកិច្ចទេ ការងាររបស់ពួកគេត្រូវកែតម្រូវប្រព័ន្ធនយោបាយដែលមិនមានដំណើរការ»។
ក៏ប៉ុន្តែ យោធាកំពុងជំរុញឲ្យមានការចំណាយរួមទាំងផែនការការទិញក្បាលរថភ្លើងថ្មី ការកែលម្អផ្លូវជាតិ Highway ហើយនឹងការស្ថាបនាផ្លូវរថភ្លើងដើរដោយអគ្គីសនីនៅក្នុងរាជធានីបាងកកផង៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន